(ជប៉ុន)៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើក៦៥ នៃទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា និងខួប៦៥ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជាជប៉ុន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នៅល្ងាចថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោក អ៊ឹង រចនា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានបញ្ជាក់ថា ទិវាជាប្រវត្តិសាស្រ្តខាងលើ បានប្រព្រឹត្តិទៅដោយមានការគាំទ្រច្រើនពីសិស្ស និស្សិត និងប្រជាជនកម្ពុជា រស់នៅប្រទេសជប៉ុន តំណាងក្រសួងការបរទេសជប៉ុន តំណាងអង្គការ ក្រុមហ៊ុនឯកជនជប៉ុន ព្រមទាំងតំណាងអង្គទូតនានា នៃប្រទេសមួយចំនួនចូលរួមផងដែរ។
លោកឯកអគ្គរាជទូត បានសម្ដែងនូវសេចក្តីសប្បាយរីករាយ ចំពោះអ្នកចូលរួមមានចំនួនច្រើន លើសពីការគ្រោងទុក ដែលបង្ហាញពីការគាំទ្រពីបណ្តាប្រជាជនកម្ពុជា ប្រជាជន តំណាងរាស្រ្តជប៉ុន និងលោក Norikazu SUZUKI អនុរដ្ឋមន្រ្តីកាបរទេសជប៉ុន ព្រមទាំងមិត្តភក្តិ និងបណ្តាអង្គទូតប្រទេសផ្សេងទៀត ចំពោះកម្ពុជា។
លោក អ៊ឹង រចនា បានរំលឹកថា ការប្រារព្ធពិធីបុណ្យឯករាជជាតិ ០៩ វិច្ឆិកា នេះជាការរំលឹកដល់ព្រះរាជបូជនីយកិច្ច ដ៏មហាអស្ចារ្យ ស្នាព្រះហស្ថដឹកនាំប្រទេស រហូតដណ្តើមបានឯករាជ្យជាតិពេញលេញនៅឆ្នាំ១៩៥៣ ជូនមាតុភូមិកម្ពុជា របស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។
លោកសង្ឃឹមថា ចាប់ពីពេលនេះ ក្រោយកម្ពុជាទទួលបានសន្តិភាពពេញលេញ ចាប់ពីឆ្នាំ១៩៩៨ រហូតដល់សព្វថ្ងៃ កម្ពុជាមានការរីកចម្រើគ្រប់វិស័យ ហើយតទៅខាងមុខ កម្ពុជានឹងពង្រឹងការអភិវឌ្ឍ និងមានការីកចម្រើនជាងបច្ចុប្បន្ន។ នៅទីក្រុងតូក្យូប្រទេសជប៉ុន ជាមួយនឹងការប្រារព្ធខួបបុណ្យឯករាជ្យជាតិ ស្ថានឯកអគ្គរាជទូតកម្ពុជា បានប្រារព្ធផងដែរខួប៦៥ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជាជប៉ុនផងដែរ។
លោក Norikazu SUZUKI អនុរដ្ឋមន្រ្តីការបរទេសជប៉ុន បានថ្លែងពីភាពរីកចម្រើន និងកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្រ្តរវាងកម្ពុជា និងជប៉ុន ដែលជប៉ុនតែងតែចាត់ទុកកម្ពុជា ជាមិត្តរហូតមក។ លោកបានចាត់ទុកថា កម្ពុជាកំពុងមានសន្តិភាព និងស្ថិរភាព ដែលជាលទ្ធផលនៃការខិតខំប្រឹងប្រែង ព្យាយាមរបស់កម្ពុជា។ នៅប្រទេសជប៉ុន មាននិស្សិតកម្ពុជាច្រើនដែរ បាននិងកំពុងសិក្សា ហើយក្រោយពីបញ្ចប់ទៅ និស្សិតកម្ពុជានឹងក្លាយជាធនធានមនុស្ស ចូលរួមអភិវឌ្ឍប្រទេសបន្ថែមទៀត និងរួមចំណែកដល់ទំនាក់ទំនងប្រទេសទាំង២ កាន់តែរីកចម្រើនថែមទៀត។
តាមរយៈលោកអនុរដ្ឋមន្រ្តីការបរទេសជប៉ុន ក្នុងមួយឆ្នាំៗ ប្រជាជនជប៉ុនប្រមាណ២សែននាក់ បានធ្វើដំណើទៅទស្សនាប្រទេសកម្ពុជា ដូចនេះវិស័យសេដ្ឋកិច្ចកម្ពុជា ក៏មានការីកចម្រើន ហើយទំនាក់ទំនងនៃប្រទេសទាំងពីរក៏កាន់តែរឹងមាំថែមទៀត។
លោក កាន់ ផាន់ណារិទ្ធ ប្រធានសមាគមនិស្សិតខ្មែរនៅប្រទេសជប៉ុន បានឲ្យដឹងថា កម្មវិធីនៅថ្ងៃនេះ ផ្តល់ឱកាសឲ្យប្រជាជនកម្ពុជាបានជួបគ្នា ក៏ដូចជាប្រជាជនកម្ពុជា និងជប៉ុន ពិភាក្សាលើការពង្រឹងកិច្ចសហការគ្នាកាន់តែរឹងមាំបន្ថែមទៀត។
