(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌឬស្សីកែវ ​ក្រោមការដឹកនាំរបស់​លោកវរសេនីយ៍ឯក គល់ យី អធិការខណ្ឌ បានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ឲ្យដឹងថា កម្លាំងជំនាញរបស់លោក​បានដេញតាមបង្ក្រាបក្រុមចោរឆក់ទូរស័ព្ទដៃ​​តាមដងផ្លូវសាធារណៈ តែមិនបានសម្រេចចំនួន៣នាក់ និង២នាក់ផ្សេងទៀត រក្សាទុកថ្នាំញៀន និងកាន់ដាវសំញ៉ែង អាវុធគ្មានការអនុញ្ញាត (ដាវសាំម៉ូរ៉ៃ)​ ត្រូវបានតាមស្រាវជ្រាវរហូតបង្ក្រាបឃាត់ខ្លួនជាក់ស្ដែង ទាំងនៅពេលរសៀល និងនៅពេលរាត្រី ក្នុង៣គោលដៅ និង៣ករណីផ្សេងៗគ្នា ដកហូតបានដាវ១ដើម ថ្នាំញៀន ម៉ូតូ៣គ្រឿង និងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន។

លោកវរសេនីយ៍ឯក គល់ យី បានបញ្ជាក់ថា មុនឈានដល់ការដេញតាមបង្ក្រាបជាក់ស្ដែង ចំពោះក្រុមចោរឆក់ទូរស័ព្ទពុំទាន់បានសម្រចចំនួន៣នាក់ ដែលជាករណីទី១ គឺបានអនុវត្តឡើងភ្លាមៗ ដោយសារតែនៅមុនពេលកើតហេតុជនរងគ្រោះ កំពុងតែជិះម៉ូតូម្នាក់ឯង ដោយយកទូរស័ព្ទថតឡាយ លេងបណ្ដើរតាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងក្រុមទី៤ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ស្រាប់តែលេចមុខក្រុមជនសង្ស័យជិះម៉ូតូ មកស្របទិសគ្នា ពីជើងទៅត្បូង ហើយធ្វើសកម្មភាពឆក់តែម្តង (តែពុំទាន់បានសម្រេចឡើយ)។

រួចជនសង្ស័យជិះគេចខ្លួនបានត្រឹមតែមួយសន្ទុះប៉ុណ្ណោះ ត្រូវបានកម្លាំងសមត្ថកិច្ចដែលកំពុងឈរជើងយាមល្បាត ដេញតាមប្រផាប់ប្រភីង រហូតមកដល់ ក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ទើបឃាត់ខ្លួនបានដកហូតម៉ូតូ២គ្រឿង ក្នុងនោះមានម៉ាក Honda C125 ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង1J-5315 មួយគ្រឿង និង១គ្រឿងទៀតម៉ាក Honda C125 ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង​1B-2257។

លោក​បន្តថា ការបង្ក្រាបករណីទី២ គឺបានអនុវត្តឡើងនៅក្នុងកិច្ចប្រតិបត្តិការ ក្រោយបញ្ចប់ការស៊ើបអង្កេត រហូតឈានទៅលបឆ្មក់បង្ក្រាប ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅត្រង់ចំណុចផ្លូវបេតុង ក្នុងក្រុម១ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ដោយក្នុងនោះ ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតបានក្រាមពណ៌សថ្លា ចំនួន១កញ្ចប់។

លោកអធិការនគរបាលខណ្ឌឬស្សីកែវ បានបញ្ជាក់ទៀតថា នៅក្នុងសកម្មភាពបន្តយាមល្បាតជាប្រចាំ កន្លាំងនគរបាលប៉ុស្ដិ៍គីឡូត៍ម៉ែត្រលេខ៦ បានប្រទះឃើញជនសង្ស័យម្នាក់ កាន់អាវុធដោយគ្មានការអនុញ្ញាត (ដាវសាំម៉ូរ៉ៃ) នៅចំណុចតាមបណ្ដោយផ្លូវបេតុង ក្រុមទី២ ភូមិបឹងឈូក ក៏សម្រេចឃាត់ខ្លួនយកមកសាកសួរ និងដកហូតដាវសាំម៉ូរ៉ៃមួយ និងម៉ូតូ០១គ្រឿងម៉ាកហុងដាគុប ពាក់ស្លាកលេខក្លែងក្លាយ​កំពង់ឆ្នាំង1B-8169 រួមជាមួយឧបករណ៍ប្រើប្រាស់សារធាតុញៀនមួយចំនួន។

ជនសង្ស័យដែលឃាត់ខ្លួនពាក់ព័ន្ធករណីឆក់ទូរស័ព្ទ ទី១៖ឈ្មោះ ជា ហេង​ អាយុ២១ឆ្នាំ​ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួល ក្នុងភូមិស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ, ទី២៖ឈ្មោះ ឃន រ៉ាសាន់​ អាយុ១៨ឆ្នាំ ​មុខរបរបុគ្គលិកហាង ស្នាក់នៅ ភូមិកំពង់ត្របែក ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង, ទី៣៖ឈ្មោះ ទី សុខគង់​ អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ក្នុងខណ្ឌសែនសុខ។

​ឯជនសង្ស័យឃាត់ខ្លួនពាក់ព័ន្ធរក្សាទុកថ្នាំញៀនឈ្មោះ កាដាលី (ហៅដា) ​​អាយុ២៧ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ ស្នាក់នៅក្រុម៣ ភូមិខ២ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ។ ចំណែកជនសង្ស័យឃាត់ខ្លួនពាក់ព័ន្ធ កាន់កាប់អាវុធដោយគ្មានការអនុញាត (ដាវសាំម៉ូរ៉ៃ) ឈ្មោះ យិន ឧត្តម អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះជួលចំណុចកើតហេតុ និងមានសារធាតុញៀន។

ទោះបីយ៉ាងណា ក្រោយពីបង្ក្រាបក្រុមជនសង្ស័យទាំង៥នាក់ ក្នុង៣ករណីផ្សេងៗគ្នា ជាមួយវត្ថុតាងពាក់ព័ន្ធទាំងឡាយ ត្រូវបាននាំយកមកបន្តឃុំខ្លួនសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ក្នុងការកសាងសំណុំរឿង ដើម្បីចាត់ការទៅតាមនិតិវិធី៕​