(ភ្នំពេញ)៖ រឿងរ៉ាវខ្សែជីវិតដ៏សែនកម្សត់នៃការប្រាត់ប្រាស់កូនប្រុសដំបូងជាទីស្រឡាញ់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរសម្តែងការសង្វេគ អាណិតអាសូរជាពន់ពេកជាមួយនឹងសម្តេចទាំងទ្វេ។
មិនខុសពីបណ្តាឆ្នាំកន្លងទៅនោះទេ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលខួប ៤២ឆ្នាំនៃការទទួលមរណភាពរបស់កូនប្រុសដំបូង និងជាទីស្រឡាញ់នៅក្នុងអាវខ្មៅដ៏យង់ឃ្នងនោះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញសាររៀបរាប់រំលឹកពីប្រវត្តិដ៏សែនជូរចត់គ្មានអ្វីមកកាត់ថ្លៃបានមួយនេះ។ នៅក្នុងសារដ៏សែនក្តុកក្តួលបង្ហាញពីទំហំចិត្តនៃក្តីស្រឡាញ់ ការស្តាយស្រណោះរបស់លោកឪពុកមួយរូបនេះ បានធ្វើឲ្យប្រជាពលរដ្ឋលេងបណ្តាញសង្គម Facebook បានចុចសញ្ញា «បង្ហូរទឹកភ្នែក» រហូតដល់ជាង ២០ម៉ឺននាក់ ហើយមានអ្នកចែករំលែករហូតដល់ជិត ៧ពាន់នាក់ផងដែរ។
ជាមួយការចុចសញ្ញា «បង្ហូរទឹកភ្នែក» ដែលបង្ហាញការចូលរួមរំលែកទុក្ខ និងស្តាយស្រណោះចំពោះការបាត់បង់ដ៏ធំធេង ក៏ដូចជាការចុចចែករំលែកទៅ គេក៏ឃើញមានអ្នកបញ្ចេញមតិយោបល់រហូតដល់ទៅជា ៧០០ផងដែរ។ ក្នុងមតិយោបល់នោះ ប្រជាពលរដ្ឋខ្មែរ បានសម្តែងការសោកស្តាយ រំលែកមរណៈទុក្ខ ខ្លះទៀត ក៏បានបួងសួងឲ្យវិញ្ញាណក្ខន្ធ «ហ៊ុនកំសត់» បានទៅកាន់សុគតិភពជាដើម។
ពលរដ្ឋម្នាក់ឈ្មោះ Keng Bunna បានសរសេររៀបរាប់ថា «ទឹកចិត្តឪពុកចំពោះកូនៗ ស៊ូលំបាកគ្រាំគ្រាកាយ ចិត្ត និងបរិច្ចាគសេចក្តីសុខផ្ទាល់ខ្លួនដើម្បីអនាគតបុត្រា បុត្រី។ ធ្វើម្តេច កំសត់ កើតចំពេលរបបដ៏ព្រៃផ្សៃយង់ឃ្នងបំផ្លាញពូជសាសន៍ឯង ក៏ប៉ុន្តែសម្តេចបានបង្កើតនូកំណើតជីវិតដល់មនុស្សជំនាន់ថ្មីរាប់លាននាក់បានយ៉ាងល្អប្រសើរ តួយ៉ាងមានដូចជារូបខ្ញុំបាទផ្ទាល់ បងប្អូនខ្ញុំ មិត្តភក្តិ និងយុវជនខ្មែរគ្រប់រូប បានទទួលនូវអនាគតដ៏ភ្លឺត្រចះត្រចង់ ដែលយើងខ្ញុំសូមចាត់ទុកសម្តេចជា លោកឪពុក និងអ្នកម្តាយទី២ របស់ខ្ញុំ ។ យើងខ្ញុំជាមនុស្សជំនាន់ថ្មីនេះនឹងមិនបំភ្លេចនូវ គុណូបការៈដ៏ថ្លៃថ្លានេះបានដែរ។ យើងខ្ញុំទាំងអស់គ្នាសូមរក្សានូវភាពកក់ក្តៅរបស់សម្តេចក្នុងនាមជាលោកឪពុក អ្នកម្តាយដ៏មានគុណនេះជារៀងរហូត»។
លោក Piseth Jupiter បានលើកឡើងថា «ទឹកចិត្តឪពុកម្តាយពិតជាសោកស្តាយណាស់។ នេះហេីយជីវិត្តអ្នកតស៑ូ រំដោះជាតិ អគុណសម្តេចដែលនាំសន្តិភាពជូនជាតិមាតុភូមិ និងសូមចូលរួមសោកស្តាយជាមួយសម្តេចទាំងទ្វេផងព្រមទាំងសូមឲ្យដួងវិញ្ញាណរបស់បងហ៊ុនកំសត់បានទៅកាន់សុខគតិភព»។
លោក Nao Thuok បានសរសេរថា «ប្រជាជនកម្ពុជាទាំងមូល សូមចូលរួមរំលែកមហាទុក្ខដ៏ក្រៀមក្រំនេះ ជាមួយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ និងបួងសួងដល់វត្ថុសក្តិសិទ្ធិក្នុងលោក សូមជួយបីបាច់ថែរក្សាសម្តេចទាំងទ្វេ និងក្រុមគ្រសារ សូមបានប្រកបដោយក្តីសុខ ចម្រើននិងសុភមង្គលគ្រប់ប្រការ ដើម្បីបន្តដឹកនាំកសាងនិងអភវឌ្ឍមាតុភូមិកម្ពុជា ឱ្យកាន់តែរីកចម្រើនជឿនលឿនថែមទៀត»។
លោក Chandararith To បានលើកឡើងថា «វីរបុរសជាតិ មាតុប្រទេសកម្ពុជា និងខ្មែរទាំងមូលនឹងចារឈ្មោះសម្តេចអ៊ំទាំងពីរក្នុងប្រវត្តិសាស្រ្តទុកសម្រាប់កូនចៅជំនាន់ក្រោយអោយបានដឹងនូវជីវប្រវត្តិនៃវីរភាពដ៏អស្ចារ្យមិនអាចកាត់ថ្លៃបាន។ សម្តេចជានិមិត្តរូបក្នុងចិត្តក្មួយអស់មួយជីវិត»។
លោក នៅ បញ្ញា បានរៀបរាប់ថា «សម្តេចបានយកជីវិតធ្វើដើមទុនក្នុងការរំដោះជាតិ ហើយបានបាត់បង់បុត្រម្នាក់ទៀត, តើយុវជនជំនាន់ក្រោយយើងត្រូវមើលរំលងវីរភាពគាត់ ឬយ៉ាងណា? សម្រាប់ខ្ញុំ សម្តេចតេជោ ជាទេវតាម្នាក់ដែលបានចាត់តាំងឱ្យមកសង្គ្រោះកម្ពុជា ហើយរូបខ្ញុំបាទនឹងគោរព ដើរតាមមាគ៌ាដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ»។
លោក Chetravuth បានសរសេរថា «ខ្ញុំអានសំនេរសម្តេចពុកបណ្តើរស្រក់ទឹកភ្នែកបណ្តើរ។ កំសត់ខ្លាំងណាស់នឹងការតស៊ូរលះបង់របស់សម្តេចពុកជាគុណនូបការះដ៏ធំធេងគ្មានអ្វីមកកាត់ថ្លេៃស្មើពុំបាននឹងដិតជាប់ក្នុងចិត្តប្រជាជនកម្ពុជាគ្រប់រូបសូមជូនពរសម្តេចពុកនឹងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតព្រមទាំងបុត្រាបុត្រីចៅប្រុសចៅស្រីក្រុមគ្រួសារសម្តេចពុកទទួលបានសុខភាពល្អនឹងបន្តដឹកនាំអភិវឌ្ឍន៍ប្រទេសអោយកាន់តែរីកចម្រើន»។
ក្រៅសារដែលបានដកស្រង់ខាងលើ គឺនៅមានប្រជាពលរដ្ឋខ្មែរជាច្រើនទៀត បានចេញមកបង្ហាញអារម្មណ៍សោកស្តាយ ហើយក៏បានអរគុណចំពោះវីរភាពរបស់សម្តេចតេជោ ហ៊ុន សែន បានតស៊ូលះបង់សព្វបែបយ៉ាង ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។ ជាពិសេសការប្រឹងប្រែងតស៊ូរំដោះមកវិញនូវអាយុជីវិត និងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរ ពីរបបប្រល័យពូជសាសន៍ប៉ុលពត។
ខាងក្រោមគឺជាការរៀបរាប់បង្ហាញទំហំនៃការឈឺចាប់ដោយសារតែបាត់បង់កូនប្រុសដំបូង របស់សម្តេចតេជោ ហ៊ុន សែន៖
«ការឈឺចាប់ដែលមិនអាចបំភ្លេចបាន»!
ពុក និងម៉ែកូន មិនដែលភ្លេចទេនូវសោកនាដកម្ម ដែលបានកើតឡើងចំពោះរូបកូន ព្រមទាំងពុក និងម៉ែនោះទេ។ ការរៀបចំឡើងនូវផ្នូររបស់កូន និងចម្រៀង «អនិច្ចារកូនកំសត់ប្រវត្តិម្ដាយកម្ម» «ទំនួញកំសត់ប្រវត្តិវិទ្យាល័យ» និង «ព្រលឹងកំសត់» ដែលពុកម៉ែបានធ្វើឡើង ក្នុងបំណងរំលឹកដល់វិញ្ញាណក្ខន្ធកូន និងការឈឺចាប់នាពេលនោះ។
ពុកនៅចាំបានយ៉ាងច្បាស់ថា ក្រោយម៉ោង៦ព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ១៩៧៦ ក្រោយពេលកូនប្រសូត្រចាកផ្ទៃម្តាយកូន គ្រូពេទ្យបានធ្វើឱ្យកូនរបូតធ្លាក់ពីដៃ ត្រូវនឹងជ្រុងគ្រែធ្វើឱ្យកូនបាក់ឆ្អឹងខ្នង ធ្លាក់ដល់ដីគាប់ជួនពុកបានធ្វើដំណើរពីភូមិ ក្តុល ឃុំទន្លូង ទៅដល់មន្ទីរពេទ្យតំបន់ដែលតាំង នៅអតីតអនុវិទ្យាល័យស្រុកមេមត់។ ម្តាយកូនឆ្លងទន្លេម្នាក់ឯង ដោយមិនមានពុកនៅមើលថែទេ។ ពុកមិនបានបំពេញការងារជាប្តី ជាឪពុកទេ ព្រោះពេលនោះមិនថាតែពុកនោះទេ គឺប្រជាជនទូទាំងប្រទេស មានសិទ្ធិតិចជាងសត្វឆ្កែ ឬឆ្មាទៅទៀត។ ឆ្កែ ឆ្មាវាមានសិទ្ធិការពារកូនវាច្រើនជាងមនុស្ស។ តែដូចទេវតាបានជួយរៀបចំ ឱ្យពុកបានធ្វើដំណើរជាមួយ មេបញ្ជាការទៅកាន់ស្រុកត្បូងឃ្មុំនាពេលនោះ ដែលពុកមានឱកាសចូលមើល ម្តាយកូននៅមន្ទីរពេទ្យប្រចាំស្រុកមេមត់។
ភាពតក់ស្លុតបានកើតឡើង ចំពោះរូបពុកនៅពេលដែល ពុកឈានជើងចូលដល់មន្ទីរពេទ្យ ហើយត្រូវអ្នកជម្ងឺដែល សម្រាកជាមួយម្តាយកូនស្រែកប្រាប់ថា «រ៉ានីឆ្លងទន្លេ ហើយកូនស្លាប់ហើយ»។ ពុកប្រឹងរត់ទៅរកកូនឃើញឈាមកូន កំពុងហូរចេញតាមមាត់ ពុកប្រឹងស្រែកឱ្យគេជួយ ដើម្បីសង្គ្រោះជីវិតកូន ក្នុងពេលដែលម្តាយកូនសន្លប់មិនទាន់ដឹងខ្លួន និងមិនទាន់ដឹងថា កូនស្លាប់នៅឡើយ អាស្រ័យដោយនៅបន្ទប់នៅផ្សេងគ្នា។
ពុកអត់ធ្វើអ្វីបានទេកូន ពុកបានសុំមេបញ្ជាការឃោរឃៅ ដើម្បីយកសពកូនទៅកប់នឹងនៅមើលថែទាំ ម្តាយកូនក្រោយឆ្លងទន្លេ។ មិនត្រឹមតែមិនបានទទួល ការអនុញ្ញាតប៉ុណ្ណោះទេ តែពុកត្រូវរងនូវការប្រមាថយ៉ាងធ្ងន់ធ្ងរទៀតផង «កម្មសិទ្ធិមនោសញ្ចេតនាក្រាស់» «មិត្តឯងមិនមែនគ្រូពេទ្យទេ» «បើមិត្តឯងនៅ ក៏អាកូននេះមិនរស់ឡើងវិញដែរ» «មានពេទ្យយកខ្មោចកូននេះ ទៅកប់ហើយ មិនបាច់កប់ខ្លួនឯងទេ» «ការងារអង្គការសំខាន់ជាងការងារបុគ្គល» ។ល។
