(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងជាប្រធានដឹកនាំយុវជន យុវតីរបស់ខ្មែរ ធ្វើដំណើរប្រមាណ៤០គីឡូម៉ែត្រ កាត់ព្រៃឆ្ពោះទៅកាន់តំបន់ប្រវត្តិសាស្ត្រវិមាន២ធ្នូ ស្ថិតក្នុងស្រុកស្នួល ខេត្តក្រចេះ បានថ្លែងថា ដើម្បីសម្រេចបានទៅដល់គោលដៅនៃព្រឹត្តិការណ៍នៃការដើរ៤០គីឡូម៉ែត្រទៅកាន់ប្រវត្តិសាស្ត្រនេះ យុវជនទាំងអស់ត្រូវត្រៀមអ្វីៗគ្រប់យ៉ាងដោយខ្លួនឯង សាកល្បងហាត់ដើរដោយខ្លួនឯងឱ្យបានច្រើន និងត្រៀមសម្ភារៈឱ្យបានរួចរាល់ ទើបអាចសម្រេចទៅដល់គោលដៅបាន។
លោក ហ៊ុន ម៉ានី បានថ្លែងយ៉ាងដូច្នេះ នៅស្នាក់ការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា នាល្ងាចថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងឱកាសដែលលោកបានជួយសំណោះសំណាលក្រុមយុវជន ដែលបានត្រៀមទៅចូលរួមក្នុងព្រឹត្តិការណ៍នៃការដើរ ៤០គីឡូម៉ែត្រទៅកាន់ប្រវត្តិសាស្ត្រ ដើម្បីរំលឹកពីវីរភាពរបស់ឥស្សរជនខ្មែរ ដែលនឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតក្នុងស្រុកស្នួល ខេត្តក្រចេះ។
លោក ហ៊ុន ម៉ានី បានថ្លែងថា ព្រឹត្តិការណ៍៤០គីឡូម៉ែត្រទៅកាន់ប្រវត្តិសាស្ត្រនេះ ជាវេទិកាមួយបង្រៀនយុវជន យុវតីជំនាន់នេះ ឲ្យចេះរួបរួមគ្នាក្នុងគ្រាលំបាក និងគ្រាសុខសាន្ត ស្វែងយល់ពីកម្រិតសមត្ថភាពរបស់ខ្លួន ក៏ដូចជាកម្រិតនៃការតស៊ូ ភាពអត់ធ្មត់ និងសមត្ថភាពដោះស្រាយបញ្ហាជាក់ស្តែង រួមជាមួយការស្វែងយល់បន្ថែមពីប្រវត្តិសាស្ត្រតាមរយៈការធ្វើដំណើរថ្មើរជើងរួមគ្នា លើគន្លងផ្លូវដែលមានចម្ងាយ៤០គីឡូម៉ែត្រ។
ព្រឹត្តិការណ៍នេះ ក៏ដើម្បីបង្កើតបរិយាកាសស្និទ្ធស្នាល និងប្រកបដោយភាតរភាព ដែលក្នុងនោះយុវជនទាំងអស់ ត្រូវបានលើកទឹកចិត្តឲ្យមានសកម្មភាពកសាងក្រុម (Team Building) ដូចជាការដើររួមគ្នា ច្រៀងចម្រៀងរួមគ្នា ការចំអិនអាហាររួមគ្នា ការបោះជំរុំ ការដុតភ្លើងគប់ ការនិទានរឿង និងការបញ្ចេញសមត្ថភាព ទេពកោសល្យផ្ទាល់ខ្លួន ក៏ដូចជាការច្រៀងរាំកម្សាន្តផ្សេងៗ។
លោកបានបន្ថែមទៀតថា ជាមួយគ្នានោះដែរ ដើម្បីឱ្យយុវជនចេះស្វែងយល់ពីគ្នា បង្កើតសាមគ្គីភាពនឹងគ្នាក្នុងសកម្មភាពរួម និងជាការរំលឹកពីអតីតភាពរបស់យុវជនជំនាន់មុន មានបេសកកម្ម ស្រួល ឬជួបការលំបាកយ៉ាងណា? តើយុវជនជំនាន់ថ្មី មានការតស៊ូ អត់ធ្មត់បានដូចឥស្សរៈជនជំនាន់មុនបានដែរឬទេ? ៤០គីឡូម៉ែត្រនេះ គឺឲ្យយុវជនទាំងអស់ ត្រូវត្រៀមការទទួលខុសត្រូវដោយខ្លួនឯង នៅពេលធ្វើដំណើរប្រវត្តិសាស្ត្រ៤០គីឡូម៉ែត្រ។
