(កំពង់ស្ពឺ)៖ រសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សាលាខេត្តកំពង់ស្ពឺ នឹងធ្វើពិធីប្រណាំងទូក «ង» ដែលមានទូកចូលរួមចំនួន៣៩ទូក គូកិត្តិយសដណ្តើមពានរង្វាន់មានចំនួន២០គូ និងគូរប្រណាំងឲ្យបងប្អូនទស្សនា កម្សាន្តលក្ខណៈមិត្តភាពប្រណីខ្មែរមាន៤គូ។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអះអាងថា សន្តិសុខសណ្តាប់ធ្នាប់ត្រូវបានរឹតបណ្តឹង ដោយប្រើប្រាស់កងកម្លាំងទាំង៣ប្រភេទជាច្រើននាក់ និងមានតំបន់ការពារតាមគោលដៅ គោលដៅរបស់សុខាភិបាល សម្រាប់ជួយសង្គ្រោះ និងផ្លូវបញ្ចៀសចរាចរបានយ៉ាងប្រសើរ។
លោកអភិបាលខេត្ត បានអំពាវនាវឲ្យប្រជាពលរដ្ឋ មកកំសាន្តសប្បាយក្នុងពិធីអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឲ្យបានច្រើនកុះករ និងទស្សនាការប្រគុំតន្ត្រី ស្តង់តាំងពិព័រណ៌ និងលក់ផលិតផលជាច្រើនមុខផងដែរ៕