(ភ្នំពេញ)៖ ​កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដេប៉ូទី៣ នៃអធិកា​រដ្ឋាននគរបាលខណ្ឌទួលគោក បានចុះប្រតិបត្តិការត្រួតពិនិត្យ និងល្បាតការពារសុវត្ថិភាពក្នុងមូលដ្ឋាន បានធ្វើការឃាត់ខ្លួនជនសង្ស័យ០៣នាក់ជាក់ស្តែង ដែលបានប្រព្រឹត្តបទល្មើសរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចមុខផ្ទះលេខ៣៩Eo ផ្លូវ១២៨ កែងផ្លូវ២២១ ក្រុមទី៣២ ភូមិ៩ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លូននៅវេលាម៉ោងជាង១យប់ ឈានចូលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ទី១៖​ឈ្មោះ អាណន់ រាជដាសីវ ហៅរាជសី អាយុ៣៣ឆ្នាំ មុខរបររើសអេតចាយ ស្នាក់ពុំពិតប្រាកដ (ដេកចល័តតាមផ្លូវ) (ម្ចាស់ថ្នាំ), ទី២៖ឈ្មោះ ប៉ុល ឌីណា ហៅម៉ៅ ​អាយុ៣៧ឆ្នាំ ​មុខរបររើសអេតចាយ ស្នាក់ពុំពិតប្រាកដ (ដេកចល័តតាមផ្លូវ) និងទី៣៖ឈ្មោះ សំ សុភាព ហៅម៉ៅ ​មុខរបររើសអេតចាយ ស្នាក់ពុំពិតប្រាកដ (ដេកចល័តតាមផ្លូវ)។

ក្នុងនោះកម្លាំងនគរបាលជំនាញដកហូតបាន ថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សថ្លា ​ចំនួន០១កញ្ចប់, បំពង់កែវជ័រកែច្នៃសម្រាប់ជក់គ្រឿងញៀនចំនួនពីរ, ទុយោកែច្នៃសម្រាប់ជក់គ្រឿងញៀនចំនួនមួយ, ដែកកេះចំនួន៤ និងកូនថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យទាំងបីនាក់ខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ​ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ៕