(ភ្នំពេញ)៖ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ម្សិលមិញនេះ លោក សម រង្ស៉ី មេដឹកនាំចលនាសង្រ្គោះជាតិ បានបបួលសម្តេចតេជោ ហ៊ុន សែន តាមរយៈហ្វេសប៊ុកដើម្បីលេងល្បែង ភ្នាល់មួយដោយយកជោគវាសនាជីវិតនយោបាយរបស់ កឹម សុខា ធ្វើជាកម្មវត្ថុនៃល្បែងភ្នាល់ នេះបើយោងតាមលិខិតរបស់យុវជនម្នាក់ដែលគាំទ្រ គណបក្សប្រឆាំង «សុំមិនបញ្ចេញឈ្មោះ» បានផ្ញើមកកាន់ការិយាល័យអង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨។
នៅលិខិតរបស់យុវជនគាំទ្របក្សប្រឆាំងនោះបានរៀបរាប់យ៉ាងដូច្នេះថា៖ កាលពីម្សិលមិញ លោក សម រង្ស៉ី បានសរសេរថា «តើលោក ហ៊ុន សែន ហ៊ានភ្នាល់ជាមួយខ្ញុំទេ? កាលពីថ្ងៃ០៧ វិច្ឆិកា កន្លងទៅនេះ លោក ហ៊ុន សែន បានអះអាងថា គាត់មិនងាយដោះលែងលោក កឹម សុខា ទេ ទាល់តែចាំសេះដុះស្នែង។ ខ្ញុំនៅតែជឿជាក់ថា ក្រោមសម្ពាធអន្តរជាតិ លោក ហ៊ុន សែន នឹងត្រូវបង្ខំចិត្តដោះលែងលោក កឹម សុខា ក្នុងពេលឆាប់ៗខាងមុខនេះ។ អាចថ្ងៃ២៩ ធ្នូ ២០១៨ នេះ ឬក៏យ៉ាងយូរបំផុត ថ្ងៃ០៣ មីនា ២០១៩»។
ទន្ទឹមនឹងការបង្ហាញជំនឿចិត្តលើការដោះលែងលោក កឹម សុខា ក្រោមសម្ពាធរបស់អន្តរជាតិនេះ លោក សម រង្ស៉ី បានបបួលសម្តេចតេជោ ហ៊ុន សែន ភ្នាល់គ្នា ដោយឲ្យសម្តេចតេជោ ចុះចេញពីតំណែង បើចាញ់ការភ្នាល់នេះ ហើយតែបើគាត់ជាអ្នកចាញ់វិញ គាត់សុខចិត្តដើរចូលប្រទេសឲ្យសមត្ថកិច្ចចាប់ខ្លួនលើទោសទណ្ឌរបស់លោក។
ភ្លាមៗក្រោយការបបួលនេះ សម្តេចតេជោ ហ៊ុន សែន មេដឹកនាំដែលមិនចេះរួញរាទាំងសមរភូមិសង្គ្រាម និងនយោបាយនោះ បានទទួលយកការភ្នាល់នេះ ដោយបានបញ្ជាក់តាមអង្គភាពសារព័ត៌មាន Fresh News ថា៖ «ខ្ញុំហ៊ានភ្នាល់ជាមួយលោក សម រង្ស៊ី បើសិនមានការដោះលែង កឹម សុខា មែន។ ខ្ញុំ ហ៊ុន សែន សុខចិត្តចុះចេញពីតំណែងតាមការបបួលភ្នាល់របស់ សម រង្ស៊ី, ប៉ុន្តែបើលោក កឹម សុខា មិនត្រូវបានដោះលែងវិញនោះ នៅចន្លោះពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ទេ, លោក សម រង្ស៊ី ត្រូវហ៊ានចុះចាញ់ទទួលស្គាល់ការភ្នាល់របស់ខ្លួន ដោយចូលមកឲ្យចាប់ខ្លួនភ្លាមៗបន្ទាប់ពីបញ្ចប់ការភ្នាល់»។
