(ភ្នំពេញ)៖ សុភាសិតខ្មែរមួយឃ្លាបានចារទុកថា «តស៊ូព្យាយាម គង់បានសម្រេច» គឺជាសុភាសិតដ៏មានតម្លៃបំផុត សម្រាប់ដាស់តឿនស្មារតីមនុស្ស ឲ្យខិតខំប្រឹងប្រែងកសាងខ្លួន ឆ្ពោះទៅរកភាពជោគជ័យក្នុងជីវិត។ មនុស្សជោគជ័យក្នុងជីវិត ហើយអាចលើកមុខមាត់ដល់ប្រទេសជាតិខ្លួនផងនោះ គឺកាន់តែពិបាកស្វែងរកថែមទៀតផង។
ព្រូ ស៉ីថន អាយុ៣៦ឆ្នាំ គឺជាកូនខ្មែរតែម្នាក់គត់ ដែលបានជាប់ឈ្មោះក្នុងបញ្ជី «អ្នកច្បាប់ឆ្នើមវ័យក្មេងនៅតំបន់អាស៉ីប្រចាំឆ្នាំ២០១៨» ឬគេហៅថាកម្មវិធី «អ្នកច្បាប់ឆ្នើមវ័យក្មេងនៅតំបន់អាស៉ីប្រចាំឆ្នាំ២០១៨ អាយុក្រោម៤០ឆ្នាំ- 40 Under 40» នៃស្ថាប័ន Thomson Reuters (Asian Legal Business)។ នេះគឺជាមោទនភាពខ្មែរមួយដ៏អស្ចារ្យ ដែលមានកូនខ្មែរដំបូងគេ ឈ្នះបណ្ណសរសើរផ្នែកច្បាប់ ពីកម្មវិធីអន្តរជាតិមួយនេះ។
លោក ព្រូ ស៉ីថន គឺជាមេធាវីម្នាក់ ដែលមានដើមកំណើតមកពីភូមិដីក្រហម ឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ ដែលជាកូនទី៣ ក្នុងគ្រួសារ ដែលមានកូនចំនួន៤នាក់។ សព្វថ្ងៃលោករៀបការ និងមានកូនស្រីម្នាក់ ជាចំណងដៃនៃអាពាហ៍ពិពាហ៍ ដ៏មានសុភមង្គល។
បច្ចុប្បន្ន លោក ព្រូ ស៉ីថន គឺជានាយកគ្រប់គ្រងជាន់ខ្ពស់ នៃនាយកដ្ឋានច្បាប់ និងការប្រតិបត្តិការផ្លូវច្បាប់ នៃក្រុមហ៊ុន Manulife និងធ្វើជាអ្នកស្ម័គ្រចិត្ត ដែលមានតួនាទីជាអនុប្រធានសមាគមអតីតកម្មសិក្សាការី JICA កម្ពុជា។ អតីតមន្ត្រីរាជការ នៃទីស្តីការគណៈរដ្ឋមន្ត្រីរូបនេះ ក៏ជាសាស្ត្រាចារ្យច្បាប់ នៅតាមសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចផងដែរ។
ក្រៅពីជាប់ឈ្មោះក្នុងបញ្ជី «អ្នកច្បាប់ឆ្នើមវ័យក្មេង នៅតំបន់អាស៉ីប្រចាំឆ្នាំ២០១៨» លោកក៏បានឈ្នះពានមួយចំនួនទៀត រួមមាន៖ ពានរង្វាន់ «មេធាវីឆ្នើមប្រចាំប្រទេសកម្ពុជា ជំនាញច្បាប់ធានារ៉ាប់រង ប្រចាំឆ្នាំ២០១៧» នៃស្ថាប័ន Financen Monthly នៃចក្រភពអង់គ្លេស និងឈ្នះពានរង្វាន់ «បុគ្គលិកប្រចាំតំបន់អាស៉ីរបស់ក្រុមហ៊ុន Manulife ប្រចាំឆ្នាំ២០១៥» របស់ក្រុមហ៊ុន Manulife។
លោកក៏ធ្លាប់ជាប់ឈ្មោះជា «អ្នកជជែកដេញដោលចម្បង Pricipal Debater» ក្នុងការប្រកួតប្រជែងតុលាការគំរូស្តីពីច្បាប់ អង្គការពាណិជ្ជកម្មពិភពលោក (WTO) តំណាងឲ្យសាកលវិទ្យាល័យជាតិ យ៉ូកូហាម៉ា នៅកោះតៃវ៉ាន់ ឆ្នាំ២០១១ និងធ្លាប់ទទួលបានមេដៃសំរិទ្ធការងារ របស់រាជរដ្ឋាភិបាលកម្ពុជា ឆ្នាំ២០០៦ ទៀតផង។
