(សៀមរាប)៖ ក្រសួងពាណិជ្ជកម្ម សហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងអង្គការ CIRD អង្គការ HEKS អង្គការ GROW ASIA និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានរៀបចំកម្មវិធី «សន្និបាតកំណើតដំបូង សហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា នៃវេទិកាថ្នាក់ជាតិលើកទី៧ ស្តីពីការជំរុញការអភិវឌ្ឍកសិ-ពាណិជ្ជកម្មកម្ពុជា» ដើម្បីបង្កើតឲ្យមានសហព័ន្ធម្រេច និងគ្រឿងទេស ជាលើដំបូងនៅកម្ពុជា។
កម្មវិធីនេះធ្វើឡើងក្រោមការចូលរួមពីលោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ព្រមទាំងមន្រ្ដីពាក់ព័ន្ធជាច្រើនរូបទៀត ដែលប្រព្រឹត្តឡើងនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅខេត្តសៀមរាប។
កម្មវិធីនេះមានការបោះឆ្នោត ដើម្បីជ្រើសរើសអ្នកដែលមានសមត្ថភាព ធ្វើជាប្រធានសហព័ន្ធម្រេច និងគ្រឿងទេស។ បន្ទាប់ពីមានការបោះឆ្នោតអស់រយៈពេលជាច្រើនម៉ោង លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុន អេមរុរាយស៍ ត្រូវបានជ្រើសរើសជាប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា។
លោក សុង សារ៉ន ឲ្យដឹងថា មូលហេតុដែលបង្កើតសហព័ន្ធម្រេច និងគ្រឿងទេសនេះ ព្រោះបច្ចុប្បន្នម្រេចនៅកម្ពុជា មានបរិមាណច្រើន ហើយបរិមាណនេះ ជាបរិមាណដែលគួរតែមានទីផ្សារច្បាស់លាស់ ដើម្បីបង្កើតការនាំចេញដោយផ្ទាល់ ទៅកាន់ទីផ្សារអន្ដរជាតិ។
លោកថា កន្លងមកកម្ពុជាជួញដូរតែជាមួយប្រទេសវៀតណាម និងប្រទេសថៃប៉ុណ្ណោះ និងចង់ឲ្យមានការអនុវត្តគោលការណ៍ កេរ្ដិ៍ឈ្មោះ អត្តសញ្ញាណម្រេចខ្មែរ តាមរយៈការបង្កើតឲ្យមាន ក្បាលម៉ាស៊ីនច្បាស់លាស់នេះ។
លោកបន្ដទៀតថា មួយវិញទៀត គឺចង់ឲ្យមានការវិនិយោគកែច្នៃម្រេចនៅកម្ពុជា និងពិនិត្យមើលពីបញ្ហាដែលធ្វើឲ្យមានការរាំងស្ទះ និងបញ្ហាប្រឈមផ្សេងទៀត ដែលសមាជិកនៃសហព័ន្ធចង់ឲ្យមានការជួយ និងគាំទ្រដូច្នេះ យើងនឹងពិនិត្យលទ្ធភាព ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងអស់ និងការវិនិយោគទៅលើការកែច្នៃម្រេចទៅកម្ពុជា ទៅទីផ្សារអន្ដរជាតិ។
លោកបន្ថែមទៀតថា យន្ដការនេះធ្វើឡើងផ្សារភ្ជាប់តាមកិច្ចសន្យា រវាងសហគមម្រេចទូទាំងប្រទេស ដោយកំណត់ស្លាកយីហោដែលហៅថា ម្រេចកម្រិត GI ឬ បែបសមូហភាពម្រេច មានសមត្ថភាព ហើយ២ភាគ៣ នៃសមាជិកក្រុមប្រឹក្សាភិបាលរបស់សហព័ន្ធ ជាអ្នកផលិតម្រេច៕