(ស្វាយរៀង)៖ ស្ថិតក្នុងបរិវេណវិមានឯករាជ្យខេត្តស្វាយយរៀង លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងនៅ ព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់ស្ថាប័ន ព្រះសង្ឃ សិស្សនិស្សិត លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ បានប្រារព្ធខួបលើកទី៦៥ នៃទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី៩ វិច្ឆិកា ១៩៥៣ ថ្ងៃទី៩ វិឆ្ឆិកា ២០១៨ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ដែលបានតស៊ូយ៉ាងជោគជ័យរំដោះទឹកដី ចេញផុតពីនឹមត្រួតត្រាអាណានិគមនិយមបារាំង។
លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានអានសុន្ទរកថា ដែលមានខ្លឹមសារថា៖ ខួបអនុស្សាវរីយ៍លើកទី៦៥ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ទូទាំងប្រទេសកម្ពុជា តែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ព្រោះជាទិវាប្រវត្តិសាស្ត្រដ៏រុងរឿង ដែលកម្លាំងមហាសាមគ្គីរបស់ប្រជាជាតិទាំងមូល ដណ្តើមបានទាំងស្រុង មកវិញពីអាណានិគមនិយមបារាំង នាឆ្នាំ១៩៥៣ នូវឯករាជ្យពិតប្រាកដ ក្រោមព្រះរាជបូជនីយកិច្ចដ៏ថ្លៃថ្លានៃ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិនៃយើង ទាំងអស់គ្នា។
លោកអភិបាលរងខេត្តបានអានសុន្ទរកថាបន្តទៀតថា ការរំលឹកខួបអនុស្សាវរីយ៍ ដែលជាទិវាប្រវត្តិសាស្ត្រដ៏រុងរឿង បានប្រព្រឹត្តទៅ ពេលជាមួយនឹងទិវាកំណើតកងយោធពលខេមរភូមិន្ទ ក្នុងស្មារតីចងចាំជានិច្ចមិនអាចបំភ្លេចបាននូវគុណូបក្ការៈ ដ៏ថ្លៃថ្លារបស់វីរយុទ្ធជនយុទ្ធនារី និងប្រជាពលរដ្ឋយើងនៅគ្រប់ទិសទី ដែលបានពុះពារប្រយុទ្ធតស៊ូធ្វើពលិកម្ម អាយុជីវិត យ៉ាងអង់អាចក្លាហានបំផុត ដើម្បីសង្គ្រោះជាតិ មាតុភូមិពីរបបប្រល័យពូជសាសន៍ពីភ្នក់ភ្លើងសង្គ្រាម គ្រោះកាចចង្រៃផ្សេងៗ ព្រមទាំងបានរួមចំណែកយ៉ាងធំធេងក្នុងការការពារទឹកដី អធិបតេយ្យ សេរីភាព សន្តិភាព សន្តិភាព និងវិបុលភាពជាតិ នៃព្រះរាជាណាចក្រកម្ពុជា។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នាសូមលំឱនកាយសម្តែងគាវរវភក្តីភាព និងកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតថ្វាយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុព្រះវររាជមាតា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលបានបូជាអស់ព្រះកាយពល និងព្រះបញ្ញាញាណ ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្ររបស់ព្រះអង្គ និងសូមឲ្យស្មារតីនៃទិវាខួបលើក ទី៦៥ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ( ៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០១៨ ) ប្រែក្លាយជាកម្លាំងមហាសាមគ្គីជាតិដ៏ខ្លាំងក្លា ដើម្បីកសាង អភិវឌ្ឍន៍ និងការពារជាតិមាតុភូមិកម្ពុជា ឲ្យសម្បូររុងរឿងជារៀងរហូតក្រោមម្លប់សុខសន្តិភាពដែលកំពុងមានសព្វថ្ងៃនេះ»៕