(ប៉ារីស, បារាំង)៖ នៅល្ងាចថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅនេះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋបារាំង បានប្រារព្វពិធីអបអរសាទរខួបអនុស្សាវរីយ៍លើក៦៥ នៃទិវាបុណ្យឯករាជ្យជាតិ០៩ វិច្ឆិកា នៅនិវេសនដ្ឋានឯកអគ្គរាជទូត នៅទីក្រុងប៉ារីស។
ក្នុងកម្មវិធីដ៏ថ្លៃថ្លានេះ មានការផ្ដល់កិត្តិយសចូលរួមពីសំណាក់លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាតំណាងដ័ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងភរិយា ដើម្បីចូលរួមក្នុងវេទិកាសន្តិភាពពិភពស្ដីពីការបញ្ចប់សង្រ្គាមលោកលើកទី ១ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងប៉ារីស នៅថ្ងៃទី ១០-១១ ខែ វិច្ឆិកា ឆ្នាំ ២០១៨។
ភ្ញៀវកិត្តិយសពីសំណាក់ប្រទេសម្ចាស់ផ្ទះ តំណាងជូនរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំងមានលោក Maurice GOURDEAU-MONTAGNE អគ្គលេខាធិការក្រសួងអឺរ៉ុប និងការបរទេសបារាំង (Le Quai d’Orsay) អមដំណើរដោយលោក Thierry MATOU ប្រធាននាយកដ្ឋានកិច្ចការអាស៊ី-អូសេអានីនៃក្រសួងការបរទេសបារាំង លោកស្រី Agnès HUMRUZIAN អនុប្រធាននាយកដ្ឋានកិច្ចការអាស៊ី-អូសេអានី និងលោក Hugo WAVRIN អ្នកកាន់ការប្រទេសកម្ពុជា នៅក្រសួងការបរទេសបារាំងផងដែរ។
ទន្ទឹមនឹងនេះដែរ ក្នុងចំណោមភ្ញៀវបារាំង មានតំណាងក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងអប់រំ សាលាបារាំងមជ្ឈឹមបូព៌ា សារមន្ទីរ Guimet ដែលតាំងវត្ថុបូរាណខ្មែរ និងសង្កាត់ទី៧។
ឯកអគ្គរាជ-រដ្ឋទូតម៉ាឡេស៊ី ជាប្រធានបច្ចុប្បន្ននៃគណៈកម្មាធិការអាស៊ានទីក្រុងប៉ារីស និងឯកអគ្គរដ្ឋទូត ភារធារីស្ដីទីនៃប្រទេសអាស៊ានផ្សេងទៀត ព្រមទាំងឯកអគ្គរាជ-រដ្ឋទូតនៃប្រទេសជាមិត្ត មានដូចជា ជប៉ុន សាធារណរដ្ឋកូរ៉េ អារ៉ាប់ប៊ីសាអ៊ូឌីត ព័រទុយហ្គាល់ សាធារណរដ្ឋឆែក អែលសាវ៉ាឌ័រ សហរដ្ឋអាមេរិក និងទុយនេស៊ី ក៏បានអញ្ជើញចូលរួមក្នុងពិធីនេះផងដែរ។ អង្គពិធីទាំងមូលមានអ្នកចូលរួមជាង ២៥០នាក់ ដោយមានវត្តមានច្រើនកុះករនៃសមាគមន៍ខ្មែរ និងសមាគមខ្មែរ-បារាំង។
ក្នុងសង្កថាអបអរសាទរទិវាដ៏ប្រពៃខាងលើ ឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសបារាំង លោក ចែម វីឌ្យ៉ា បានគូសបញ្ជាក់ពីប្រវត្តិ និងបច្ចុប្បន្នភាព ព្រមទាំងសារសំខាន់នៃទំនាក់ទំនងទ្វេរភាគី កម្ពុជា-បារាំង ដែលមានអាយុកាល ១៥៥ឆ្នាំ (១៨៦៣-២០១៨) ដែលបានអនុញ្ញាតព្រះរាជាណាចក្រកម្ពុជាបានរៀបចំកសាងស្ថានប័នរដ្ឋយ៉ាងរឹងមាំតាមបែបផែននីតិរដ្ឋ។
លោកឯកអគ្គរាជទូត បានរំឮកពីការដណ្ដើមយកឯករាជ្យដោយសន្តិវិធីតាមរយៈព្រះរាជបូជនីយកិច្ចនៃអតីតព្រះមហាវីរៈក្សត្រ ព្រះករុណា ព្រះបរមរតនៈកោដ្ឋ ដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្តរបស់ប្រធានាធិបតីបារាំងពីររូបនៅកម្ពុជា គឺលោកឧត្តមសេនីយ៍ Charles De GAULLE កាលពីដើមខែកញ្ញា ឆ្នាំ១៩៦៦ និងលោក François MITTERAND នៅថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ១៩៩៣។ ដោយឡែកខាងភាគីកម្ពុជា គឺអង្គព្រះករុណា ព្រះបរមរតនៈកោដ្ឋ និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតា ព្រមទាំងព្រះករុណា សម្ដេចព្រះបរុមនាធ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានយាង និងអញ្ជើញបំពេញព្រះរាជទស្សនកិច្ច និងទស្សនកិច្ចជាច្រើនលើកនៅទីក្រុងប៉ារីស។
លោក ចែម វីឌ្យ៉ា បានរំឮកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ស្ដីពីកម្ពុជា និងសារសំខាន់នៃសន្តិភាព ការផ្សៈផ្សាជាតិ និងឯកភាពជាតិតាមរយៈយុទ្ធសាស្រ្តឈ្នះ-ឈ្នះ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី។ លោក ក៏បានលើកសរសើរដោយលំអិតពីទំនាក់ទំនងកម្ពុជា-បារាំង លើគ្រប់វិស័យ ដោយបានគូសបញ្ជាក់ពីសក្ដានុពលធំធេងរបស់ប្រទេសកម្ពុជា ដែលជាផ្នែកមួយនៃទីផ្សារដ៏ធំរបស់អាស៊ាន មានប្រជាជនប្រមាណ ៦៤០លាននាក់ ក្នុងនោះយុវជនក្នុងចន្លោះ ១៤-៣៥ឆ្នាំ មានចំនួន ២១៣លាននាក់។
ក្នុងនាមសមាគមខ្មែរទាំងមូល លោកឯកអគ្គរាជទូតបានសំដែងនូវការដឹងគុណដ៏ជ្រាលជ្រៅបំផុត ជូនរដ្ឋាភិបាល និងប្រទេសបារាំង ដែលបានទទួលបងប្អូនខ្មែរមករស់នៅលើទឹកដីបារាំងយ៉ាងច្រើនកុះករ ហើយសមាគមខ្មែរក៏បានចូលរួមចំណែកដោយសកម្មនាំមកនូវវិបុលភាពជូនសាធារណរដ្ឋបារាំងវិញជាការតបស្នងដឹងគុណយ៉ាងសកម្មស្ងៀមស្ងាត់ និងមានប្រសិទ្ធិភាព៕