(ម៉ាឡេស៊ី)៖ វេទិកាសេដ្ឋកិច្ចពិភពចិន (WCEF) លើកទី១០ ក្រោមអធិបតីភាព TUN Dr. Mahathir Mohamad នាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី, លោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមជាមួយបណ្តាមេដឹកនាំជាអតីតនាយករដ្ឋមន្រ្តី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី និងបណ្តាថ្នាក់ដឹកនាំ ស្ថាប័ន ប្រធានក្រុមហ៊ុនធំៗ ឥស្សរជន វិនិយោគិន សហគ្រិន និងធុរៈកិច្ចជនមកពី២៥ប្រទេស និងភ្ញៀវកិត្តិយស ៦០០នាក់ ដែលប្រព្រឹត្តិធ្វើឡើងនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី០៩-១០ ខែវិច្ឆិកា ឆ្នាំ២០១៨។
វេទិកានេះ ធ្វើឡើងក្រោមប្រធានបទ រួមគ្នាឆ្ពោះទៅកាន់អនាគត ដើម្បីបង្កើតឱកាសថ្មីក្នុងការកែប្រែពិភពលោក ដោយផ្តោតសំខាន់នូវស្ថានភាពទូទៅលើទំនាក់ទំនងនៃការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម ធនាគារ សិក្សាធិការ បច្ចេកវិទ្យា ទេសចរណ៍ ការវិនិយោគសេដ្ឋកិច្ចបែបទំនើប សុខាភិបាល និងវិស័យពាណិជ្ជកម្មពណ៌បៃតង និងការវិនិយោគលើគ្រប់វិស័យ។
ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានគូសបង្ហាញដល់បណ្តាថ្នាក់ដឹកនាំ វិនិយោគិន ក្រុមហ៊ុនធំៗ ពីសក្តានុពលកម្ពុជា ក្រោមគោលនយោបាយអភិវឌ្ឍន៍ឈ្នះឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងការបើកទូលាយឱកាសវិនិយោគជាតិ និងអន្តរជាតិ ជាមួយការលើកទឹកចិត្តជាច្រើន ដែលមានការចាប់អារម្មណ៍ក្នុងការមកវិនិយោគ បន្តាក់ទុននៅកម្ពុជា ដែលកំណើនសេដ្ឋកិច្ចនៅកម្ពុជាក្នុងអត្រាជាង០៧%ប្រចាំឆ្នាំ ក្នុងរយៈពេលជាង១ទសវត្សរ៍។
ដើម្បីអបអរសាទរឲ្យកាន់តែមានភាពស្និទ្ធស្នាល និងទំនាក់ទំនងកាន់ល្អ វេទិការបានរៀបចំពិធីជប់លៀង Gala Dinner ក្រោមអធិបតីភាព YB Dato’ Seri Anwar Ibrahim អ្នកតំណាងរាស្រ្ត និងជាបេក្ខជននាយករដ្ឋមន្ត្រីម៉ាឡេស៊ីទី០៨ ជាមួយបណ្តាមេដឹកនាំជា អតីតនាយករដ្ឋមន្រ្តី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី និងបណ្តាថ្នាក់ដឹកនាំ ស្ថាប័ន ប្រធានក្រុមហ៊ុនធំៗមកពី២៥ប្រទេស៕