(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា នៅក្នុងអាស៊ីអាគ្នេយ៍ មានតែរាជធានីភ្នំពេញមួយគត់ ដែលជាសមាជិកសមាគមអន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) ដែលមានផលប្រយោជន៍ដើម្បីបង្ហាញទៅដល់ទីក្រុង ២៩៤ទីក្រុង ពីភាពរឹងមាំ ពីសក្តានុពល ជូនទៅប្រទេសទាំងនោះ ពីបញ្ហាវិនិយោគ បេតិកភណ្ឌពិភពលោក។
ការថ្លែងបែបនេះ របស់លោក ឃួង ស្រេង ត្រូវបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការ និងចូលរួមមហាសន្និបាតសមាគម អន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង នៃទីក្រុងប៉ារីស សាធារណៈរដ្ឋបារាំង រយៈពេលជាងមួយសប្តាហ៍។
អភិបាលរាជធានីភ្នំពេញរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «នៅអាស៊ីអាគ្មេយ៍ មានតែទីក្រុងភ្នំពេញតែមួយគត់ ដែលជាសមាជិកអចិន្រ្តៃយ៍ របស់ AIMF ហើយវាមានសារប្រយោជន៍ ដើម្បីបង្ហាញទៅដល់ប្រទេសជាង២៨០ ពីភាពរឹងមាំរបស់យើងបង្ហាញពីសក្តានុពល ជូនទៅប្រទេសទាំងនោះ ពីបញ្ហាវិនិយោគ បេតិកភណ្ឌពិភពលោក ដូចជាប្រាសាទអង្គរ ប្រាសាទសម្បូរព្រៃគុក ប្រាសាទព្រះវិហារ ដើម្បីទាក់ទាញទេសចរណ៍។ល។ ជាពិសេសយើងបានបង្ហាញពី ទីក្រុងភ្នំពេញ មានភាពស្រស់ស្អាត សុវត្ថិភាព ទប់ស្កាត់បាននូវអំពើភារវកម្ម ដែល AIMF ចង់បាននូវចំណុចទាំងនេះ»។
ក្នុងមហាសន្និបាតនោះ លោក ឃួង ស្រេង បានផ្សព្វផ្សាយនូវការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលកន្លងមកគេតែងតែបំផ្លើសការពិត ធ្វើឲ្យមានការភាន់ច្រឡំលើឆាកអន្តរជាតិ ដែលនេះជាជោគជ័យ និងមោទនភាពរបស់កម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសកម្ពុជា រហូតដល់មានការទទួលស្គាល់លើឆាកអន្តរជាតិ ហើយមិនត្រឹមតែប៉ុណ្ណោះបណ្តាប្រទេសលើពិភពលោក មានការកោតសរសើរ ចំពោះការដឹកនាំរបស់សម្តេចតេជោ។
ក្នុងដំណើរទស្សនកិច្ចនោះ គណៈប្រតិភូបានជួបជាមួយលោកស្រី Pauline CARMONA អនុប្រធានកិច្ចការអាស៊ី និងអូសេអានី នៃក្រសួងការបរទេសបារាំង ដោយលោកលើកឡើងនូវបញ្ហាមួយចំនួនជូនលោកស្រី ហើយលោកស្រីក៏បានលើកឡើង ជុំវិញបញ្ហាតម្រាយផ្លូវត្រាន់វ៉េ ក្នុងជំហានទី៣ នៅកម្ពុជា គឺផ្លូវព្រះមុនីវង្ស ដែលកិច្ចការងារត្រូវធ្វើបន្ថែមលើការងារដឹកជញ្ជូនសាធារណៈ។
ក្នុងនោះដែរ ប្រតិភូបានពិនិត្យទៅលើការកែតម្រូវ រៀបចំសណ្តាប់ធ្នាប់សាធារណៈ ដូចជាការរៀបចំផ្លូវក្នុងទីក្រុងប៉ារីស មានប្រជាជនជាង១២លាននាក់ ហើយកិច្ចការនេះ ត្រូវបានប្រតិភូ ដកស្រង់បទពិសោធន៍ និងយកមកប្រើប្រាស់នៅរាជធានីភ្នំពេញ និងមានសារសំខាន់សម្រាប់ប្រជាជនជាង៣លាននាក់ នៅរាជធានីភ្នំពេញ។
លោកអភិបាលរាជធានីភ្នំពេញ បានបន្តថា នៅក្នុងជំនួបជាមួយលោកស្រី Anne Hidalgo អភិបាលទីក្រុងប៉ារីស គណៈប្រតិភូបានលើកឡើងដោយស្នើសុំ ឲ្យមានការផ្តល់ជំនួយបច្ចេកទេស លើការសិក្សាបញ្ហាបច្ចេកទេសនៅរាជធានីភ្នំពេញ។ ដោយលោកស្រីអភិបាលទីក្រុងប៉ារីស ក៏បានឯកភាព និងសន្យាថា នឹងផ្តល់ជំនួយនេះមកដល់កម្ពុជា។
កន្លងមកនេះ ទីក្រុងភ្នំពេញក៏បានទទួលជំនួយសិក្សាបច្ចេកទេស ពីទីក្រុងប៉ារីស ក្នុងការរៀបចំប្លង់មេឆ្នាំ២០៣៥ និងទទួលបាននូវយកចិត្តទុកដាក់ ពីជំនួយរបស់ទីក្រុងប៉ារីស ហើយលោកស្រីបានសន្យាថានឹងមកបើកកិច្ចប្រជុំ AIMF នៅទីក្រុងភ្នំពេញ ហើយកិច្ចការនេះលោក នឹងធ្វើសំណើសុំយោបល់ពី សម្តេចតេជោ ហ៊ុន សែន លើការប្រារព្ធកិច្ចប្រជុំ AIMF ដើម្បីឆ្លងបទពិសោធន៍ និងការចង្អុលបង្ហាញពីសម្តេច ធ្វើយ៉ាងណាដើម្បីឲ្យកិច្ចប្រជុំទទួលបានជោគជ័យ ទទួលបានកោតសរសើរដល់ទីក្រុងភ្នំពេញ និងជាកិត្តិយសដល់ប្រជាជនខ្មែរ។
ការប្រារព្ធកិច្ចប្រជុំ AIMF ដែលទីក្រុងភ្នំពេញ ធ្វើជាម្ចាស់ផ្ទះនោះ វានឹងផ្តល់ផលប្រយោជន៍យ៉ាងសំខាន់ ដោយយើងបានបង្ហាញឲ្យអន្តរជាតិ មើលឃើញដល់២៩៤ទីក្រុង ដែលចូលរួមប្រជុំ ហើយទីក្រុងទាំងនោះពេលត្រឡប់ទៅវិញ ពួកគេនឹងផ្សព្វផ្សាយថាទីក្រុងភ្នំពេញ យ៉ាងម៉េចដែលរយៈកាលកន្លងមក ពួកគេទទួលបានតែសំឡេងម្ខាងពីទីក្រុងភ្នំពេញ៕