(កំពង់ស្ពឺ)៖ សាលាខេត្តកំពង់ស្ពឺ រសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បាននិងកំពុងធ្វើពិធីប្រណាំងទូកងដែលមានទូកចូលរួមចំនួន ៣៩ទូក គូកិត្តិយសដណ្តើមពានរង្វាន់មានចំនួន ២០គូ និងគូប្រណាំងឲ្យបងប្អូនទស្សនាកម្សាន្តលក្ខណៈមិត្តភាពមាន ៤គូ។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នេះជាឆ្នាំទី៣ ហើយដែលរដ្ឋបាលសាលាខេត្ត បានរៀបចំពិធីប្រណាំទូកង ដើម្បីអបអរសាទរនៃព្រះរាជពិធីបុណ្យអុំទុកថ្នាក់ជាតិ ជាមួយគ្នាដោយសារតែប្រទេសមានសុខសន្តិភាព និងក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឲ្យខេត្តកំពង់ស្ពឺក្លាយពីខេត្តខ្វះខាតទឹក មកមានទឹកប្រណាំងទូកបានថែមទៀត។
លោកអភិបាលខេត្តបានបន្តថា ខេត្តកំពង់ស្ពឺ ធ្លាប់ជាខេត្តចុងកាត់មាត់ញ៉កដែលមហាជនតែងហៅថា (កំប៊ុងប៊ឺ) ពេលនេះក្លាយជាខេត្តកំពង់ស្ពឺពេញៗមាត់វិញ ក៏ដោយាសាតែមានការអភិវឌ្ឍគ្រប់ហេដ្ឋារចនាសម្ព័ន្ធយ៉ាងខ្លាំងក្លា។
ចំពោះការអភិវឌ្ឍពីសម័យដើមមានរោងចក្រត្រឹមតែមួយកន្លែងប៉ុណ្ណោះ តែមកដល់ពេលនេះ ខេត្តកំពង់ស្ពឺមានរោងចក្រ ២៥០កន្លែង ដែលចំណូលពលរដ្ឋរាប់លានដុល្លាក្នុងមួយខែៗ។
លោកអភិបាលខេត្ត បានអំពាវនាវឲ្យពលរដ្ឋដែលធ្វើដំណើរលើដងផ្លូវត្រូវគោរពច្បាប់ចរាចរណ៍ និងត្រូវយកចិត្តទុកដាក់ចំពោះសំរាមផងដែរ។
លោកថា បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ត្រូវបានរឹតបណ្តឹង ដោយខេត្តបានប្រើប្រាស់កងកម្លាំងទាំង៣ប្រភេទជាច្រើននាក់ និងមានតំបន់ការពារតាមគោលដៅ គោលដៅរបស់សុខាភិបាល សម្រាប់ជួយសង្គ្រោះ និងផ្លូវបញ្ជៀសចរាចរណ៍បានយ៉ាងប្រសើរ។
លោកអភិបាលខេត្ត វ៉ី សំណាង បានបន្តអំពាវនាវឲ្យប្រជាពលរដ្ឋមកកម្សាន្តសប្បាយក្នុងពិធីអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឲ្យបានច្រើនកុះករ និងទស្សនាការប្រគុំតន្ត្រី ស្តង់ពិព័រណ៌ និងលក់ផលិតផលជាច្រើនមុខផងដែរ៕