(សៀមរាប)៖ ថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជន និងរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥ ទិវាបុណ្យឯករាជ្យជាតិ និងថ្ងៃបង្កើតកងយោធពលខេមរភូមិន្ទ ៩ វិច្ឆិកា ១៩៥៣- ៩ វិច្ឆិកា ២០១៨ ដែលពិធីនេះធ្វើឡើងនៅវិមានរំលឹកគុណអតីតវីរយុទ្ធជន ខេត្តសៀមរាប។
ពិធីនេះមានការចូលរួមពីមន្រ្តីរាជការ កងកម្លាំងគ្រប់លំដាប់ថ្នាក់ ក៏ដូចជាសិស្សានុសិស្ស ដើម្បីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធយុទ្ធជន យុទ្ធនារី និងវីរបុរសអ្នកស្នេហាជាតិដែលបានពលីជីវិតដ៏ថ្លៃថ្លាសម្រាប់បុព្វហេតុមាតុភូមិ និងប្រជាជន។
ជាមួយគ្នានេះដែរ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា គឺជាការរំលឹកដល់ពលរដ្ឋកម្ពុជា ជាពិសេសយុវជនយុវនារីជំនាន់ក្រោយ ឱ្យបានយល់ដឹងអំពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្រ្ដខ្មែររបស់ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្ដៀវក្លាបំផុត តស៊ូរំដោះជាតិទាមទារឯករាជ្យ ពីនឹមអាណានិគមនិយមបារាំងដោយជោគជ័យទាំងស្រុង នាថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣៕