(កំពង់ធំ)៖ ថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ សិស្សានុសិស្សទូទាំងខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានរៀបចំប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា(៩ វិច្ឆិកា ១៩៥៣-៩វិច្ឆិកា ២០១៨ )។
លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែងថា កម្មវិធីថ្ងៃនេះធ្វើឡើង ដើម្បីសំដែងការគោរពដឹងគុណទិវាប្រវត្តិសាស្ត្រ ដែលកម្លាំងសាមគ្គីជាតិទាំងមូល ដណ្តើមបានទាំងស្រុងមកវិញ ឯករាជ្យជាតិជូនជាតិមាតុភូមិ ពីអាណានិគមនិយមបារាំងនាថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ១៩៥៣ ក្រោមព្រះរាជបូជនីយកិច្ចដ៍ថ្លៃថ្លា ឧត្តុង្គឧត្តមនៃព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរៈក្សត្យ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ។
លោកអភិបាលខេត្តបានបន្តទៀតថា សម្តេចព្រះនរោត្តម សីហនុ ព្រះអង្គជាបិតាសន្តិភាព ព្រះបិតាបង្រួបបង្រួម និងផ្សះផ្សារជាតិ ទ្រង់បានលះបង់នូវព្រះកាយពល ព្រះបញ្ញាញាណ រកគន្លឹះដោះស្រាយបញ្ហាកម្ពុជា រហូតទទួលបានសុខសន្តិភាព រស់ក្រោមដំបូលឆ័ត្រតែមួយ គឺរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។
លោកបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្រោមម្លប់របស់ព្រះមហាក្សត្យកម្ពុជា តែងតែដង្ហែរតាមព្រះរាជតម្រិះដ៏ថ្លៃថ្លា ជារៀងរហូតមក។ លោកថា ដោយសារការខិតខំប្រឹងប្រែងយ៉ាងខ្លាំង របស់ប្រមុខរាជរដ្ឋាភិបាល បានធ្វើឲ្យសង្គមជាតិទាំងមូល មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។
ជាមួយគ្នានោះ ខេត្តកំពង់ធំ បានខិតខំអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ជាច្រើនដូចជា៖ ជួសជុលផ្លូវក្រាលគ្រួសក្រហម, ស្ថាបនាផ្លូវបេតុងនៅទូទាំងខេត្ត, ជួសជុលបណ្តាញខ្សែរភ្លើងក្នុងទីរួមខេត្ត, ស្ថាបនាបង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈ ដែលជាហេតុធ្វើឲ្យកំណើនសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងអារហារដ្ឋានានារីកដុះដាល ឆ្លើយតបនឹងតម្រូវការរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសនោះខេត្តកំពង់ធំ បានរៀបចំកសាងវិមានឯករាជ្យ ដើម្បីរំលឹកស្នាព្រះហស្ថរបស់ព្រះបាទ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។
ស្ថិតក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការតាមមន្ទីរអង្គភាពនានា បានដាក់កម្រងផ្កា អុជធូបគោរពដឹងគុណចំពោះបុព្វបុរសយើង ដែលបានលះបង់អាយុជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិ៕