(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជាលើកដំបូងរបស់លោក Chungwon Choue ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ WTF ពិភពលោក ខណៈប្រមុខកីឡាតេក្វាន់ដូបែបកូរ៉េខាងត្បូងរូបនេះបានប្រកាសរក្សាជំហរយ៉ាងមុតមាំ ក្នុងការបន្ដជួយគាំទ្រកម្ពុជា ក្រោយមើលឃើញភាពរីកចម្រើន និងការអភិវឌ្ឍន៍គ្រប់វិស័យកីឡានាពេលបច្ចុប្បន្ន។
ថ្លែងក្នុងជំនួបសវនាកានៅទីស្នាក់ការ NOCC កាលពីល្ងាចមិញលោកបណ្ឌិត ថោង ខុន បានថ្លែងអរគុណយ៉ាងជ្រាលជ្រៅ ចំពោះសហព័ន្ធកីឡាតេក្វាន់ដូ WTF ពិភពលោក ដែលបានជួយគាំទ្រកម្ពុជា តាំងពីឆ្នាំ១៩៩៥ រហូតដល់បច្ចុប្បន្ន ពិសេសគឺបានផ្គត់ផ្គង់គ្រប់បែបយ៉ាង ដើម្បីជួយឲ្យកម្ពុជា ដណ្ដើមបានមេដាយមាសកីឡាអាស៊ី-Asian Games លើកដំបូងកាលពីឆ្នាំ២០១៤ និងទទួលបានសិទ្ធិពេញលេញចូលរួមប្រកួតកីឡាអូឡាំពិក លើកដំបូងកាលពីឆ្នាំ២០១៦ ដែលឆ្លុះបញ្ចាំងឲ្យឃើញនូវការរួមចំណែកយ៉ាងសំខាន់ពីស្ថាប័យកីឡាកំពូលមួយនេះ។
ទន្ទឹមជាមួយគ្នា លោករដ្ឋមន្ដ្រី ក៏បានស្នើឲ្យកិច្ចសហប្រតិបត្តិការដ៏ល្អនេះ នៅតែបន្ដជារៀងរាល់រហូត ដើម្បីជំរុញវិស័យកីឡាតេក្វាន់ដូកម្ពុជា ឆ្ពោះទៅដណ្ដើមមេដាយកីឡាអូឡាំពិកផងដែរ ដូចជាការផ្ដល់កន្លែងហ្វឹកហាត់នៅកូរ៉េ ដើម្បីត្រៀមប្រជែងកៅអីអូឡាំពិក ឆ្នាំ២០២០ នៅទីក្រុងតូក្យូ ការផ្ដល់ជំនួសបន្ថែមលើសម្ភារៈ និងឧបករណ៍ហ្វឹកហាត់ស្របតាមបច្ចេកវិទ្យាទំនើប ក៏ដូចជាការរក្សានូវកិច្ចសហការល្អ រវាងកម្ពុជា កូរ៉េ និងសហព័ន្ធកីឡាតេក្វាន់ដូ WTF ពិភពលោក ដើម្បីអភិវឌ្ឍន៍វិស័យកីឡានេះឲ្យកាន់តែរីកចម្រើន និងឈានទៅដល់គោលដៅកម្ពុជាចង់បាន។
ឆ្លើយតាបនឹងការលើកឡើង ក៏ដូចជាសំណើររបស់ភាគីកម្ពុជា លោក Chungwon Choue បានវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើននៃវិស័យកីឡាតេក្វាន់ដូកម្ពុជាបច្ចុប្បន្ន ហើយលោកបានសម្ដែងនូវក្ដីរីករាយក្នុងការបន្ដកិច្ចសហប្រតិបត្តិការ និងជួយអភិវឌ្ឍន៍កីឡាតេក្វាន់ដូកម្ពុជាជារៀងរាល់រហូត ពិសេសគឺលោកចង់ឃើញកម្ពុជា ដណ្ដើមបានមេដាយកីឡាអូឡាំពិកលើកដំបូង ដោយកីឡាតេក្វាន់ដូតែម្ដង។ ហេតុនេះ លោកមានជំនឿចិត្តយ៉ាងមុតមាំថា ដោយសារវិស័យកីឡាកម្ពុជា មានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាលពិសេសពី សម្តេចតេជោ នាយករដ្ឋមន្ត្រីនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផងនោះ កម្ពុជានឹងសម្រេចគោលដៅមួយនេះ នៅថ្ងៃណាមួយជាក់ជាមិនខាន។
ដោយឡែកលោក ជ្រិន សុធា អនុប្រធានខេមរសហព័ន្ធតេក្វាន់ដូ បានចាត់ទុកវត្តមានរបស់ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ WTF មកកាត់ប្រទេសកម្ពុជាលើកដំបូងនេះ គឺជាសញ្ញាណវិជ្ជមានមួយទៀត ដើម្បីរុញច្រានការអភិវឌ្ឍន៍វិស័យកីឡាតេក្វាន់ដូកម្ពុជាឲ្យកាន់តែរីកចម្រើន និងឈានទៅរកការប្រកួតប្រជែងមេដាយលើឆាកអន្ដរជាតិកាន់តែច្រើន ពិសេសគឺការត្រៀមខ្លួនឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣តែម្ដង៕