(រតនគិរី)៖ ប្រជាពលរដ្ឋចំនួន២០៣នាក់ រស់នៅក្នុងភូមិចំនួន២ នៅស្រុកអូរជុំ ខេត្តរតនគិរី បានកើតរោគរាគក្អួត ត្រូវបានអ្នកស្រុកបញ្ជូនទៅធ្វើការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ តែមួយថ្ងៃក្រោយមកក៏មានអាការៈធូរស្បើយវិញ នាំគ្នាវិលត្រឡប់ទៅផ្ទះវិញអស់ទៅ។

ហេតុការណ៏នេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅនេះ នៅចំណុចភូមិល្អើនក្រើន ,ភូមិរល្អើនជង ឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគីរី ។

បើតាមការបញ្ជាក់ពីលោកវេជ្ជបណ្ឌិត អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាល ខេត្តរតនគីរី បានអោយដឹងថា មូលហេតុលប្រជាពលរដ្ឋកើតអាការៈក្អួតចង្អោរនេះ មកពីពួកគាត់បរិភោគអាហារ មិនមានអានាម័យល្អ ។

លោកវេជ្ជបណ្ឌិត អ៊ុង រតនា ប្រាប់បន្តថាក្នុងចំណោមពលរដ្ឋ២០៣នាក់នោះ មានតែ៤០នាក់ប៉ុណ្ណោះដែល ត្រូវព្យួរសេរ៉ូម ទោះជាយ៉ាងណាករណីនេះមិនមានប្រជាពលរដ្ឋណាម្នាក់មានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។

ប៉ុន្តែលទ្ធផលយ៉ាងណានោះគឺរងចាំក្រុម ការងារយកឈាមទៅពិសោធន៍នៅឡាបូភ្នំពេញសិន។ ហើយលោកក៏បានដាក់ក្រុមគ្រូពេទ្យប្រចាំការនៅទីនោះ (ភូមិកើតហេតុ) តាមដានស្ថានភាពជំងឺពួកគាត់។ លុះដល់រសៀលថ្ងៃនេះ(០៩វិច្ឆិកា)អ្នកជំងឺខាងលើបានវិលត្រឡប់ទៅលំនៅដ្ឋានរៀងៗ ខ្លួនអស់ហើយ។

ជាមួយគ្នានឹងករណីខាងលើនេះដែរលោកវេជ្ជបណ្ឌិត អ៊ុង រតនា បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅកន្លែង
ផ្សេងៗទៀតសូមឲ្យពួកគាត់មុននឹងបរិភោគចំណីអាហារត្រូវគិតពីអនាម័យផង៕