(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់លោក លី សៀនឡុង (Lee Hsien Loong) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសិង្ហបុរី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅក្រោមមូលបទ «ភាពរឹងមាំ និង នវានុវត្តន៍របស់អាស៊ាន» ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅប្រទេសសិង្ហបុរី។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ បានឲ្យដឹងថា សម្តេចតេជោនាយករដ្ឋមន្រ្តី រំពឹងថា នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល ដូចខាងក្រោម៖
*កិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៣ និងការពិសាអាហារការងារពេលល្ងាច សម្រាប់ថ្នាក់ដឹកនាំអាស៊ាន។
*កិច្ចប្រជុំកំពូលក្រៅផ្លូវការអាស៊ាន-អូស្រ្តាលី អមដោយអាហារពេលព្រឹក។
*កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២១។
*កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២០។
*កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី លើកទី៣។
*កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២១។
*កិច្ចប្រជុំកំពូលក្រៅផ្លូវការអាស៊ាន-ឥណ្ឌា អមដោយអាហារពេលព្រឹក។
*កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី៦។
*កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២១។
*កិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៣ (ពេញអង្គ)។
*កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (ចង្អៀត) អមដោយអាហារថ្ងៃត្រង់។
*និងកិច្ចប្រជុំថ្នាក់ដឹកនាំ នៃភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ លើកទី២។
បើតាមសេចក្តីប្រកាសព័ត៌មានដដែលគណៈប្រតិភូដែលអញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី រួមមាន៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្ម, លោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីអប់រំ យុវជន និងកីឡា ព្រមទាំងឥស្សរជនជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ច នៃសភាពាណិជ្ជកម្មកម្ពុជាផងដែរ។
ស្របពេលកិច្ចប្រជុំកំពូលនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញចូលរួមក្នុងប្រជុំ និងកម្មវិធីមួយចំនួន ដូចខាងក្រោម៖
*កិច្ចប្រជុំជាមួយក្រុមប្រឹក្សាពិគ្រោះយោបល់ ធុរកិច្ចអាស៊ាន។
*កម្មវិធីអាហារការងារថ្ងៃត្រង់ រៀបចំដោយលោក លី សៀនឡុង សម្រាប់ថ្នាក់ដឹកនាំអាស៊ាន។
*និងពិធីលៀងសាយភោជន (Gala Dinner) រៀបចំដោយប្រធានកិច្ចប្រជុំ សម្រាប់ថ្នាក់ដឹកនាំអាស៊ាន។
ក្នុងអំឡុងពេលស្នាក់នៅប្រទេសសិង្ហបុរី សម្តេចតេជោ ហ៊ុន សែន ក៏នឹងមានជំនួបទ្វេភាគី ជាមួយប្រមុខគណៈប្រតិភូ នៃប្រទេសមួយចំនួនផងដែរ។
ក្នុងការត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ លោក ប្រាក់ សុខុន នឹងអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ាន លើកទី១៨ និងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន លើកទី២២ ដែលកិច្ចប្រជុំទាំងពីរនេះ នឹងប្រព្រឹត្តទៅនៅមុនកិច្ចប្រជុំកំពូលអាស៊ាន៕