(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថាជាទូទៅបើយើងនិយាយពីពិធីបុណ្យឯករាជ្យជាតិ គឺមិនថាប្រទេសណា ឬជាតិសាសន៍ណានោះទេលើលោកនេះ គឺតែងតែមានពិធីរំឭកដល់ថ្ងៃឯករាជ្យជាតិរបស់ខ្លួនជានិច្ច។ ដោយក្នុងន័យរំឭកដល់គុណបំណាច់បុព្វការីជនខ្លួនដែលបានពលីជីវិតដើម្បីជាតិ មាតុភូមិ ក្នុងការរំដោះប្រទេសចេញពីនឹមត្រួតត្រារបស់បរទេសណាមួយ។ បានសេចក្ដីថា «ពិធីបុណ្យឯករាជ្យជាតិ មានគោលបំណងដើម្បីប្រកាសអំពីឧត្ដមភាពប្រទេសខ្លួន មិនស្ថិតក្រោមការត្រួតត្រារបស់បរទេសណាទំាងអស់ ពិសេសដាស់តឿនឲ្យយើងម្នាក់ៗត្រូវចងចំាជានិច្ច កុំឲ្យប្រទេសធ្លាក់ក្រោមនឹមបរទេស» ហ្នឹងណា។
ជាក់ស្ដែងពិធីបុណ្យឯករាជ្យខ្មែរយើងថ្ងៃទី៩ វិច្ជិកា ឆ្នាំ២០១៨នេះ ដែលជាខួប៦៥ឆ្នាំ ដូចយើងទំាងអស់គ្នាកំពុងសាទរ និងមានមោទនភាពជាតិនេះគឺសំដៅរំឭកដល់ ស្នាមព្រះហត្ថដ៏ប្រពៃថ្លៃថ្លាសម្ដេចឪព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង ដែលព្រះអង្គ បានរំដោះប្រទេសចេញពីនឹមអាណានិគមនិយមបារំាងសែស ដែលបានត្រួតត្រាមកលើខ្មែរយើងយ៉ាងឃោរឃៅបំផុតក្នុងរយៈពេល៩០ឆ្នាំ។
បើដូច្នេះមានន័យថា «ចំពោះពិធីបុណ្យឯករាជ្យជាតិថ្ងៃទី៩ វិច្ជិកានេះ គឺជាការបញ្ជាក់ប្រាប់ដល់មតិជាតិនិងអន្ដរជាតិ អំពីឧត្ដមភាពប្រទេសជាតិលែងនៅក្រោមនឹមត្រួតត្រារបស់បារំាងហើយ»។
លោក រត្ន័ សណ្ដាប់ បន្ដថាស្ថិតក្នុងន័យនេះដែរបើនិយាយពីប្រវត្ដិពិធីបុណ្យឯករាជ្យជាតិនេះផងដែរ គឺជាពិធីបុណ្យទស្សនវិជ្ជាខ្មែរយើង ដែលមានតំាងពីបុរាណកាលមកម្ល៉េះ ពិសេសសម័យចក្រភពអង្គរដ៏រុងរឿងនៃយើង។ ភស្ដុតាងនេះយើងឃើញយ៉ាងច្បាស់ នៅក្នុងសិលាចារឹកស្ដុកកក់ធំ ដោយបានរៀបរាប់យ៉ាងក្បោះក្បាយស្ដីអំពីព្រះបាទជ័យវរ្ម័នទី២ ឆ្នាំ៨០២ គឺព្រះអង្គ ជាស្ដេច មានគុណសម្បត្ដិដ៏ធំធេងបំផុតក្នុងព្រឹត្ដិការណ៍នយោបាយកម្ពុជា។ ដោយក្នុងនោះ ព្រះអង្គ បានរំដោះប្រទេសចេញពីការឈ្លានពានប្រទេសជ្វា និងបានបង្រួបបង្រួមប្រទេសរវាងចេទ្បាដីគោគ និងចេទ្បាទឹកលិចរួចមក ព្រះអង្គក៏បានទ្បើងមកគ្រងរាជសម្បត្ដិនៅភ្នំគូលេន(មហេន្រ្ទបព៌ត) ដោយព្រះអង្គ បានប្រកាសជាឱទ្បាឫកថា «កម្ពុជាលែងនៅចំណុះជ្វាទៀតហើយ»។ ចំពោះពិធីបុណ្យឯករាជ្យជាតិនេះ បានរៀបចំបូជាលិង្គ ទុកជាទេពដ៏ពិសិដ្ឋសម្រាប់រាជ្យនិងប្រទេសហៅថា«កម្រតេង ជគត ត រាជ»។
បានន័យថាបន្ទាប់ពីព្រះបាទជ័យវរ្ម័នទី២ បានរំដោះប្រទេសឲ្យលែងនៅចំណុះជ្វា និងបង្រួបបង្រួមជាតិឲ្យមានការឯកភាពជាតិតែមួយរួចមក ព្រះរាជាក្រោយៗបានខិតខំប្រឹងប្រែងយ៉ាងខ្លំាងក្លា ក្នុងការអភិវឌ្ឍប្រទេសលើវិស័យសេដ្ឋកិច្ច រហូតបង្កើតជាគ្រឹះដ៏រឹងមំាសម្រាប់អារ្យធម៌អង្គរទំាងមូល។ បើដូច្នេះបានសេចក្ដីថា«ខ្មែរ មានប្រវត្ដិបុណ្យឯករាជ្យជាតិមុនគេលើលោក»។
ជាចុងបញ្ចប់លោក រត្ន័ សណ្ដាប់ បញ្ជាក់ថាស្ថិតក្នុងទិវាបុណ្យឯករាជ្យជាតិនេះដែរ បើនិយាយពីបុព្វការីជនខ្មែរយើងដែលមានគុណបំណាច់ជាតិ មាតុភូមិ បើគិតពីសម័យទំនើបយើងនេះ ក្រោយពីចប់សង្រ្គាមលោកទី២ឆ្នាំ១៩៤៥មក ប្រទេសយើងមានរដ្ឋបុរសពីរនាក់គឺ៖ ទីមួយ៖ សម្ដេចឪព្រះបរមរតនកោដ្ឋ ជា«បិតាឯករាជ្យ» ដោយព្រះអង្គ បាននំាប្រទេសចេញពីនឹមអាណានិគមនិយមបារំាងសែស ដែលបានត្រួតត្រាខ្មែរយើងមានរយៈពេល៩០ឆ្នាំ។ និងទីពីរ៖ សម្ដេចតេជោ ហ៊ុន សែន ជា«បិតាសន្ដិភាព» ដោយសម្ដេច បាននំាប្រទេសឲ្យមានការឯកភាពជាតិតែមួយទ្បើងវិញ ដែលប្រទេសយើងបានបែកបាក់គ្នា បន្ទាប់ពីការធ្លាក់ចុះអារ្យធម៌អង្គរចាប់ពីស.វ.ទី១៤មក មានរយៈពេលប្រមាណ៥០០ឆ្នាំ៕