(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានលើកឡើងថា មានយន្តការពីរដែលជួយឲ្យលុបបំបាត់ការបញ្ច្រាសផ្លូវរបស់ប្រជាពលរដ្ឋខ្មែរទទួលបានប្រសិទ្ធភាព។ យន្តការទាំងពីរនោះទី១៖ គួរបញ្ចូលច្បាប់ចរាចរណ៍បូកនឹងសុជីវធម៌តាមផ្លូវទៅក្នុងកម្មវិធីសិក្សា ដើម្បីឲ្យក្លាយជាទម្លាប់) និងទី២. ឈានដល់ការអនុវត្តន៍ពិន័យតឹងរឹង ដែលឈានដល់ការលុបចោលបណ្ណបើកបរ។

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងពីយន្តការលុបបំបាត់អ្នកបញ្ជាយានយន្តបញ្ច្រាសផ្លូវនៅលើទំព័រ Facebook របស់លោកនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ម្សិលមិញនេះ តបទៅនឹងចម្ងល់របស់ពលរដ្ឋខ្មែរម្នាក់ដែលចង់ឃើញឲ្យមានលុបបំបាត់ការជិះបញ្ច្រាសផ្លូវនេះ។

យន្តការទាំងពីរដែលលើកឡើងដោយលោករដ្ឋមន្ត្រី ទទួលបានការគាំទ្រច្រើនផងដែរ។ សូមបញ្ជាក់ថា ការជិះបញ្ច្រាសផ្លូវស្ទើរតែក្លាយជាទម្លាប់ទៅហើយរបស់ប្រជាពលរដ្ឋកម្ពុជាមួយចំនួន។ ការជិះបញ្ច្រាសផ្លូវនេះ បានក្លាយទៅជាបញ្ហាបង្កការកកស្ទះចរាចរណ៍ ហើយក៏បង្កឲ្យមានគ្រោះថ្នាក់ចរាចរជាញឹកញាប់ផងដែរ៕