(ភ្នំពេញ)៖ ក្រោយពីបញ្ចប់ដំណើរទស្សនកិច្ច ចូលរួមមហាសន្និបាតសមាគម អន្តរជាតិ អភិបាលក្រុង ប្រើប្រាស់ភាសាបារាំង, លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងគណៈប្រតិភូ ចំនួន១៦រូប នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានវិលត្រឡប់ដល់ប្រទេសកម្ពុជាដោយសុវត្ថិភាពវិញហើយ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅទីក្រុងប៉ារីស និងចូលរួមមហាសន្និបាត លើកទី៣៨ របស់សមាគមអន្តរជាតិ អភិបាលក្រុងប្រើប្រាស់ ភាសាបារាំង AIMF នៅទីក្រុងលីស ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨។
ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយអញ្ជើញមកដល់ភា្លមៗ លោក ឃួង ស្រេង បានបញ្ជាក់ថា ក្នុងមហាសន្និបាតនោះ អង្គប្រជុំបានជ្រើសរើសរាជធានីភ្នំពេញ ឲ្យធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំសមាគមអន្ដរជាតិអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង លើកទី៣៩ នៅឆ្នាំ២០១៩ខាងមុខនេះ។
សូមជម្រាបថា មហាសន្និបាតនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោកស្រី អាន អ៊ីដាល ហ្គោ អភិបាលក្រុងប៉ារីស និងជាប្រធានសមាគមអន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង និងរដ្ឋមន្ត្រីក្រសួងកីឡាបារាំងផងដែរ ដោយផ្តោតលើប្រធានបទ ដែលពាក់ពន្ធ័កីឡាគឺកីឡាសុខភាព ឬបំពេញឲ្យគ្នា កីឡា ការបង្កើតថ្មី និងការអភិវឌ្ឍន៍មូលដ្ឋាន, ទីក្រុង និងព្រឹត្តិការណ៍កីឡាអន្តរជាតិខ្នាតធំ, តើជាហានិភ័យ ឬជាឱកាស? កីឡា និងតម្លៃក្នុងទីក្រុងផងដែរ។
មានរបៀបវារៈជាច្រើន ត្រូវបានលើកយកមកពិភាក្សា និងអនុមត័មានការធ្វើបច្ចុប្បន្នភាព បញ្ជីសមាជិក, អនុម័តកំណត់ហេតុអង្គសន្និបាត AIMF លើកទី៣៧, របាយការណ៍ស្ដីពីសកម្មភាពរបស់ AIMF ក្នុងឆ្នាំ២០១៧, របាយការណ៍ នៃការអនុវត្តថវិកាឆ្នាំ២០១៧ និងបទបង្ហាញអំពីគណនេយ្យ, របាយការណ៍សវនករ, ការអនុម័តលើគណនេយ្យ និងរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ២០១៧, គម្រោងចំណាយនានាលើការឧបត្ថម្ភដល់ទីក្រុង និមួយៗ ជាសមាជិកAIMF។
ក្នុងបទអន្តរាគមន៍លោក ឃួង ស្រេង បានលើកឡើងពីកិច្ចសហការល្អប្រកបដោយប្រសិទ្ធភាពខ្ពស់ ហើយធ្វើឲ្យយើងខ្ញុំមានលទ្ធភាពពេញលេញចូលរួមពិភាក្សា និងផ្តល់យោបល់ ដើម្បីរៀបចំកសាងសេចក្តីព្រាងគោលនយោបាយ និងយន្តការនានាព្រមទាំងផែនការយុទ្ធសាស្ត្រ៥ឆ្នាំ របស់សមាគមទុកជាប្រយោជន៍ ដល់បុព្វហេតុនៃហ្វ្រង់កូហ្វូនី កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការរៀបចំបែបផែន អភិបាលកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិ របស់បណ្តាសមាជិកសមាគមនាពេលអនាគត ឲ្យដើរឆ្ពោះទៅរកវឌ្ឍនភាពលើគ្រប់វិស័យដោយចីរភាព៕