(ភ្នំពេញ)៖ កម្លាំងស្នងការស្រាវជ្រាវយុត្តិធម៌ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកងរាជអាវុហត្ថរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពី លោក សាយ នរ៉ា ព្រះរាជអាជ្ញារងអមសាលារាជធានីភ្នំពេញ បានចុះឆែកឆេរនៅទីតាំងចំនួនបីកន្លែង ដែលលក់ និងលាក់ទុកនូវសំលៀកបំពាក់ខោអាវ របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្លែងបន្លំមកពីប្រទេសវៀតណាម។
លោកឧត្តមសេនីយ៍ត្រី គង់ សុត្ថារិន ស្នងការរងស្រាវជ្រាវ និងយុត្តិធម៌ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើង ក្រោយទទួលបណ្តឹងពី សហពន្ធកីឡាបាល់ទាត់កម្ពុជា ស្តីពីជនខិលខូចដែលបានក្លែងពាណិជ្ជនាម និងការប្រកួតប្រជែងមិនស្មោះត្រង់ និងបានទទួលបទបញ្ជាពីនាយឧត្តសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
លោកឧត្តមសេនីយ៍ បានបញ្ជាក់ទៀតថា ស្នងការស្រាវជ្រាវយុត្តិធម៌ បានប្រើប្រាស់កម្លាំងជំនាញធ្វើការស្រាវជ្រាវ ឈានដល់កំណត់មុខសញ្ញា និងកន្លែងលក់កន្លែង ស្តុបសំលៀកបំពាក៎កីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ចាប់ពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្លាំងជំនាញបានធ្វើការបង្រ្កាបជាក់ស្តែង ហើយឃាត់ខ្លួនជនសង្ស័យឈ្មោះ ហេង រស្មី អាយុ៤០ឆ្នាំ ម្ចាស់ទីតាំងលក់គ្រឿងកីឡា ស្ថិតនៅផ្ទះលេខ៨២ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ព្រមទាំងចាប់យកវត្ថុតាង ខោអាវកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ចំនួន២,៤៥៣កំប្លេ។
លោក កែវ សារ៉េត អគ្គលេខាធិកាសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់ថា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចុះបញ្ជីម៉ាក (ឡូហ្គូ) លេខkH60488/16 ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ ជាមួយក្រសួងពាណិជ្ជកម្ម និងបានចុះកិសន្យាជាមួយក្រុមហ៊ុនផលិតសម្ភារកីឡា FBT របស់កម្ពុជា ស្តីពីការឧបត្ថម្ភ និងផ្គត់ផ្គង់នូវសម្ភារកីឡា សម្រាប់ក្រុមជម្រើសជាតិកម្ពុជា ដើម្បីប្រើប្រាស់ក្នុងការប្រកួតជាលក្ខណៈជាតិ និងអន្តរជាតិផ្លូវការនានា។
បន្ទាប់ពីបានចុះកិច្ចសន្យារួចរាល់ហើយ សហព័ន្ធកីឡាបាល់ទាត់ ក៏បានចេញសេចក្តីជូនដំណឹងមួយ ផ្សព្វផ្សាយជាសាធារណៈ ជូនដល់លោក លោកស្រី ដែលជាអាជីករ និងម្ចាស់សហគ្រាសនានា អំពីការចុះបញ្ជីកម្មសិទ្ធិ នូវម៉ាកសញ្ញា (ឡូហ្គូ) របស់ខ្លួនដោយហាមមិនឲ្យមានការផលិតបោះពុម្ព និងចំលងម៉ូតសំលៀកបំពាក់គ្រប់ប្រភេទ ដែលមានភិនដូចផលិតផលដើម របស់សហពន្ធកីឡាបាល់ទាត់កម្ពុជាឡើយ។
ជាមួយគ្នានេះ លោក កែវ សារ៉េត ក៏បានបង្ហាញនូវខោអាវកីឡារបស់សហព័ន្ធប្រភេទលេខ១ និងប្រភេទលេខ២ ជូនមហាជនឲ្យបានស្គាល់ និងយល់ដឹងផងដែរ៕