ដោយឡែក លោក ម៉េង ផល្គុន និស្សិតថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ផ្នែកវិស្វកម្ម និងសំណង់ស៊ីវិល នៅសាកលវិទ្យាល័យតូក្យូប្រទេជប៉ុន បានបញ្ជាក់ថា នេះជាលើកទី១ បានចូលរួមព្រឹត្តិការណ៍ពិធីបុណ្យឯករាជ្យជាតិ នៅប្រទេសជប៉ុន ជាពិសេសអ្នកចូលរួមបានជួបគ្នា ហើយបង្កើតទំនាក់ទំនងល្អ ហើយអាចស្វែងយល់ពីបណ្តាក្រុមហ៊ុន និងអង្គការ សមាគមជប៉ុននានា ដែលមានបំណងចូលរួមចំណែកដល់ការពង្រឹង និងពង្រីកទំនាក់ទំនងនៃប្រទេសទាំងពីរកម្ពុជា-ជប៉ុន។
នៅប្រទេសកម្ពុជា ពិធីបុណ្យឯករាជ្យជាតិក៏ធ្វើឡើងនៅថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ២០១៨នេះ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត នៃព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងមានថ្នាក់ដឹកនាំ មន្ត្រីរាជការ សិស្ស និស្សិត កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋរាប់ម៉ឺននាក់បានចូលរួម។
យោងតាមប្រវត្តិសាស្ត្រ បានបង្ហាញថា ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ គឺជាខួប៦៥ឆ្នាំហើយ ដែលប្រជាជាតិកម្ពុជាទាំងមូល បានរំដោះខ្លួនទាំងស្រុង ចេញពីអាណានិគមន៍បារាំង ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដ៏ក្លៀវខ្លារបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតន កោដ្ឋ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។
បារាំង បានដាក់អាណានិគមន៍លើដែនដីសុវណ្ណភូមិ អស់រយៈពេលជិតមួយសតវត្សរ៍ ពីថ្ងៃទី១១ ខែសីហា ឆ្នាំ១៨៦៣ ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ទើបកម្ពុជាទារបានឯករាជ្យក្រោមព្រះរាជបូជនីយកិច្ចរបស់ អតីតព្រះមហាក្សត្រ សម្ដេចព្រះបរមរតនៈកោដ្ឋ សម្ដេចព្រះ នរោត្តម សីហនុ។
ខាងក្រោមជា សុន្ទករថារបស់ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន
ថ្ងៃនេះ ខ្ញុំមានកិត្តិយសក្រៃលែង ដែលមានឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយសទាំងអស់ អញ្ជើញ ចូលរួមក្នុងកម្មវិធីល្ងាចនេះ ដើម្បីអបអរខួបលើកទី៦៥នៃទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រ កម្ពុជា និងខួបលើកទី៦៥នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន។ ខ្ញុំពិតជាមានសចក្តីរំភើបយ៉ាងខ្លាំ ចំពោះវត្តមានដ៏ថ្លៃថ្លារបស់ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយសទាំងអស់ ។
ក្នុងឱកាសដ៏ពិសេសនេះ ខ្ញុំសូមជូនពរអស់ពីដួងចិត្តជូនចំពោះប្រជាជនកម្ពុជា ហើយក៏សូមចូលរួមអបអរ និងចូលរួមជាមួយប្រជាជនខ្មែរទាំអអស់ក្នុងការរំលឹកខួបដ៏សប្បាយរីករាយនេះ។ ប្រជាជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈ តែងតែចងចាំជានិច្ចនូវព្រះរាជបរាជបូជនីយកិច្ចប្រកបដោយជោគជ័យរបស់ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរម រតន កោដ្ឋ ព្រះបីតាជាតិ ក្នុងការទាមទារឯករាជ្យជូនប្រទេស និងប្រជារាស្រ្តកម្ពុជា ។ ចាប់តាំងពីឆ្នាំ១៩៥៣មក