(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានអនុញ្ញាតឲ្យលោក SUENAGA Noriyoshi និងសហការរីចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលលោកទើបត្រូវបានតែងតាំងជាតំណាងអង្គការ JMAS ប្រចាំនៅកម្ពុជា។
ក្នុងជំនួបនេះដែរ ទេសរដ្ឋមន្ត្រី លី ធុជ បានស្នើសុំឲ្យអង្គការ JMAS បន្តកិច្ចសហប្រតិបត្តិជាមួយអាជ្ញាធរមីន ដើម្បីជួយដល់វិស័យសកម្មភាពមីននៅកម្ពុជា ឈានទៅសម្រេចបាននូវគោលដៅកម្ពុជាមួយ គ្មានមីននៅឆ្នាំ២០២៥ខាងមុខ។ ឆ្លើយតបនឹងសំណើនេះ អង្គការ JMAS បានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការ កាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមីន។
ទេសរដ្ឋមន្ត្រី លី ធុជ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់រាជរដ្ឋាភិបាលប្រទេសជប៉ុន ដែលបាននឹងកំពុងជួយដល់វិស័យបោសសម្អាតមីននៅកម្ពុជា និងសូមសំដែងនូវការកោតសរសើរចំពោះអង្គការ JMAS ដែលបាននឹងកំពុងបន្តជួយដល់ការងារបោសសម្អាតគ្រាប់មិនទាន់ផ្ទុះនៅកម្ពុជា៕