(បាងកក, ថៃ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយរដ្ឋមន្ត្រីដឹកជញ្ជូនមកពីប្រទេសសមាជិកអាស៊ាន៩ផ្សេងទៀត និងអនុរដ្ឋមន្ត្រីដឹកជញ្ជូនកូរ៉េខាងត្បូង លោក Kim Jeong Ryeol បានបើកកិច្ចប្រជុំរួមគ្នាស្តីពីការដឹកជញ្ជូនអាស៊ាន-កូរ៉េ លើកទី៩ នៅទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន និងអនុរដ្ឋមន្ត្រីដឹកជញ្ជូនកូរ៉េខាងត្បូង បានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពក្នុងការអនុវត្តផែនទីបង្ហាញផ្លូវ កិច្ចសហប្រតិបត្តិការដឹកជញ្ជូនអាស៊ាន-កូរ៉េ និងគម្រោងចំនួន២០ សម្រាប់ឆ្នាំ ២០១៨-២០២០ ព្រមទាំងការបញ្ចប់គម្រោងនៅក្នុងឆ្នាំ២០១៨។ គម្រោងទាំង២០ ដែលបានបញ្ចប់នោះរួមមាន៖
ក. ការសិក្សាសមិទ្ធិលទ្ធភាពសម្រាប់ការសាងសង់ផ្លូវដែកតភ្ជាប់ Vung Ang – Tan Ap – Mu Gia (វៀតណាម) ជាមួយThakhek – Vientiane (ឡាវ)
ខ. ការសិក្សាសមិទ្ធិលទ្ធភាពលម្អិតសម្រាប់លើកម្រឹតផ្លូវជាតិលេខ៨ នៅលើបណ្តាញផ្លូវអាស៊ានហាយវ៉េ១៥ (AH15) នៅក្នុងប្រទេសឡាវ
គ. ផែនការធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក និងភស្តុភាកម្ម តាមរយៈការអភិវឌ្ឍផែស្ងួត នៅក្នុងប្រទេសមីយ៉ាន់ម៉ា
ឃ. គម្រោងអភិវឌ្ឍន៍ផ្លូវល្បឿនលឿន Da Nang - Quang Ngai - កញ្ចប់ CS2: សេវាត្រួតពិនិត្យគម្រោង៕