(កណ្ដាល)៖ លោកឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន និងលោកស្រី ណាល់ សុខអ៊ាន ឡូវ ហ៊ឹង នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានអញ្ជើញចុះជួបសំណេះសំណល ជាមួយកីឡាករចំណុះទូកង ចំនួន៣ ប្រមាណជាង២០០នាក់ នៅក្នុងបរិវេណវត្ដបទុមរង្សី ស្ថិតក្នុងភូមិតាទន់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្ដកណ្ដាល ។
បន្ទាប់ពីសេចក្ដីរាយការណ៍ របស់ប្រធានគណៈកម្មការទូកងទាំងបីរួចមក លោកឧកញ៉ា ឡូវ ហ៊ឹង បានសំដែងនូវក្ដីសោមន្សរីករាយ នៅក្នុងពិធីជួបជុំគណៈកម្មការទូក និងកីឡាករចំណុះទូកងទាំងបី រួមមានទី១៖ ទូកឈ្មោះ គុណ ម៉ែ មានជ័យបារមីសណ្ដោស ចំណុះទូកចំនួន៧៥នាក់ ទី២៖ ទូកឈ្មោះ ហ៊ឹង ភក្ដី បារមីតេជោ ចំណុះទូកចំនួន៧៣នាក់ និងទី៣៖ ទូកឈ្មោះ ហ៊ឹង មង្គលតេជោមានជ័យ ចំណុះទូកចំនួន៧៣នាក់។
លោកឧកញ៉ា ឡូវ ហ៊ឹង បានបញ្ជាក់ថា ទូកទាំងបីនេះ មានកិត្ដិយសបានទៅចូលរួមប្រណាំង នៅក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ បណ្ដែតប្រទីបរយៈពេលបីថ្ងៃ នៅរាជធានីភ្នំពេញ នាពេលដ៏ខ្លី ខាងមុខនេះ។
លោកឧកញ៉ា ឡូវ ហ៊ឹង បានលើកឡើងអំពីអត្ថន័យ និងសារៈសំខាន់ នៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ បណ្ដែតប្រទីប ដែលមានប្រវត្ដិដ៏យូរលង់ និងជាកេរ្ដិ៍តំណែលរបស់បុព្វបុរសយើង តាំងពីដូនតាមក ជាពិសេសព្រះរាជពិធីដ៏មានអត្ថន័យនេះ បានបង្កបរិយាកាសសប្បាយរីករាយ ដល់ប្រជាពលរដ្ឋទូទាំងប្រទេសក្រោមបាវចនាជាតិ សាសនា ព្រះមហាក្សត្រ។
ជាមួយគ្នានោះ លោកឧកញ៉ា ឡូវ ហ៊ឹង និងលោកស្រី ណាល់ សុខអ៊ាន បានឧបត្ថម្ភថវិកាចំនួន៣លានរៀល ដល់ទូកងទាំងបី ដោយក្នុងទូកនីមួយៗ ទទួលបានថវិកាចំនួន១លានរៀនស្មើៗគ្នា និងបានអញ្ជើញ ពិនិត្យវាយតម្លៃក្បូរក្បាច់រចនាទូកងទាំងបី ព្រមទាំងសូមប្រសិទ្ធិពរដល់កីឡាករចំណុះទូកងទាំងអស់ សូមទទួលបានសុខភាពល្អ និងទទួលបានជ័យជំនះ នៅក្នុងការប្រណាំងនាពេលដ៏ខ្លីខាងមុខ៕