ទន្ទឹមនេះសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា «ខ្ញុំសូមប្រើប្រាស់សារព័ត៌មាន Fresh News ជាសាក្សី និងឆ្លើយតបជាមួយនឹង Facebook របស់ សម រង្ស៊ី សម្រាប់ការភ្នាល់គ្នានេះ និងសូមប្រកាសឲ្យសាធារណជនជាតិ និងអន្តរជាតិ ជួយធ្វើសាក្សី ហើយការភ្នាល់នេះចាប់ពីថ្ងៃទី០៩ ខែវិច្ឆិកានេះ រហូតដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ តាមការបបួលភ្នាល់របស់ សម រង្ស៊ី»។
ស្តាប់ឮល្បែងភ្នាល់នយោបាយរបស់ សម រង្ស៉ី ភ្លាមសាធារណជនហាក់មើលឃើញថា លោក សម រង្ស៉ី ជាអ្នកក្លាហានយោបាយមួយរូបហើយមានភាពប្រាកដនិយមក្នុងខ្លួន ជាមួយជំនឿចិត្តថា នឹងឈ្នះល្បែងភ្នាល់នេះ ប្រសិនបើសម្តេចតេជោ ហ៊ុន សែន ហ៊ានទទួលយកការភ្នាល់។ ប៉ុន្តែសម្រាប់អ្នកធ្លាប់តាមដានសភាពការណ៍នយោបាយកម្ពុជា និងអ្នកសិក្សា្រសាវជ្រាវពូជនយោបាយ សម រង្ស៉ី គឺយល់ច្បាស់ថា សម រង្ស៉ី គឺពូជអ្នកនយោបាយ «គង់ហ៊ាន» កំសាករត់ចោលស្រុកស្ទើររាប់ភ្លេច ហើយធ្លាប់មានរហស្សនាមជាអ្នកនយោបាយចាញ់ចាស់វស្សា។
ប្រជាជនខ្មែរអាចដឹងច្បាស់ថា សម រង្ស៉ី ធ្វើនយោបាយជិតមួយជីវិតរបស់គាត់ មិនដែលឈ្នះម្តងណាឡើយ ហើយក៏មិនដែលបានកសាងស្នាដៃសម្រាប់ជាតិដែរ មានតែនាំគ្រោះថ្នាក់ឲ្យជាតិ និងប្រជាជនខ្មែរប៉ុណ្ណោះ តាមរយៈការញុះញង់បរទេសឲ្យកាត់ជំនួយ ឬញុះញង់ក្នុងស្រុកឲ្យចេះដុតរោងចក្រ ឬដុតសុខសន្តិភាពប្រទេស តាមរយៈការឃុបឃិតគ្នាជាមួយបរទេសដើម្បីធ្វើបដិវត្តពណ៌នៅកម្ពុជា។
ការដែលសម្តេចតេជោ ហ៊ុន សែន ទទួលយកការភ្នាល់នេះ ពុំមែនជារឿងចម្លែកនោះទេ ហើយនេះជាចរិតហ្ស៉ីនរបស់បុរសខ្លាំងកម្ពុជា ដែលធ្លាប់បានទាំងយកជីវិតធ្វើជាដើមទុនយ៉ាងអង់អាចក្លាហាននៅគ្រប់សមរភូមិសង្រ្គាម និងនយោបាយ ហើយឈ្នះបានមកវិញនូវបញ្ចប់សង្រ្គាមបង្ហូរឈាមរវាងខ្មែរ និងខ្មែររាប់ទសវត្សរ៍ ការបង្រួបបង្រួមទឹកដី នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍ជូនជាតិ និងប្រជាជនកម្ពុជាទូទាំងនគរ។