ភាពល្បីល្បាញរបស់លោក ព្រូ ស៉ីថន បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកសារព័ត៌មាននានា។ នៅដើមខែវិច្ឆិកា ឆ្នាំ២០១៨ អង្គភាព Fresh News បានស្វែងរកលោកមេធាវីរូបនេះ ដើម្បីធ្វើកិច្ចសម្ភាសន៍ ក្នុងគោលបំណងចែករំលែកពីបទពិសោធ៍ ប្រចាំជីវិតទុកចែកជូនកូនខ្មែរ គ្រាន់ជាគំរូទុកប្រើប្រាស់ ទៅថ្ងៃក្រោយៗទៀត។
តាមការជីកកកាយពីជីវប្រវត្តិរបស់អ្នកខេត្តតាកែវរូបនេះ លោកមានឪពុកជាគ្រូបង្រៀន និងមានម្តាយជាអ្នកលក់ដូរ ហើយប្រកបការងារជាកសិករផងដែរ។ កាលពីកុមារភាព លោក ព្រូ ស៉ីថន តែងតែខំសិក្សារៀនសូត្រ និងជួយធ្វើការងារគ្រួសារ នៅពេលទំនេរ ហើយសម័យនោះអ្នកស្រែ មិនមែនជាអ្នកដែលមានជីវភាពធូរធារប៉ុន្មានឡើយ។
លោក ព្រូ ស៉ីថន បានបញ្ជាក់យ៉ាងដូច្នេះថា «ឆ្លៀតពីការងារសិក្សា ភាគច្រើនយើងធ្វើការងារឪពុកម្តាយ ម្តាយខ្ញុំអ្នកលក់ដូរ អញ្ចឹងខ្ញុំជួយការងារគាត់។ ព្រលឹមឡើងជួយអូសរទេះ លើកអីវ៉ាន់ ហើយបានទៅ។ ដល់ម៉ោង១១៖០០អីហ្នឹង យើងប្រមូលអីវ៉ាន់ទៅផ្ទះវិញ»។
លោកបន្តថា «ក្រៅពីហ្នឹងខ្ញុំជួយធ្វើការងារឪពុក គាត់គ្រូផង ធ្វើស្រែផង ធ្វើចម្ការផង។ អញ្ចឹងតាំងពីដំបូង គឺខ្ញុំជួយគាត់។ និយាយទៅ ដោយសារយើងកើតក្រោយជំនាន់ប៉ុល ពត ខ្ញុំលំបាកមែនទែន ដោយសារពេលនោះខ្ញុំនៅស្រែ»។
បន្ទាប់ពីបញ្ចប់ថ្នាក់ទី១២ លោកមករស់នៅជាមួយពូរបស់ខ្លួន នៅទីក្រុងភ្នំពេញ ដើម្បីចូលរៀនផ្នែកច្បាប់ នៅសាកលវិទ្យាល័យន័រតុន និងបានប្រឡងជាប់ជាមន្ត្រីក្រមការ បម្រើការងារនៅទីស្តីការគណៈរដ្ឋមន្ត្រី។ លោកមានបំណងទៅរៀនក្រៅប្រទេស តែការដាក់អាហារូបករណ៍ បន្តការសិក្សារបស់លោក តែងតែត្រូវបរាជ័យទាំងអស់។
ទោះបីជាបរាជ័យរាប់ស្ទើរតែមិនអស់ ក៏មិនបានបណ្តាលឲ្យលោក ព្រូ ស៉ីថន បាត់បង់សេចក្តីព្យាយាមឡើយ។ រហូតដល់ឆ្នាំ២០០៨ តាមរយៈអង្គការ JICA លោកក៏បានជាប់អាហារូបករណ៍ផ្នែកច្បាប់ ពាណិជ្ជកម្មអន្តរជាតិ ទៅរៀននៅប្រទេសជប៉ុន ដែលជាពេលវេលាលោកមានទំនាក់ទំនង ជាមួយអង្គការនេះជាប់រហូតមក។
បន្ទាប់ពីបញ្ចប់ការសិក្សា នៅប្រទេសជប៉ុន លោកក៏បានស្ម័គ្រចិត្តបម្រើការងារ នៅសមាគមអតីតកម្មសិក្សាការី JICA កម្ពុជា មានសមាជិកជាង ១,០០០នាក់ ដែលសមាគមនេះត្រូវបានបង្កើតឡើងដោយ ក្រុមនិស្សិតរៀនចប់ នៅប្រទេសជប៉ុន។ លោកក៏ត្រូវបានក្រុមហ៊ុន Manulife ហៅទៅបម្រើការងារ រហូតដល់បច្ចុប្បន្ននេះ ដែលមានតួនាទីជានាយកគ្រប់គ្រងជាន់ខ្ពស់ នៃនាយកដ្ឋានច្បាប់ និងការប្រតិបត្តិការផ្លូវច្បាប់នេះតែម្តង។