ប្រទេសកម្ពុជាបានឆ្លងកាត់ប្រព័ន្ធនយោបាយជាច្រើន ហើយមានសេដ្ឋកិច្ចមិននឹងនរ។ មុនឆ្នាំ១៩៩៨ កម្ពុជាមិនដែលស្គាល់អ្វីទៅសន្តិភាព និងស្ថិរភាពពិតប្រាកដឡើយ។ តែនៅក្រោយឆ្នាំ១៩៩៨ និងដោយសារតែនយោបាយឈ្នះៗរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ទេទើបសុបិន្តរបស់ប្រជាជនកម្ពុជាដែលរង់ចាំជាយូរមកហើយនោះ បានក្លាយជាការពិត។ សន្តិភាព និងស្ថិរភាពដែលទទួលបានដោយលំបាកនេះ បានផ្តល់ឧកាសមាស អោយប្រទេសកម្ពុជាធ្វើដំណើរឆ្ពោះទៅមុខ គឺពីប្រទេសដែលមានអស្ថិរភាពនិងអសន្តិសុខស្បៀង ក្លាយជាប្រទេសដែលនាំស្បៀងចេញ និងជាប្រទេសដែលកាត់បន្ថយអត្រាភាពក្រីក្របានយ៉ាងល្អប្រសើរបំផុត តាមរយៈកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧ភាគរយក្នុងមួយឆ្នាំ ក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ ហើយកម្ពុជាក៏បានក្លាយជា ប្រទេសគោលដៅទេសចរណ៍ដ៏មានប្រជាប្រីយភាព។
ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយសទាំងអស់
ប្រជាធិបតេយ្យនៅកម្ពុជានៅក្មេងខ្ចីនៅឡើយ ។ កម្ពុជាបានចាប់ផ្តើមធ្វើដំណើរលើគន្លងប្រជាធិបតេយ្យភាវូបនីយកម្ម ជាប់រហូតឥតដាច់ កាលពី២៥ឆ្នាំមុន ក្រោយពីការបោះឆ្នោតរៀបចំដោយអង្គការសហប្រជាជាតិ។ តែទោះបីជាយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាលើកកម្ពស់នីតិរដ្ឋ និងប្រកាន់ខ្ជាប់ប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស តាមរយៈការរៀបចំការបោះឆ្នោតជាសាកល។ ប្រជាជនជិត៧លាននាក់ ឬស្មើ ៨៣,០២% នៃអ្នកបានចុះឈ្មោះ បានចូលរួមបោះឆ្នោតកាលពីខែកក្កដា ឆ្នាំ២០១៨នេះ ដោយគ្មានការបង្ខិតបង្ខំ ការគំរាមកំហែង ឬអំពើហឹង្សាឡើយ។ គណបក្សនយោបាយចំនួន២០បានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតដែលរៀបចំឡើងក្នុងរយៈពេល៥ឆ្នាំម្តងនេះ ហើយអ្នកកសង្កេតការណ៍ជាតិ និងអន្តរជាតិរាប់ម៉ឺននាក់បានវាយតម្លៃថា ការបោះឆ្នោតនេះថាបានប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ និងគួរអោយទុកចិត្តបាន។ ចំនួនអ្នកទៅបោះឆ្នោត និងសម្លេងឆ្នោតរបស់គាត់ បានឆ្លុះបញ្ចាំងពីការចង់បានសន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងការគាំទ្រលទ្ធិប្រជាធិប តេយ្យនៅកម្ពុជា។
ចំពោះទំនាក់ទំនងទ្វេភាគី កម្ពុជានិងជប៉ុនបានបង្កើតទំនាក់ទំនងការទូត នៅខែមករា កាលពី៦៥ឆ្នាំមុន។ អ្វីដែលគួរអោយកត់សម្គាល់នោះគឺថា ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរត្រូវបានបង្កើតឡើង មុនពេលដែលកម្ពុជាទទួលបានឯករាជ្យពេញលេញ ហើយខ្ញុំយល់ថា ចំនុចនេះបញ្ជាក់ពី សារៈសំខាន់នៃការបង្កើតចំណងមិត្តភាព និងជាគ្រឹះដ៏រឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ រហូតដល់ពេលបច្ចុប្បន្ននេះ។
ក្នុងរយៈពេល៦៥ឆ្នាំនេះ កម្ពុជានិងជប៉ុនមិនត្រឹមតែអត់ធន់នឹងការផ្លាស់ប្តូរពេលវេលានិងនយោបាយតំបន់ និងអន្តរជាតិប៉ុណ្ណោះទេ ក៏ប៉ុន្តែយើងបានឃើញនូវការកើនឡើង និងកាន់តែស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគីផងដែរ ។ ប្រទេសទាំងពីររីករាយចំពោះទំនាក់ទំនងដ៏កក់ក្តៅ ក៏ដូចជាកិច្ចសហប្រតិបត្តិការពហុវិស័យ ដែលលើកស្ទួយមិត្តភាពរបស់យើងអោយក្លាយជាភាពជាដៃគូយុទ្ធសាស្ត្រនៅខែធ្នូ ឆ្នាំ២០១៣។