លោកបានបញ្ជាក់ថា «ដើម្បីដើរទៅដល់គោលដៅ នៃព្រឹត្តិការណ៍ដើរ៤០គីឡូម៉ែត្រទៅកាន់ប្រវត្តិសាស្ត្រ គឺយុវជនម្នាក់ៗ ត្រូវត្រៀមដោយខ្លួនឯង សាកល្បងហាត់ដើរដោយខ្លួនឯង ហើយត្រូវដឹងថា តើអ្វីត្រូវយកតាមខ្លះ និងអ្វីដែលមិនត្រូវយកតាមខ្លូននោះ មានតែការសាងល្បង និងការអត់ធ្មត់ តស៊ូខំប្រឹងប្រែង និងភាពទទួលខុសត្រូវលើខ្លូនឯង តាំងពីការគិតគូរ ការត្រៀមពីដំណាក់កាលមួយទៅដំណាក់មួយទៀត ដោយខ្លួនឯងទេ ទើបអាចធ្វើឱ្យយើងទទួលបានជោគជ័យ ហើយចំពោះក្រុមការងារបានជួយត្រឹមតែមូលដ្ឋានសាមញ្ញប៉ុណ្ណោះ ក្រៅពីនោះ គឺត្រូវតែយកចិត្តទុកដាក់ដោយខ្លួនឯង»។
លោកបានគូសបញ្ជាក់ថា «យើងត្រូវតែសិក្សាពីអតីតកាលធ្វើជាមេរៀន ដែលអាចឱ្យយើងមានកម្លាំងអាចឆ្ពោះទៅមុខបន្តទៀត បើយើងគ្រាន់តែការដើរ៤០គីឡូម៉ែត្រ យើងតស៊ូអត់ធ្មត់ ដើរមិនដល់គោលដៅផង ចុះពេលដែលប្រទេសជាតិមានអាសន្ន ត្រូវការយើងទាំងអស់គ្នា តើយើងធ្វើបានដែរឬទេ? ហើយការដើរ៤0គីឡូម៉ែត្រនេះ មិនមែនត្រឹមតែយើងធ្វើតេស្តខ្លួនឯងនោះទេ តែក៏យើងចង់ដឹងមួយទៀតដែរថា នៅពេលដែលប្រទេសជាតិមានអាសន្ន តើយើងអាចលះបង់អ្វីដែលខ្លួនមាន រួបរួមគ្នា សាមគ្គីគ្នា ដាក់ផលប្រយោជន៍ប្រទេសជាតិជាចម្បង ហើយរួមគ្នាដើម្បីសម្រេចគោលដៅនេះបានដែរឬទេ? យើងមិនចាំបាច់ ដល់ប្រទេសមានប្រទេសមានអាសន្ន ទើបយើងភ្ញាក់រលឹកខ្លួនឯងនោះទេ ដែលនេះជាកាសាកល្បងខ្លួនឯង និងចង់ចាំនូវស្មារតីមួយនេះ ព្រោះយើងមិនដឹងថា ពេលណាប្រទេសមានសង្គ្រាមនោះទេ កាលះបង់ដើម្បីប្រទេសជាតិគឺមានតែការអត់ធ្មត់ តស៊ូ ពុះពាររួមគ្នាហើយ ដាក់ផលប្រយោជន៍ប្រទេសជាចម្បង ទើបជាកាលះបង់ដើម្បីសង្គមជាតិ»។
យុវជន ផុន ថាវីដែន ជាអ្នកចូលរួមព្រឹត្តិការណ៍ដើរ៤០គឺឡូម៉ែត្រទៅកាន់ប្រវត្តិសាស្ត្រ បានឱ្យដឹងថា ព្រឹត្តិការណ៍ដើរ៤០គឺឡូមែត្រទៅកាន់ប្រវត្តិសាស្ត្រនេះ វាបានទាក់ទាញចិត្តរបស់រូបគេខ្លាំងណាស់ ពីព្រោះរូបគេជាមនុស្សដែលចូលចិត្តការដើរច្រើន ហើយមួយទៀតនោះរូបគេធ្លាប់តែដើរ នៅលើផ្លូវរាបស្មើ ដូច្នេះចង់ស្វែងយល់ពីការដើរនៅក្នុងព្រៃម្តង ថាតើរូបគេអាចដើរបានឬទេ? ហើយយុវជនរូបនោះបានឱ្យដឹងទៀតថា រូបគេបានធ្វើការហ្វឹកហាត់ក្នុងការដើរចំងាយជាច្រើនដងហើយ និងបានត្រៀមរួចជាស្រេច ទាក់ទងនឹងសម្ភារក្នុងការដើរនោះបានរួចរាល់ផងដែរ។
ដោយឡែកកញ្ញា ផាន់ ឡៃហេង ជាអ្នកចូលរួមដើរដែរនោះ បានឱ្យដឹងថា រូបគេក៏បានត្រៀមខ្លូនរួចជាស្រេចនូវសម្ភារត្រូវប្រើប្រាស់ ដែលងាយស្រួលក្នុងការដើរ និងបានគិតគូរទុកជាមុននូវអាហារដែលត្រូវយកទៅតាមផងដែរ ហើយសព្វថ្ងៃនេះ តែងតែបានដើរហ្វឹកហាត់ខ្លួនឯង ជាមួយមិត្តភក្តិស្ទើររាល់ថ្ងៃផងដែរ ដើម្បីជាការបង្កើតភាពងាយស្រួលនៅពេលដែលទៅចូលរួមក្នុងព្រឹត្តិការណ៍ដើរ ៤០គីឡូម៉ែត្រទៅកាន់ប្រវត្តិសាស្ត្រនេះផងដែរ៕