ឈឺចាប់ណាស់កូន តែពុកត្រូវទ្រាំអត់ធ្មត់ ព្រោះការងារដែលពុកត្រូវធ្វើ គឺរំដោះប្រជាជនកម្ពុជាទូទាំងប្រទេស ចេញពីរបបឃោរឃៅនេះ។ ពុកពុំមានអ្វីផ្តល់ឱ្យកូនក្រៅតែពីក្រម៉ា១ ដែលដោះចេញពីកពុក ដើម្បីរុំខ្មោចកូននោះទេ។ ពុកខំប្រឹងទៅរកម្តាយកូន ដែលទើបដឹងខ្លួនបន្ទាប់ពីសន្លប់ ហើយប្រាប់គាត់ថា កូនស្លាប់ហើយនឹងដាក់ឈ្មោះកូនថា «កំសត់»។ ឈ្មោះនេះនៅជាប់ជានិច្ចក្នុងវិញ្ញាណពុក ហើយកូន កំសត់នេះហាក់តាមថែរក្សាពុកម៉ែគ្រប់ពេលវេលា។
ពួកគេបង្ខំឱ្យពុកចាកចេញ ពីម្តាយកូន និងខ្មោចកូនទាំងការឈឺចាប់ជាមួយ ទឹកភ្នែករាប់ម៉ឺនដំណក់។ ៣ថ្ងៃក្រោយមកទើបពុក បានការអនុញ្ញាតទៅជួបម្តាយកូនសារជាថ្មី ដែលកំពុងមានជម្ងឺជាទម្ងន់ ដែលខ្មែរយើងនិយមហៅថា «សល់សុក»។ ពុកត្រូវយកម្តាយកូនចេញពីពេទ្យ ដើម្បីឱ្យឆ្មបបូរាណខ្មែរកាយទម្លាក់សុកចេញ ទើបសង្គ្រោះជីវិតម្ដាយកូនបាន។ ពុកសុំទោសកូន ដែលពុកមិនដឹងថា សាកសពកូនគេយកទៅកប់ ឬបោះចោលនៅទីណា ព្រោះការងារបន្ទាន់របស់ពុក គឺត្រូវយកម្តាយកូនចេញពី មន្ទីរពេទ្យទៅព្យាបាលតាមបែបបូរាណវិញ។ ពុកពុំមានពេលស្វែងរកសាកសពកូន នៅពេលនោះទេ សង្ឃឹមថាកូនយោគយល់ ហើយមកនៅផ្នូរដែលពុកម៉ែ បានសាងសង់សំរាប់កូនតាំងពីទសវត្សឆ្នាំ១៩៨០មក។
រៀងរាល់ពេលដែលពុកនឹក ដល់រឿងដ៏ឈឺចាប់នេះ ទឹកភ្នែកពុកតែងតែហូរចេញមក នេះជាទឹកភ្នែកនឹកដល់កូនកំសត់ ជាទឹកភ្នែកនឹកដល់ការឈឺចាប់លើស ពីការអត់ធ្មត់បានរបស់មនុស្ស ជាទឹកភ្នែកនឹកដល់ប្រជាជនកម្ពុជា រាប់លាននាក់ដែលត្រូវពួកប៉ុលពត សម្លាប់ និងធ្វើបាបដូចក្រុមគ្រួសារយើងដែរ។
កន្លងមកប្អូនប្រុសប្អូនស្រី និងក្មួយៗរបស់កូនបានទៅដល់ផ្នូរកូន ហើយពុកម៉ែក៏បានរៀបចំបង្សុកូលឱ្យ កូនផងដែរ។ កូន កំសត់ សូមព្រលឹងកូនបន្តតាមថែរក្សាពុក ម៉ែ ប្អូនៗ និងក្មួយៗរបស់កូនតទៅទៀត៕