(ភ្នំពេញ)៖ ជនសង្ស័យចំនួន៤នាក់ ក្នុងនោះមានម្នាក់ ចូលទៅលួចបើកទ្វារបន្ទប់ប៉ុនប៉ងលួចទ្រព្យសម្បត្តិរបស់គេ តែពុំទាន់បានសម្រេចឡើយ, ម្នាក់ទៀតប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន និង២នាក់ផ្សេងទៀត ជាមុខសញ្ញាចាស់ជំនាញខាងលួចកាច់សោរកម៉ូតូរបស់គេបានសម្រេច ហើយរត់មិនរួច ព្រោះត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍សង្កាត់ច្រាំងចំរេះទី២, ប៉ុស្ដិ៍សង្កាត់ស្វាយប៉ាក, ប៉ុស្ដិ៍សង្កាត់ឬស្សីកែវ បានតាមស៊ើបអង្កេត រហូតបង្ក្រាបបានជាក់ស្ដែង ទាំងនៅពេលថ្ងៃ និងនៅពេលរាត្រី ដែលដឹកនាំដោយផ្ទាល់ពីលោកវរសេនីយ៍ឯក គល់ យី អធិការនគរបាលខណ្ឌឬស្សីកែវ។
លោកវរសេនីយ៍ឯក គល់ យី បានប្រាប់ភ្នាក់ងារ Fresh News នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះថា ជនសង្ស័យដែលបង្ក្រាបជាក់ស្ដែង ក្នុងបទល្មើសប៉ុនប៉ងលួចទ្រព្យសម្បត្តិ តែពុំទាន់បានសម្រេចនោះទេ (គ្មានវត្ថុតាងដកហូត) ឈ្មោះ យ៉ាម៉ូស្តា ហ្វាកាម៉ាល់ អាយុ២៤ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ក្រុមទី៣ ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ និងធ្លាប់ប្រើប្រាស់គ្រឿងញៀន អស់រយៈពេល០៣ខែ មកហើយ ក្រោយពីឃាត់ខ្លួនបាននៅចំណុចផ្ទះគ្មានលេខមួយកន្លែង ក្នុងក្រុម៥ ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ដើម្បីយកមកធ្វើការសាកសួរជនសង្ស័យ តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ លី ស្រីពៅ អាយុ៤៨ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅកន្លែងកើតហេតុ។
លោកវរសេនីយ៍ឯក គល់ យី បន្តថា ជនសង្ស័យដែលបង្ក្រាបបានជាក់ស្ដែងដូចគ្នា ក្នុងបទល្មើសប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ឈ្មោះ ពៅ ខេមរិន អាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ដោយក្នុងប្រតិបត្តិការនោះ ដកហូតបានក្រាមពណ៌សថ្លាចំនួន០១កញ្ចប់ នៅពេលសម្ថកិច្ចកំពុងចុះអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក លើកំណាត់ផ្លូវលេខ៥ ត្រង់ចំណុចក្រុមទី១ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក។
លោកអធិការនគរបាលខណ្ឌឬស្សីកែវ បានបញ្ជាក់ទៀតថា ចំពោះជនសង្ស័យដែលបង្ក្រាបបានបន្ទាប់ ពីបញ្ចប់ការស្រាវជ្រាវក្នុងបទល្មើសលួចកាច់សោរកម៉ូតូ បានសម្រេច គឺបានអនុវត្តឡើងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ ឈ្មោះ យុន ដាម៉ិច អាយុ២៧ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ ដែលជាមុខសញ្ញាចាស់ និងមានសារធាតុញៀន ជាមួយបក្ខពួកម្នាក់ទៀតឈ្មោះ សេង ម៉េង ហៅធី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ និងមានសារធាតុញៀន ត្រូវបានបង្ក្រាបនៅណុចផ្ទះលេខ១៥៣២ ផ្លូវជាតិលេខ៥ ក្រុមទី៩ ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ។
ក្នុងប្រតិបត្តិការនោះ ដកហូតបានម៉ូតូ១គ្រឿង ម៉ាកវីវ៉ាស៊េរីឆ្នាំ២០១២ ពណ៌ក្រហម ពាក់ស្លាកលេខបាត់ដំបង1N-4091 ដើម្បីយកមកប្រគល់ជូនរងគ្រោះឈ្មោះ ហូ ឆៃហួ អាយុ៣៨ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ដែលជាម្ចាស់វិញ ជាមួយវត្ថុតាងពាក់ព័ន្ធមានសោរខ្សៀលេខ០៨ ចំនួន១, ដែកសំប៉ែតកែច្នៃ សម្រាប់កាច់សោរកម៉ូតូចំនួន០១, ដែកលួសសរសៃមួយកំណាត់កែច្នៃសម្រាប់ឆ្កឹះសោរចំនួន០១។
បើតាមលោកអធិការខណ្ឌ បន្ទាប់ពីបង្ក្រាបឃាត់ខ្លួនក្រុមជនសង្ស័យទាំង៤នាក់ ពាក់ព័ន្ធបទល្មើស៣ករណីផ្សេងគ្នា ជាមួយវត្ថុតាង ត្រូវបានបន្តឃុំខ្លួនសាកសួបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ក្នុងការកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធី៕