(កំពង់ធំ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានចុះជួបសំណេះសំណាលជាមួយកីឡាករអុំទូកងសរុបជាង ២០០នាក់ ដើម្បីណែនាំការងារមួយចំនួន មុនចេញដំណើរទៅចូលរួមប្រកួតក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងបណ្ដែតប្រទីប សំពះព្រះខែ។
ព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងបណ្ដែតប្រទីប សំពះព្រះខែ នឹងឈានចូលមកដល់នាថ្ងៃទី២១-២២-២៣ ខែវិច្ឆិកា ឆាប់ៗខាងមុខ។
គួរជម្រាបថា ស្រុកបារាយណ៍មានទូកងអុំចំនួន២ និងទូកចែវ១ ត្រៀមចូលរួមប្រកួតក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក ក្នុងនោះរួមមាន៖ ទូកង «ចតុលោកតេជោសែនជ័យ» និងទូកង «ធនស័ក្តិតេជោសែនជ័យបារមីវត្តបាណក» ហើយទូកចែវមានឈ្មោះ «តេជោសែនជ័យបារមីវត្តកងមាស»។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានណែនាំឱ្យក្រុមការងារ និងគណៈកម្មការគ្រប់គ្រងទូកងទាំងបី ត្រៀមលក្ខណៈដើម្បីដឹកជញ្ជូនក្រុមកីឡាករទូកតាមរថយន្ត និងអូសសណ្ដោងទូកតាមផ្លូវទឹកមករាជធានីភ្នំពេញឱ្យបានល្អ និងធានាសុខសុវត្ថិភាព ដើម្បីចូលរួមពិធីបុណ្យអុំទូក។
លោកបន្តថា នៅពេលមកដល់ភ្នំពេញ ក្រុមការងារ និងគណៈកម្មការត្រូវយកចិត្តទុកដាក់លើការស្នាក់នៅ ហូបចុក អនាម័យ និងសុខភាពរបស់ក្រុមកីឡាករទូក។ គណៈកម្មការ និងក្រុមកីឡាករទូកង ត្រូវត្រៀមកម្លាំងដើម្បីហ្វឹកហាត់នៅភ្នំពេញឱ្យបានហ្មត់ចត់ ពិសេសលក្ខណៈបច្ចេកទេសក្នុងការអុំទូក។
ម្យ៉ាងទៀត គណៈកម្មការ និងក្រុមកីឡាករទូកង ត្រូវគោរពវិន័យ បទបញ្ជា មានសាមគ្គីភាព ឯកភាពផ្ទៃក្នុងល្អ និងចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ពិសេសត្រូវខិតខំហ្វឹកហាត់ និងរួមកម្លាំងគ្នាដើម្បីធ្វើយ៉ាងណាឱ្យល្បឿនទូកងកាន់តែលឿនជាងមុន សំដៅរក្សាការពារខ្សែក្រវាត់ក្នុងផែនលេខ១ និងលើកកិត្តិយសសម្រាប់ខេត្តកំពង់ធំ និងស្រុកបារាយណ៍។
លោករដ្ឋមន្ត្រីក៏បានចែកជូននូវអំណោយមួយចំនួន ដល់ក្រុមកីឡាករទូកង មានអង្ករម្នាក់ ២៥គីឡូក្រាម ថវិកាម្នាក់ ២ម៉ឺនរៀល។
ពាក់ព័ន្ធនឹងបញ្ហាគ្រោះរាំងស្ងួតក្នុងស្រុកបារាយណ៍ ពិសេសគឺបញ្ហាខ្វះទឹកស្រោចស្រពស្រែស្រូវរបស់ប្រជាកសិករ លោករដ្ឋមន្ត្រី ថោង ខុន ក៏បានបញ្ជាទៅក្រុមការងារជំនាញ ក៏ដូចជាក្រុមការងារចុះជួយតាមឃុំនីមួយៗទូទាំងស្រុកបារាយណ៍ ត្រូវសហការគ្នាដោះស្រាយបញ្ហាទាំងនេះជូនប្រជាកសិករឱ្យបានទាន់ពេលវេលា ក្នុងករណីមានការចាំបាច់ ក្រុមការងារអាចប្រើប្រាស់គ្រឿងចក្ររបស់សម្ដេចតេជោ ដែលប្រចាំការនៅមណ្ឌលអភិវឌ្ឍន៍តេជោហ៊ុនសែនទី៥ ដើម្បីស្ដារប្រព័ន្ធធារាសាស្ត្រ នៅតំបន់ណាដែលមានប្រភពទឹក និងត្រូវចល័តម៉ាសុីនបូមទឹក ឱ្យបានរហ័ស មិនត្រូវទុកឱ្យស្រូវងាប់ ហើយត្រូវពិចារណានៅកន្លែងដែលអត់មានប្រភពទឹក បើចាំបាច់ត្រូវបុកអណ្តូងធំៗដើម្បីជួយសង្គ្រោះ ក៏ត្រូវតែធ្វើដើម្បីជួយប្រជាជន។
ប្រជាពលរដ្ឋ ក៏ដូចជាកីឡាករអុំទូកង បានបង្ហាញការសាទរយ៉ាងក្លៀវក្លាចំពោះការជួយឧបត្ថម្ភ និងការណែនាំនូវការងារពាក់ព័ន្ធនឹងព្រះរាជពិធីបុណ្យអុំទូក ពិសេសគឺដំណោះស្រាយចំពោះបញ្ហាខ្វះទឹកស្រោចស្រពស្រែស្រូវរបស់ប្រជាកសិករផងដែរ។
គួរកត់សម្គាល់ថា ស្រុកបារាយណ៍មាន១៨ឃុំ មានឃុំចំនួន១០ ដែលជួបគ្រោះរាំងស្ងួតប៉ះពាល់លើផ្ទៃដីស្រែជាង ២,០០០ហិកតា ក្នុងនោះក្រុមការងារបានសង្គ្រោះជាង ៣០០ហិកតា៕