(ភ្នំពេញ)៖ លោកស្រី ម៉េង សុភារី មេធាវីរបស់ លោក កឹម សុខា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានប្រតិកម្មចំពោះការយក សេរីភាពរបស់ លោក កឹម សុខា ធ្វើជាកម្មវត្ថុភ្នាល់ ដែលផ្តួចផ្តើមដោយ លោក សម រង្ស៉ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលរត់គេចទៅក្រៅប្រទេស។
លោកស្រី បានលើកឡើងនៅលើបណ្តាញសង្គម Facebook យ៉ាងដូច្នេះថា៖ «មិនគួរយក ឯ.ឧ កឹម សុខា ជាកម្មវត្ថុនៃការភ្នាល់គ្នានោះទេ ពីព្រោះសេរីភាពរបស់គាត់ មិនមែនជា Game ឡើយ ប៉ុន្តែសេរីភាពរបស់គាត់មានតម្លៃអាចកំណត់វាសនាជាតិ ដែលអ្នកស្នេហាជាតិទាំងអស់ គួរស្វែងរកដំណោះដែលប្រសើរសម្រាប់ទាំងអស់គ្នា ដើម្បីកុំឲ្យបាត់ផលប្រយោជន៍ជាតិ និងប្រយោជន៍ពលរដ្ឋ»។
ប្រតិកម្មរបស់មេធាវីលោក កឹម សុខា បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៊ី ប្រកាសតាមរយៈ Facebook របស់ខ្លួនកាលពីថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ២០១៨ ដោយបបួលសម្តេចតេជោ ហ៊ុន សែន ភ្នាល់គ្នាលើករណីការដោះលែងលោក កឹម សុខា។ ក្នុងការភ្នាល់នេះ លោក សម រង្ស៉ី បានកំណត់ថា «បើសិនមានការដោះលែង កឹម សុខា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ឬយ៉ាងយូរថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ ខាងមុខនោះ សម្តេចតេជោត្រូវចុះចេញពីតំណែង តែបើសិនមិនមានការដោះលែងទេ លោក សម រង្ស៊ី ខ្លួននឹងស្ម័គ្រចិត្តប្រឈមចំពោះមុខច្បាប់ដោយចូលឲ្យសមត្ថកិច្ចចាប់ ដើម្បីអនុវត្តទោសក្នុងពន្ធនាគារ។
ភ្លាមៗឆ្លើយតបនឹងការបបួលរបស់ លោក សម រង្ស៉ីនេះ នៅព្រលប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានប្រកាសតាមរយៈបណ្តាញព័ត៌មាន Fresh News ដោយសម្រេចភ្នាល់ជាមួយលោក សម រង្ស៊ីផងដែរ។ សម្តេចតេជោបានកំណត់ថា ប្រសិនសម រង្ស៊ី ចាញ់ក្នុងការភ្នាល់លើកនេះ ត្រូវហ៊ានចូលឲ្យចាប់ខ្លួនដើម្បីអនវុត្តទោស បន្ទាប់ពីបញ្ចប់ការភ្នាល់ភ្លាមៗតែម្តង។
ក្រៅពីមេធាវីលោក កឹម សុខា ដែលប្រតិកម្មចំពោះរឿងនេះ, កូនស្រីរបស់លោក កឹម សុខា និងអ្នកគាំទ្រអតីតមេបក្សប្រឆាំងនេះមួយចំនួន នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ក៏កំពុងខឹងសម្បារនឹង លោក សម រង្ស៊ី ផងដែរ។
កូនស្រីពៅរបស់លោក កឹម សុខា គឺកញ្ញា កឹម សម្មាធីតា រួមទាំងអ្នកគាំទ្រជាច្រើន បានផ្សព្វផ្សាយនូវសេចក្តីថ្លែងការណ៍មួយនៅដោយសម្តែងការខកចិត្តយ៉ាងក្រៃលែង បន្ទាប់ពីបានឃើញទំព័រ Facebook របស់លោក សម រង្ស៉ី ដែលផ្តួចផ្តើមភ្នាល់គ្នាលើករណីដោះលែង ឬមិនដោះលែង លោក កឹម សុខា។ ជាមួយគ្នានេះ ពួកគេក៏បានប្រកាសថ្កោលទោស យ៉ាងដាច់អហង្កាចំពោះ អាកប្បកិរិយាប្រមាថ អគុណធម៌ និងគ្មានសីលធម៌ម្តងហើយម្តងទៀតរបស់ សម រង្ស៉ី ដែលធ្វើឱ្យប៉ះពាល់ដល់ជីវិតនយោបាយ លោក កឹម សុខាថែមទៀត៕