ខ្ញុំមានសេចក្តីរីករាយសូមកត់សម្គាល់ថា កម្ពុជានិងជប៉ុនជាមិត្ត ដៃគូល្អទាំងសំរាប់កិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី។ ចំណងមិត្តភាពដ៏រឹងមាំរបស់យើងត្រូវបានពង្រឹង និងពង្រីកតាមរយៈការផ្លាស់ប្តូរនៃដំណើរទស្សនកិច្ចជាន់ខ្ពស់ជាញឹកញាប់ ការរីកចំរើននៃវិស័យវិនិយោគនិងពាណិជ្ជកម្ម និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។ ឆ្នាំនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី បានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅប្រទេសជប៉ុន នៅខែតុលា ហើយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហច្រតិបត្តិការអន្តរជាតិនៃព្ររាជាណាចក្រកម្ពុជា បានអញ្ជើមមកបំពេញទស្សនកិច្ចការងារនៅប្រទេសជប៉ុននៅខែកញ្ញាផងដែរ។ កម្ពុជាក៏មានសេចក្តីរីករាយដែលបានទទួលស្វាគមន៍ឯកឧត្តម Taro Kono រដ្ឋមន្រ្តីការបរទេសជប៉ុន នៅខែមេសា ឆ្នាំ២០១៨នេះ។ នេះមិនរាប់បញ្ចូលការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់ឥស្សរជនជាន់ខ្ពស់នៃប្រទេសទាំងពីរ។
រដ្ឋាភិបាលជប៉ុនបានរួមចំណែកយ៉ាងច្រើន មិនត្រឹមតែចំពោះដំណើរការស្វែងរកសន្តិភាពនៅកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងរួមចំណែកដល់ការកសាងប្រទេស និងសេដ្ឋកិច្ចកម្ពុជាឡើងវិញផងដែរ បន្ទាប់ពីសង្គ្រាម។ ជប៉ុនគឺជាប្រទេសមួយក្នុងចំណើមប្រទេសធំៗ ដែលបាននិងកំពង់ផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការដល់កម្ពុជា។ ជប៉ុនបានជួយលើវិស័យជាច្រើន រួមមានហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព ការកាត់បន្ថយភាពក្រីក្រ អភិបាលកិច្ចល្អ នីតិរដ្ឋ ការអភិវឌ្ឍធនធានមនុស្ស ការដោះមីន ។ល។
បច្ចុប្បន្ន នៅកម្ពុជាមានភោជនីយដ្ឋានជប៉ុនបប្រមាណជាង ២០០ និងក្រុមហ៊ុនជាង២៥០។ កម្ពុជាក៏កំពុងតែក្លាយជាគោលដៅទេសចរណ៍ដ៏ល្បីសម្រាប់ទេសចរណ៍ជប៉ុន។ នៅឆ្នាំ២០១៧ យើងបានទទួលស្វាគមន៍ភ្ញៀវទេសចរជប៉ុនជាង ២០ម៉ឺននាក់ ហើយខ្ញុំមានសុទិដ្ឋិនិយមថា កម្ពុជានឹងទទួលស្វាគមន៍ភ្ញៀវទេសចរជប៉ុនកាន់តែច្រើនឡើងនៅឆ្នាំនេះ និងឆ្នាំបន្តបន្ទាប់ទៀត។
កម្ពុជានិងជប៉ុនមានផលប្រយោជន៍រួមក្នុងកិច្ចការតំបន់ និងសាកលលោក តាមរយៈកិច្ច សហប្រតិបត្តិការ និងការសប្របសម្រួលដ៏ជិតស្និទ្ធ។ ប្រទេសទាំងពីរបានធ្វើការយ៉ាងជិតស្និទ្ធដើម្បីជាប្រយោជន៍ដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់និងពិភពលោក។
មុននឹងបញ្ចប់ ខ្ញុំសូមថ្លែងអំណរអរគុណដ៏ស្មោះស្ម័គ្រជូនចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុនជាមិត្ត ចំពោះការរួមចំណែកដ៏ធំធេងសំរាប់ការអភិវឌ្ឍ និងការបន្តផ្តល់ជំនួយដល់កម្ពុជា ហើយក៏សូមជូនពរដល់ប្រជាជននៃព្រះរាជាណាចក្រកម្ពុជា និងជប៉ុន ក៏ដូចជា ឯកឧត្តម លោកជំទាវ និងភ្ញៀវកិត្តិយសដែលមានវត្តមាននៅទីនេះ សូមប្រកបដោយជោគជ័យ និងវិបុលភាព៕