(តាកែវ)៖ បន្ទាប់ពីតំណាងអាជីវករ លក់ដូរនៅផ្សារថ្នល់បត់ ក្នុងភូមិពេជចង្វា ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ ដែលបាត់បង់កន្លែងលក់ដូរ បានដាក់លិខិតស្នើសុំអន្តរាគមន៍ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងអភិបាលខេត្តតាកែវ សុំជួយដោះស្រាយបញ្ហាស្វែងរកកន្លែងលក់ដូរថ្មី ក្រោយពីមានការពង្រីកផ្លូវជាតិលេខ៣ ប៉ះពាល់ដល់កន្លែងលក់ដូររបស់ពួកគាត់នោះ អាជ្ញាធរខេត្តតាកែវ បានឆ្លើយតបភ្លាមៗ ដោយបានរកដីមួយកន្លែងនៅជិតនោះ ដើម្បីឲ្យបងប្អូនអាជីវករលក់ជាបណ្ដោះអាសន្នសិន។
លោក កេត ម៉ៅ អភិបាលស្រុកសំរោង បានថ្លែងប្រាប់អង្គភាព Fresh News ឲ្យដឹងថា ការអភិវឌ្ឍន៍ពង្រីកផ្លូវជាតិលេខ៣នេះ ពិតជាបានប៉ះពាល់ដល់កន្លែងលក់ដូរ របស់បងប្អូនអាជីវករនៅផ្សារថ្នល់បត់មួយចំនួន ពិតប្រាកដមែន។
លោកថាផ្សារនេះ ជាផ្សារវិនិយោគដែលនៅសល់កិច្ចសន្យាប្រមាណពីរទៅ៣ឆ្នាំទៀត ដូច្នេះអាជ្ញាធមិនអាចធ្វើអ្វី បាននៅលើដីផ្សារនេះទេ។ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្នុងនាមអាជ្ញាធរ គឺយើងមិនបានព្រងើយកន្តើយនោះដែរ ពោល គឺអាជ្ញាធរស្រុកតាមការណែនាំពីលោក អ៊ូច ភា អភិបាលខេត្តតាកែវ បានរកដីមួយកន្លែងនៅជិតផ្សារនោះ ដើម្បីឲ្យបងប្អូនលក់ជាបណ្ដោះអាសន្នសិន។
លោកអភិបាលស្រុកបានថ្លែងថា «អាជ្ញាធស្រុកនឹងចុះទៅប្រាប់បងប្អូនអាជីវករ នៅថ្ងៃទី១២ ខែវិច្ឆិកាខាងមុខនេះ ដោយប្តូរមកលក់នៅទីតាំងបណ្ដោះអាសន្ន ទំរាំផ្សារចាស់ត្រូវចប់កិច្ចសន្យាវិនិយោគ និងមានការរៀបចំទីតាំងលក់ដូរសារជាថ្មី»។
គួបញ្ជាក់ថា យោងតាមលិខិតស្នើសុំរបស់ក្រុមអាជីវករនៅផ្សារថ្នល់បត់បានឱ្យដឹងថា ពួកគាត់បច្ចុប្បន្ននេះ រស់នៅពឹងពាក់លើការលក់ដូរបន្តិចបន្តួច សម្រាប់ផ្គត់ផ្គង់ជីវភាព ហើយខ្លះថែមទាំងជំពាក់លុយធនាគារថែមទៀតផង ដោយពឹងផ្អែកការលក់ដូរ ដើម្បីបង់សងទៅធនាគារវិញ។
ក្នុងលិខិតនោះក្រុមអាជីវករ បានស្នើសុំរដ្ឋមន្ត្រីក្រសួងសាធារណការ និងលោកអភិបាលខេត្តតាកែវ មេត្តាជួយដោះស្រាយបញ្ហាដល់ពួកគាត់ផង ដើម្បីមានកន្លែងលក់ដូរទៅមុខទៀត។ បើពុំដូច្នេះទេ ក្រុមអាជីវករដែលរងការប៉ះពាល់ នឹងជួបការលំបាកជាមិនខាន ពិសេសត្រូវប្រឈមនឹងការរឹបអូសទ្រព្យសម្បត្តិ ផ្ទះសម្បែង ដីធ្លី ពីម្ចាស់ប្រាក់កម្ចីជាមិនខាន៕