ក្នុងសម្លៀកបំពាក់ជាអ្នកបម្រើការងារ ដែលមានក្រវ៉ាត់-ក ខាងក្រោយខ្នងសុទ្ធតែជាគ្រឿងឥស្សរិយយសផងនោះ លោកបានបញ្ជាក់បន្តយ៉ាងដូច្នេះថា «តាំងពីចប់បាក់ឌុប ខ្ញុំតែងតែចាប់អារម្មណ៍រឿងដាក់ប៊ួក (អាហារូបករណ៍) ក្នុងចំណោមនោះ គឺប៊ួកជប៉ុនខ្ញុំចាប់អារម្មណ៍ជាងគេ។ បើនិយាយទៅ ខ្ញុំដាក់ធ្លាក់ឡើងអស់ចិត្តហើយ ខ្ញុំតស៊ូ ខ្ញុំអត់ងាយបោះបង់ទេ»។
លោកបន្តថា «ក្រោយមកដាក់ជាប់ ដល់ពេលដាក់ជាប់ទៅ យើងមានទំនាក់ទំនងជាមួយ JICA ហើយប៊ួកខ្ញុំហ្នឹងគេហៅ JDS តាមរយៈរដ្ឋាភិបាលជប៉ុន ផ្តល់មកឲ្យរដ្ឋាភិបាលកម្ពុជា។ អាហារូបករណ៍ JDS ហ្នឹងគេឲ្យទៅស្ថាប័នមានទំនាក់ទំនងនឹង JICA»។
ក្នុងការងារជាអ្នកដឹកនាំនាយកដ្ឋានមួយដ៏ធំ លោក ព្រូ ស៉ីថន ត្រូវបានកូនចៅកោតសរសើរថា ជាបុគ្គលម្នាក់ដែលមានភាពឆ្លាតវៃ និងពោរពេញដោយទេពកោសល្យក្នុងការដឹកនាំ។ លោកជាមនុស្សម្នាក់ ដែលចេះបត់បែនគ្រប់កាលៈទេសៈ ដើម្បីដោះស្រាយបញ្ហាទៀតផង។
លោក វិរៈ ធិរិទ្ធ ប្រធានផ្នែកប្រតិបត្តិការផ្លូវច្បាប់ នៃក្រុមហ៊ុន Manulife បានបញ្ជាក់យ៉ាងដូច្នេះថា «សម្រាប់ខ្ញុំ ខ្ញុំស្គាល់បងស៉ីថន អស់រយៈពេល៣ឆ្នាំមកហើយ។ ពេលខ្ញុំចាប់ផ្តើមធ្វើការជាមួយគាត់ ខ្ញុំចាប់អារម្មណ៍ការដឹកនាំរបស់គាត់ខុសគេ ជានិច្ចកាល គាត់តែងផ្តល់ឱកាសដល់កូនចៅ។ អញ្ចឹង គាត់តែងណែនាំអ្នកនៅក្រោមការងារ ឲ្យមានភាពលេចធ្លោ ឲ្យប្រឹងប្រែងធ្វើការងារ»។
ទោះបីជាភាពជោគជ័យដ៏ធំប្រចាំជីវិត ត្រូវបានកើតឡើងហើយក្តី តែលោក ព្រូ ស៉ីថន នៅតែចង់អភិវឌ្ឍន៍ខ្លួន ឲ្យកាន់តែក្លាយជាមនុស្ស ដែលមានចំណេះដឹងបន្ថែមទៀត។ លោកកំពុងសិក្សា បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកដឹកនាំច្បាប់ នៃសាកលវិទ្យាល័យ King's College London នៃចក្រភពអង់គ្លេសផងដែរ។
លោក ព្រូ ស៉ីថន ក៏មានបំណងចូលខ្លួនជាមនុស្សម្នាក់ ដែលអាចចូលរួមជួយអភិវឌ្ឍន៍ប្រទេសកម្ពុជា ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។ លោកថា ការបានជួយលើកស្ទួយប្រទេសជាតិ គឺជាទំនួសខុសត្រូវរបស់មនុស្សគ្រប់រូប តាមរបៀបដែលគេអាចធ្វើបាន។
ជាមួយគ្នានេះ លោកក៏បានផ្តាំដល់កូនខ្មែរជំនាន់ក្រោយថា បើចង់ជោគជ័យ ត្រូវតែធ្វើអ្វីឲ្យបានអស់ពីចិត្ត គឺត្រូវធ្វើហើយធ្វើទៀត មិនត្រូវបោះបង់ចោល ការតាំងចិត្តរបស់ខ្លួនឡើយ។ មួយវិញទៀត ធ្វើអ្វីត្រូវធ្វើឲ្យពូកែ ត្រូវធ្វើឲ្យគេស្គាល់ពីចំណុចពិសេស របស់យើងឲ្យបានច្បាស់ផងដែរ៕