(ម៉ាឡេស៊ី)៖ ឆ្លៀតឱកាសដំណើរទស្សនកិច្ចការងារនៅប្រទេសម៉ាឡេស៊ី លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានចូលជួបសំណេះសំណាល និងពិភាក្សាការងារកិច្ចសហប្រតិបត្តិការការងារមនុស្សធម៍ ជាមួយលោក YB Datuk Seri Dr. Mujahid bin Yusof រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការសាសនាម៉ាឡេស៊ី។
ក្នុងជំនួបដែលធ្វើឡើងនៅការិយាល័យរដ្ឋបាលរាជរដ្ឋាភិបាលទីក្រុង Putrajaya នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ ក៏បានជួបជាមួយលោក Datuk Haji Mohd Nordin Ibrahim ប្រធានអគ្គនាយកដ្ឋានអភិវឌ្ឍន៍ឥស្លាម(JAKIM) រួមនឹងថ្នាក់ដឹកនាំឥស្លាមសំខាន់ៗម៉ាឡេស៊ីផងដែរ។
បើតាមលោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ ថ្នាក់ដឹកនាំទាំងអស់នោះ ជាអ្នកគ្រប់គ្រងកិច្ចការឥស្លាម និងការងារមនុស្សធម៌ទូទាំងប្រទេសម៉ាឡេស៊ី គន្លងមកបានឧបត្ថម្ភថវិកាជាច្រើនដល់កម្ពុជា ក្នុងការសាងសង់ វិហារ សូរ៉ាវ វិទ្យាស្ថាន សាលា អន្តេវាសិកដ្ឋានសិស្ស ទិញដីពង្រីកទីធ្លាសាលា សិក្ខាសាលា វគ្គបណ្តុះបណ្តាលបច្ចេកទេស កម្មពិធីស្រាយបួស កុមារកំព្រា ចាស់ជរា គូរបាន និងជំនួយគ្រោះធម្មជាតិ ជាដើម តាមរយៈគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា និង អង្គការមូលនិធិអភិវឌ្ឃន៍ឥស្លាមកម្ពុជា៕