(ភ្នំពេញ)៖ ការប្រារព្ធទិវាបុណ្យឯករាជ្យជាតិខួបលើកទី៦៥ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០១៨) នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងអធិកអធម ជាងបណ្តាឆ្នាំកន្លងទៅ ដោយមានការរៀបចំមហាអង្គមេទ្ទិញ នៅមុខព្រះបរមរាជវាំងក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។
ក្នុងពិធីដ៏មហោឡារឹកក្រោមវត្តមានថ្នាក់ដឹកនាំស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល រាជវង្សានុវង្ស មន្ត្រីរាជការ កងកម្លាំងដ៏ច្រើនសន្ធឹកសន្ធាប់អង្គព្រះមហាក្សត្រខ្មែរ ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហរទ័យថ្លែងសុន្ទរកថាដ៏មានខ្លឹមសារយ៉ាងជ្រាលជ្រៅបំផុតទៅកាន់មហាជនចូលរួមក្នុងពិធី ក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសតាមរយៈការផ្សព្វផ្សាយលើប្រព័ន្ធផ្សព្វផ្សាយនៅទូទាំងប្រទេសកម្ពុជា។
ក្នុងព្រះរាជសុន្ទរកថាប្រកបដោយអត្ថន័យខ្លឹមសារនោះ ព្រះមហាក្សត្រខ្មែរ បានរំលឹកពីព្រះរាជស្នាព្រះហស្ថ និងព្រះបូជនីយកិច្ចរបស់ព្រះមហាវីរក្សត្រខ្មែរ វររាជបិតាឯករាជ្យជាតិខ្មែរ ព្រះករុណា ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ក្នុងការតស៊ូទាមទារឯករាជ្យជាតិ និងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរពីនឹមអាណានិគមន៍បារាំង។
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក៏បានមានព្រះរាជបន្ទូលបង្ហាញការពេញទឹកព្រះទ័យចំពោះវឌ្ឍនភាពជាតិ សេចក្តីសុខក្សេមក្សាន្ត និងការរក្សាបាននូវសុខសន្តិភាពក្នុងមាតុភូមិកម្ពុជានាពេលបច្ចុប្បន្នផងដែរ។ ជាពិសេសព្រះមហាក្សត្រខ្មែរ បានបង្ហាញការពេញព្រះទ័យចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានធ្វើឲ្យជាតិកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ នាំមកនូវភាពរីកចម្រើន និងការរស់នៅប្រកបដោយសេចក្តីសុខរបស់ប្រជាពលរដ្ឋខ្មែរ។
អង្គព្រះមហាក្សត្រខ្មែរ បានមានព្រះរាជបន្ទូលកោតសរសើរ និងស្ញប់ស្ញែងចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះថា «រយៈពេលកន្លងមកនេះមាតុភូមិកម្ពុជា និងប្រជាពលរដ្ឋយើងមានការប្រែប្រួលមុខមាត់ថ្មីគួរឲ្យកោតសរសើរ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំរាជរដ្ឋាភិបាល ដ៏ឆ្លាតវៃ បានដាក់ចេញនូវគោលនយោបាយដ៏ត្រឹមត្រូវបាននាំមកនូវសុខសន្តិភាព សាមគ្គីភាព ឯកភាពជាតិ មានកិត្យានុភាពល្បីរន្ទឺលើឆាកអន្តរជាតិ។ យើងកំពុងតែសប្បាយរីករាយ និងទទួលផលជាវិជ្ជមាន ដែលផ្តើមចេញពីកម្លាំងកសាង និងការពារជាតិមាតុភូមិប្រកបដោយសុខដុមរមនារបស់ជនរួមជាតិយើង»។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងមហាអង្គមេទ្ទិញនេះ ក៏បានអញ្ជើញឡើងថ្លែងសុន្ទរកថាទៅកាន់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខ្មែរផងដែរ។ សម្តេចនាយករដ្ឋមន្ត្រី បានគូសរំលេចពីស្នាព្រះមហាវីរក្សត្រខ្មែរ ព្រះវររាជ្យបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ក្នុងព្រះរាជបូជនីយកិច្ចដឹកនាំតស៊ូទាមទារឯករាជ្យ និងសិទ្ធិសេរីភាពពីអាណានិគមន៍បារាំង។ ដោយសារតែថ្ងៃនេះជាថ្ងៃកំណើតកងកម្លាំងប្រដាប់អាវុធដែរនោះ សម្តេចតេជោ បានថ្លែងអំណរគុណដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានប្រឹងប្រែងរួមគ្នាជាមួយរាជរដ្ឋាភិបាលថែរក្សាការពារបាននូវសុខសន្តិភាព ស្ថិរភាព និងសន្តិសុខសណ្តាប់ធ្នាប់របស់ប្រទេសជាតិ។
សូមទស្សនាវិដេអូ៖ ព្រះរាជសុន្ទរកថា ព្រះមហាក្សត្រនៃកម្ពុជា និងសុន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ឱកាសទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា៖