(កំពង់ចាម)៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្តកំពង់ចាម បានបន្ដបង្ក្រាបបទល្មើសនេសាទមួយកន្លែង នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចទំនប់ត្រួយចេក ឃុំស្រក ស្រុកកំពង់សៀម ដោយដកហូតបានវត្ថុតាង និងចាក់លែងកូនត្រីចូលបឹងធម្មជាតិវិញ។
របាយការណ៍របស់លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ដែលអង្គភាព Fresh News ទទួលបានប្រតិបត្តិការនេះ ធ្វើឡើងដោយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកកំពង់សៀម សហការជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋបាលស្រក អាជ្ញាធរឃុំស្រក និងខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម ដឹកនាំដោយលោក ផន សុផា អនុប្រធានផ្នែករដ្ឋបាលជលផលខេត្តកំពង់ចាម ដោយមានការចង្អុលបង្ហាញពីលោក ប៊ិន ឡាដា អភិបាលស្រុកកំពង់សៀម។
ជាលទ្ធផលនៃប្រតិបត្តិការ កម្លាំងសមត្ថកិច្ចដកហូតបាន លូស្បៃមុង ចំនួន៣៥មាត់, របាំងព្រួល ប្រវែង១,៤០០ម៉ែត្រ, បង្គោលឬស្សី ចំនួន៥២៥ដើម និងចាក់លែងកូនត្រីចម្រុះ ចូលបឹងធម្មជាតិ ចំនួន៧០គីឡូក្រាម។ ចំពោះសម្ភារវត្ថុតាង បានសហការកាប់ និងដុតបំផ្លាញចោលនៅនឹងកន្លែង ដោយមានការឯកភាពពី លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម៕