(ក្រចេ)៖ ថ្នាក់ដឹកនាំទូទាំងខេត្តក្រចេះ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានប្រារព្ធខួបទី៦៥ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ដើម្បីសម្តែងនូវការអបអរសាទរចំពោះទិវាជាប្រវតិ្តសាស្រ្ត ដែលកម្លាំងមហាសាមគ្គីជាតិទាំងមូល ដណ្តើមបានទាំងស្រុងមកវិញនូវឯករាជ្យជាតិ ពីអាណានិគមនិយមបារាំង នាថ្ងៃទី៩ វិច្ឆិកា ១៩៥៣ ក្រោមព្រះរាជបូជនីយកិច្ចរបស់ព្រះករុណ ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ។
ពិធីដ៏ឱឡារិកនេះ មានការចូលរួមពីលោក វ៉ា ថន អភិបាលខេត្តក្រចេះ រួមនិងបណ្តាមន្ទីរ អង្គភាពក្នុងខេត្តបានអុជធូប និងដាក់កម្រងផ្កានៅវិមានឯករាជ្យថ្មី ក្នុងខេត្តដែលទើបនឹងសាងសង់រួចរាល់ថ្មីៗ។
ទន្ទឹមនឹងបុណ្យខួបអនុស្សាវរីយ៍លើកទី៦៥ នៃទិវាបុណ្យឯករាជ្យជាតិ ថ្នាក់ដឹកនាំទូទាំងខេត្តក្រចេះ ក៏បានចូលរួមអបអរសាទរខួបលើកទី៦៥ នៃកំណើតកងយោធពលខេមរភូមិន្ទដ៏អង់អាចក្លាហាន ដែលព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានបង្កើតឡើង ហើយបាននិងកំពុងបំពេញភារកិច្ចរបស់ខ្លួន ក្នុងការថែរក្សាការពារសេចក្តីសុខក្សេមក្សាន្តជូនប្រជាពលរដ្ឋ និងការពារបូរណភាពទឹកដី៕