(ភ្នំពេញ)៖ គណៈកម្មការទូកងវែងជាងគេលើពិភពលោក បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ កុំភ្លេចចូលរួមក្នុងពិធីបំបែកកំណត់ត្រា ឯតទគ្គកម្មទូកងវែងជាងគេលើពិភពលោក នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខនេះ ដែលនឹងចាប់ផ្ដើមពីម៉ោង៧ព្រឹកតទៅ នៅអតីតកំពង់ចម្លងអ្នកលឿងត្រើយខាងកើត។
គណៈកម្មការទូកងវែងជាងគេលើពិភពលោក បានបញ្ជាក់ថា ក្រៅពីពិធីបំបែកកំណត់ត្រាពិភពលោក ក៏នឹងមានកម្មវិធីកម្សាន្ដសប្បាយៗ ជាច្រើនទៀតផងដែរ ដូច្នេះហើយសូមប្រជាពលរដ្ឋកុំភ្លេចចូលរួមឲ្យបានច្រើនកុះករ ដើម្បីទទួលយកការសប្បាយទាំងអស់នេះ។
សូមជម្រាបថា ទូក «ង» របស់កម្ពុជាដែលត្រៀមបំបែកឯតទគ្គកម្មនេះ ត្រូវបានប្រសិទ្ធនាមថា «កម្ពោជិកបុត្តាខេមរាតរី» ដែលមានអត្ថន័យថា «ទូកងរបស់កូនខ្មែររស់នៅក្នុងដែនដីកម្ពុជា» មានប្រវែងរហូតដល់៨៧.៣ម៉ែត្រ, ទទឹង១.៩៤ម៉ែត្រ និងជម្រៅ០.៨ម៉ែត្រ ដែលផ្ទុកបានចំណុះ រហូតដល់១៧៩នាក់ឯណោះ ដោយ១០០នាក់មកពីទាហានជើងទឹក និង៧៩នាក់ មកពីនគរបាលជើងទឹក។ ទូកដ៏វែងមួយនេះ ត្រូវរចនាឡើងដោយផ្នែកខាងក្បាលទូក ធ្វើជាក្បាលនាគ និងកន្ទុយហង្ស ប្រកបដោយក្បូរក្បាច់រចនាល្អប្រណិត៕