(បាងកក, ថៃ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនរបស់កម្ពុជា រួមនិងរដ្ឋមន្ត្រីដឹកជញ្ជូនប្រទេសសមាជិកអាស៊ាន៩ផ្សេងទៀត និងអនុរដ្ឋមន្ត្រីដឹកជញ្ជូនរបស់ប្រទេសជប៉ុន នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានបើកកិច្ចប្រជុំរួមគ្នាស្តីពីការដឹកជញ្ជូនអាស៊ាន-ជប៉ុនលើកទី១៦ នៅទីក្រុងបាងកក ប្រទេសថៃ។
ក្នុងកិច្ចប្រជុំនេះ រដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ានបានស្វាគមន៍សេចក្តីប្រកាសការគាំទ្ររបស់ជប៉ុន ដល់សកម្មភាពនានា ដោយផ្អែកលើផែនការយុទ្ធសាស្រ្តដឹកជញ្ជូនគូឡាឡាំពួរ ២០១៦-២០២៥ នៅក្នុង
វិស័យដឹកជញ្ជូនតាមផ្លូវអាកាស, ផ្លូវគោក, ផ្លូវសមុទ្រ, ការដឹកជញ្ជូនប្រកបដោយចីរភាព និងកិច្ចសម្រួលការដឹកជញ្ជូន តាមរយៈគម្រោង និងសកម្មភាព ដែលស្ថិតក្រោមភាពជាដៃគូដឹកជញ្ជូនអាស៊ាន-ជប៉ុន គ្រប់ជ្រុងជ្រោយ និងចីរភាព។
រដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ាន និងអនុរដ្ឋមន្ត្រីដឹកជញ្ជូនរបស់ជប៉ុន បានពិភាក្សា និងអនុម័តលើគំនិតផ្តួចផ្តើមគោលនយោបាយ/កិច្ចសហប្រតិបត្តិការស្ថិតក្រោមភាពជាដៃគូដឹកជញ្ជូនអាស៊ាន-ជប៉ុន ចំនួន៥រួមមាន៖
ក- គំនិតផ្តួចផ្តើមថ្មី៖ គំនិតផ្តួចផ្តើមថ្មីនេះ គឺផ្តោតជាសំខាន់ទៅលើ ១.) សុវត្ថិភាពចរាចរណ៍ផ្លូវគោក, ២.) ការអនុវត្ត ទិន្នន័យចល័ត សម្រាប់ផែនការដឹកជញ្ជូន
ខ- លទ្ធផលសំខាន់ៗ នៃគម្រោងដែលមានស្រាប់ រួមមាន៖ ១.) ការអនុវត្តល្អបំផុតអាស៊ាន-ជប៉ុន ស្តីពីភស្តុភារកម្មបៃតង, ២.) ឯកសារបច្ចេកទេសសម្រាប់បច្ចេកវិទ្យាសាងសង់ផ្លូវ នៅក្នុងរបៀងអន្តរជាតិអាស៊ាន, ៣.) ផែនទីបង្ហាញផ្លូវតំបន់អាស៊ាន-ជប៉ុន សម្រាប់សន្តិសុខអាកាសចរណ៍
គ- សំណើផែនការការងារភាពជាដៃគូដឹកជញ្ជូនអាស៊ាន-ជប៉ុន ២០១៨-២០១៩
ឃ- របាយការណ៍វឌ្ឍនភាពកិច្ចព្រមព្រៀងសេវាកម្មផ្លូវអាកាសអាស៊ាន-ជប៉ុន និង
ង- ការត្រួតពិនិត្យពាក់កណ្តាលអាណត្តិ ផែនការសកម្មភាពប៉ាក់សេ៕