គ្រាន់តែសម្តេចតេជោ ហ៊ុន សែន ទទួលយកការភ្នាល់នេះភ្លាម គ្រប់គ្នាដឹងច្បាស់ថា នរណាឈ្នះល្បែងភ្នាល់នេះ ហើយសូម្បីតែ សម រង្ស៉ី ខ្លួនឯង ក៏ដឹងច្បាស់ថា គាត់ចាញ់ក្នុងល្បែងភ្នាល់នេះដែរ។ សម រង្ស៉ី ចាញ់ក្នុងល្បែងភ្នាល់នេះ ដោយសារ សម រង្ស៉ី ជឿលើបរទេសថា អាចសម្រេចអ្វីៗគ្រប់យ៉ាងលើក្បាលខ្មែរ ហើយសម្តេចតេជោ ហ៊ុន សែន ឈ្នះដោយសារពឹងលើខ្លួនឯងក្នុងគោលជំហរឯករាជ្យម្ចាស់ការ និងដាច់ខាតការពារអធិបតេយ្យជាតិដោយមិនឱនក្បាលចំពោះបរទេស។ ល្បែងភ្នាល់នេះ សម រង្ស៉ី បានយកអធិបតេយ្យជាតិ ជាន់ឈ្លី ហើយលត់ជង្គង់ឱនក្បាលដល់ដីឲ្យបរទេសជាន់លើក្បាលគាត់ ដើម្បីអង្វរចៅហ្វាយពរទេសឲ្យដាក់សម្ពាធលើប្រទេសរបស់គាត់ ដែលជារដ្ឋឯករាជ្យ។ ចំណែកប្រជាជនខ្មែរទាំងមូលដែលជាម្ចាស់ជោគវាសនាប្រទេស គឺនៅខាងសម្តេចតេជោ ហ៊ុន សែន ដែលអ្នកជ្រោងទង់ឯករាជ្យជាតិ។
បើយកល្បែងភ្នាល់របស់ សម រង្ស៉ី មកវិភាគឲ្យបានគ្រប់ជ្រុងជ្រោយ ល្បែងភ្នាល់នេះ គឺមានល្បិចកលដ៏ពិសពុល។ សម រង្ស៉ី ចាញ់ក្នុងល្បែងភ្នាល់ជាមួយសម្តេចតេជោ ហ៊ុន សែន ប៉ុន្តែ សម រង្ស៉ី បានឈ្នះនៅក្នុងនយោបាយផ្ទៃក្នុងក្រុមប្រឆាំង។
ល្បែងភ្នាល់នេះ មានន័យស្មើនិងការសម្លាប់ក្តីសង្ឃឹមរបស់ កឹម សុខា ដោយសារល្បែងភ្នាល់នេះ បានបិទច្រកសម្រាប់ការលើកលែងទោសជាយថាហេតុនាពេលអនាគត។ សម រង្ស៉ី ចាញ់ការភ្នាល់ជាមួយសម្តេចតេជោ ហ៊ុន សែន ប៉ុន្តែ អាចឈ្នះបានឡើងធ្វើជាប្រធានក្រុមប្រឆាំងឡើងវិញ ជំនួស កឹម សុខា នាពេលខាងមុខនៅសហរដ្ឋអាមេរិក។ សម រង្ស៉ី យល់ច្បាស់ណាស់ថា មិនអាចវិលចូលស្រុកតាមរយៈការលើកលែងទោសដូចមុនៗទេ ដោយសារសម្តេចតេជោ ហ៊ុន សែន បានប្រកាសបិទច្រករួចទៅហើយថា សម្តេចនឹងកាត់ដៃស្តាំចោល បើសម្តេចចុះហត្ថលេខាស្នើសុំលើកលែងទោសអោយ សម រង្ស៉ី។ ដូចនេះ ដើម្បីចូលស្រុកត្រូវតែចូលខ្លួនឲ្យអាជ្ញាធរចាប់ខ្លួនតាមដីការបស់តុលាការ ហើយចូលក្នុងនាមប្រធានថ្មីនៃបក្សប្រឆាំងក្រោយពេលផ្តួល កឹម សុខា បាន។ ប៉ុន្តែខ្ញុំជឿថា អ្នកនយោបាយរត់ចោលស្រុក និងអ្នកនយោបាយចាញ់ចាស់វស្សានេះ ដាច់ខាតមិនវិលចូលស្រុកឲ្យអាជ្ញាធរចាប់ខ្លួនទេ នៅពេលចាញ់ល្បែងភ្នាល់ជាមួយសម្តេច ហ៊ុន សែន។
លេងល្បែងភ្នាល់ជាមួយសម្តេចតេជោ ហ៊ុន សែន គ្រាន់តែជាតាក់ទិចនយោបាយ ខ្ចីដៃដើម្បីសម្លាប់ជីវិតនយោបាយរបស់ កឹម សុខា និងឡើងធ្វើប្រធានថ្មីនៃក្រុមប្រឆាំងជំនួស កឹម សុខា ប៉ុណ្ណោះ៕
ពីខ្ញុំយុវជនម្នាក់ដែលគាំទ្រគណបក្សប្រឆាំង