(កណ្តាល)៖ ក្នុងពិធីសម្ពោធសមិទ្ធផលនានា និងបញ្ចុះបឋមសិលាសាងសង់សាលាពុទ្ធិកបឋមសិក្សា ក្នុងវត្តកោះចូរ៉ាម ស្ថិតក្នុងឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក ហ៊ុន ម៉ាណែត បានប្រាប់ទៅមន្ដ្រីមូលដ្ឋានឲ្យខំពង្រឹងចំណុចសកម្ម ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយខិតខំកាត់បន្ថយចំណុចអសកម្ម ដើម្បីបម្រើប្រជាពលរដ្ឋឲ្យបានល្អ។
លោក ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា «សូមថ្លែងអំណរគុណក្រុមការងារ មន្រ្តីរាជការអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលខិតខំបម្រើប្រជាពលរដ្ឋ។ បើទោះបីយើងនៅមានចំណុចអសកម្មខ្លះ ប៉ុន្តែយើងមានចំនុចសកម្មច្រើន យើងខំពង្រឹងចំណុចសកម្ម ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយខិតខំកាត់បន្ថយចំណុចអសកម្ម ដើម្បីបម្រើប្រជាពលរដ្ឋឲ្យបានល្អ»។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នេះគឺជាអ្វីដែលសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានអំពាវនាវ និងជំរុញឲ្យមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ខិតខំយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋឲ្យបានល្អ ព្រោះប្រជាពលរដ្ឋគឺជាម្ចាស់ប្រទេស ម្ចាស់ឆ្នោតដែលបានប្រគល់សិទ្ធិឲ្យមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ដឹកនាំស្ថាប័នរបស់ខ្លួន ដើម្បីបម្រើប្រជាពលរដ្ឋឲ្យបានល្អ។
លោកក៏សូមថ្លែងអំណរគុណប្រជាពលរដ្ឋទាំងអស់ នៅក្នុងស្រុកខ្សាច់កណ្ដាល ដែលជានិច្ចកាលបានគាំទ្រការដឹកនាំរបស់សម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា។ នេះកើតឡើងដោយការជឿទុកចិត្ត នឹងផ្ដល់យុត្តិធម៌ដល់សម្ដេចតេជោ និងក្រុមការងារនៃគណបក្សប្រជាជនកម្ពុជា និងអាជ្ញាធរដែលចុះជួយ នឹងដោះស្រាយជូនប្រជាពលរដ្ឋ។
លោកថា «ដូច្នេះអ៊ុពូមីងបោះឆ្នោតគឺមិនខុសទេ គឺជ្រើសរើសអ្នកដឹកនាំដែលមានការទទួលខុសត្រូវ ជាថ្នាក់ដឹកនាំដែលធ្វើបុណ្យជាមួយប្រជាពលរដ្ឋ គឺសម្តេចតេជោ និងគណបក្សប្រជាជននឹងហើយ។ សូមប្រជាពលរដ្ឋជឿទុកចិត្តចុះសម្តេចតេជោ មិនដែលរត់ចោលប្រជាពលរដ្ឋនោះទេ គឺទឹកចិត្តនៅតែជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលាទាំងអស់»។
លោកបន្ដថា បច្ចុប្បន្នប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស មានភាពស្មើមុខស្មើមាត់ មានមោទនភាពចំពោះជាតិ ដែលយើងរួមគ្នាបានកសាងប្រទេសបានរីកចម្រើន និងមានអ្វីៗដូចសព្វថ្ងៃនេះ។ ប៉ុន្តែយើងកសាងបានប៉ុណ្ណេះ មិនទាន់ចប់ទេ មិនទាន់គ្រប់គ្រាន់នៅឡើយទេ យើងត្រូវរួមគ្នាកសាងបន្ថែមទៀតឲ្យកាន់តែរីកចម្រើន និងឲ្យកាន់តែសម្បូរសប្បាយតទៅទៀត។ ដែលនេះហើយគឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ក្នុងពិធីនេះផងដែរ លោក ហ៊ុន ម៉ាណែត បានថ្លែងថា «យើងជួបជុំនៅថ្ងៃនេះ គឺយើងសប្បាយរីករាយដើម្បីសម្ពោធសមិទ្ធផល ដោយមិនភ័យព្រួយពីការបែកបាក់ ដូចកាលពីជាង៤០ឆ្នាំមុន ហើយយើងបន្តកសាងតទៅទៀត ដើម្បីកុំឲ្យមនុស្សជំនាន់ក្រោយលំបាកដូចមនុស្សជំនាន់មុន»។
លោកបន្ដថា «ប្រជាពលរដ្ឋធ្លាប់តែបែកបាក់គ្នា ប៉ុន្តែថ្ងៃនេះយើងរួមគ្នា យើងជួបជុំគ្នាអបអរសាទរសម្ពោធសមិទ្ធផល។ ហើយខ្ញុំជឿថា ព្រលឹងបុព្វបុរសខ្មែរយើងក៏សប្បាយចិត្តដែរ ដែលឃើញកូនចៅអត់បែកបាក់គ្នា អត់ស្លាប់ដោយសារសង្គ្រាម និងរួមគ្នាកសាងសមិទ្ធិផលបន្ថែម»។
លោក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការសម្ពោធសមិទ្ធផលនៅក្នុងវិស័យសាសនា គឺសំខាន់ណាស់ បើសង្គមមួយគ្មានសាសនា គឺពិបាករស់នៅ គ្មានសុខដុមនីយកម្មនោះទេ គឺបំផ្លិចបំផ្លាញរលំរលាយដូចសម័យ ប៉ុល ពត ជាដើម។ ប៉ុន្តែក្រោយឆ្នាំ ១៩៧៩ យើងបានសម្បូរសប្បាយ ហើយវិស័យសាសនាបានចូលរួមកសាងប្រទេសជាតិច្រើនណាស់។
លោកបន្ថែមថា «បើយើងគ្មានសុខសន្តិភាពផ្លូវចិត្ត គ្មានធម៌អារ យើងប្រកាប់ចាក់គ្នាឥតឈប់ទេ ហើយបើយើងគ្មានគំនិតចែករំលែក និងគ្មានការចូលរួមនោះទេ យើងមិនអាចកសាងសមិទ្ធផលនេះបានឡើយ។ ខ្ញុំសូមថ្លែងអំណរព្រះគុណចំពោះព្រះសង្ឃគ្រប់ព្រះអង្គ និងអរគុណប្រជាពលរដ្ឋដែលបានកសាងនូវសមិទ្ធផលបន្ថែម ដើម្បីបំពេញសេចក្តីត្រូវការខាងព្រះពុទ្ធសាសនា»។
លោកបានបញ្ជាក់ថា យើងរួមគ្នា យើងសម្បូរសប្បាយ ប្រទេសមានសុខសន្តិភាព យើងមានសិទ្ធិសេរីភាព នៅក្នុងការដើរហើរ មានការគោរពសាសនគ្រប់បែបយ៉ាង ហ្នឹងហើយគឺជាអ្វីដែល ប្រជាពលរដ្ឋចង់បាន។ កាលពីជំនាន់ប៉ុល ពត គឺគ្មានអ្វីទាំងអស់។ ហើយអ្វីដែលប្រជាពលរដ្ឋចង់បាន គឺការដឹកនាំប្រទេសដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន កាន់តែមានសេចក្តីសុខសប្បាយ គឺដោះស្រាយនូវអ្វីដែលប្រជាពលរដ្ឋចង់បាន។
លោកថា ការដឹកនាំប្រទេស គឺមិនអាចជប់បាននោះទេ យើងកសាងប្រទេសតាំងពីបាតដៃទទេ យើងរួមគ្នាកសាងរីកចម្រើនបន្តិចម្ដងៗ មកដល់ម៉ោងនេះ។ អ្វីដែលសំខាន់រាជរដ្ឋាភិបាល បានបង្កលក្ខណៈគ្រប់បែបយ៉ាងដើម្បី បង្កើនកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ មន្ត្រីរាជការ បង្កើតឱកាសការងារផ្សេងៗ សម្រាប់កូនចៅប្រជាពលរដ្ឋ។ នេះហើយគឺជាការដឹកនាំប្រទេស ក្នុងការធ្វើបុណ្យជាមួយប្រជាពលរដ្ឋ។
សូមជម្រាបថា វត្តកោះចូរ៉ាម គឺជាវត្តមួយក្នុងចំណោមវត្តទាំង៤១ ក្នុងស្រុក មានទីតាំងស្ថិតនៅភូមិលើ ឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានទំហំដី ២ហិកតា ចម្ងាយ៣០គីឡូម៉ែត្រ ពីទីរាជធានីភ្នំពេញ និង៤០ គីឡូម៉ែត្រ ពីទីរួមខេត្តកណ្តាល។ វត្តនេះ ត្រូវបានចាប់ផ្តើមកសាងដំបូងនៅក្នុងឆ្នាំ១៨៣១ ដោយពុទ្ធបរិស័ទ ចលនារួបរួមគ្នានឹងព្រះសង្ឃ។
រហូតមកដល់បច្ចុប្បន្ននេះ វត្តកោះចូរ៉ាម មានអាយុ ១៨៧ ឆ្នាំ ដោយបានឆ្លងកាត់ព្រះចៅអធិការចំនួន ០៧ អង្គ។ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ - ០៧ មករា ១៩៧៩) វត្តអារាម ហេដ្ឋារចនាសម្ព័ន្ធ វប្បធម៌ ប្រពៃណី ជំនឿសាសនា ត្រូវបានបំផ្លាញទាំងស្រុង។
ដោយឡែក វត្តកោះចូរ៉ាម ត្រូវពួកខ្មែរក្រហមបិទទ្វារក្លាយ ជាទីរហោស្ថានស្ងាត់ជ្រងំ ក្នុងនោះព្រះសង្ឃក្នុងវត្តត្រូវពួកវាចាប់ផ្សឹក និងបង្ខំឲ្យធ្វើការយ៉ាងធ្ងន់ធ្ងរ ហើយសមិទ្ធផលនានា ត្រូវបានបំផ្លិចបំផ្លាញស្ទើរគ្មានសល់៕