(ស្វាយរៀង)៖ អ្នកស្រី មុំ ផែន ជាស្ត្រីមេម៉ាយ មានអាយុ៣៩ឆ្នាំ មានកូនក្នុងបន្ទុក២នាក់ សព្វថ្ងៃរស់នៅនៅភូមិត្រោក ឃុំតាសួស ស្រុករមាសហែក ខេត្តស្វាយរៀង ជាស្រ្តីមេម៉ាយ ពីមុនមិនមានជីវភាពធូធារនោះទេ ដោយប្រកបរបធ្វើស្រែចំការ និងចិញ្ចឹមមាន់ ទា ដើម្បីទុកលក់គ្រាន់បានទប់ទល់ការចំណាយ ប៉ុន្តែការចិញ្ចឹមសត្វមាន់ ទា របស់គាត់មិនទទួលបានផលល្អ ដោយពេលមានជំងឺងាប់ស្ទើរគ្មានសល់។
ប៉ុន្តែមកដល់សព្វថ្ងៃនេះ ដោយបានអនុវត្តន៍តាមគម្រោងរបស់សហភាពអឺរ៉ុប ក្នុងវិស័យចិញ្ចឹមសត្វ អនុវត្តន៍ដោយអង្គការពេទ្យសត្វគ្មានព្រំដែន (AVSE) ដែលអង្គការនេះបានបង្រៀនពីរបៀបធ្វើវ៉ាក់សាំង របៀបថែទាំមាន់ ដើម្បីឱ្យមាន់អាចជៀសឆ្ងាយពីជម្ងឺផ្សេងៗនោះ គាត់អាចទទួលបានជីវភាពល្អប្រសើជាងមុន ដោយអាចរកចំណូលបានគួរសមពីការលក់សត្វមាន់ ទា របស់គាត់។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្នុងឱកាសដែលលោកឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប លោក George Edgar បានដឹកនាំក្រុមអ្នកសារព័ត៌មាន ចុះពិនិត្យមើលគម្រោងរបស់សហភាពអឺរ៉ុប ក្នុងវិស័យចិញ្ចឹមសត្វ ដែលអនុវត្តន៍ដោយអង្គការពេទ្យសត្វគ្មានព្រំដែន (AVSE) នៅខេត្តព្រៃវែង និងស្វាយរៀង នាថ្ងៃទី៦ ដល់៧ ខែវិច្ឆិកា ឆ្នាំ២០១៨ អ្នកស្រី មុំ ផែន បានឱ្យដឹងថា មុនពេលគាត់មិនទាន់បានចូលរួមក្នុងគម្រោងនេះ គាត់មានចិញ្ចឹមមាន់ ទា ដែរ ដោយឱ្យដើររកចំណីពាលវាលពាលកាល ដោយមិនមានចាក់វ៉ាក់សាំងអ្វីនោះឡើយ ហើយនៅពេលមានផ្ទុះជំងឺម្តងៗ មាន់របស់គាត់ងាប់ស្ទើរតែមិនសល់នោះទេ គាត់មិនដែលមានមាន់លក់ បានប្រាក់ចំណូលនោះទេ។
ស្រ្តីមេម៉ាយរូបនេះបានបញ្ជាក់ទៀតថា បន្ទាប់ពីបានចូលរួមគំរោងរបស់សហភាពអឺរ៉ុប ក្នុងវិស័យចិញ្ចឹមសត្វ ដែលអនុវត្តន៍ដោយអង្គការពេទ្យសត្វគ្មានព្រំដែន (AVSE) គាត់ទទួលបានការបណ្តុះបណ្តាលបច្ចេកទេស និងការណែនាំពីភ្នាក់ងារសុខភាពសត្វភូមិ និងបានទទួល សម្ភារៈមួយចំនួន សម្រាប់សង់ទ្រុង និងបានទទួលកូនមាន់ផងនោះ ការចិញ្ចឹមមាន់ ទា របស់គាត់មានការកើនឡើង ហើយអត្រាងាប់ និងឈឺរបស់មាន់ មានការថយចុះ៨០% ដែលអាចធ្វើឱ្យគាត់អាចលក់មាន់បាន ដោយរកប្រាកចំណូលបន្ថែមបានច្រើនគួរសម ធ្វើឱ្យជីវភាពរបស់គាត់បានល្អប្រសើរជាងមុនផងដែរ។
អ្នកស្រីបានឱ្យដឹងទៀតថា ទម្រាំតែបានកន្លែងប៉ុណ្ណឹង ដើម្បីចិញ្ចឹមមាន់ ទា នេះ គាត់បានចំណាយប្រាក់អត់ប្រមាណ៨លានរៀល ហើយក្នុងការធ្វើនេះដែរ ក៏មានការចូលរួមជួយពីអង្គការពេទ្យសត្វឥតព្រំដែន ដែលបានជួយចេញជាសំណាញ់បាំងជុំវិញ ជួយជាពូជមាន់ និងថ្នាំវាក់សាំងមួយចំនួនផងដែរ លើសពីនោះទៀត ក្នុងការចិញ្ចឹមមាន់នេះ គាត់ក៏ទទួបានកាបណ្តុះបណ្តាលពីការចិញ្ចឹមសត្វនេះជាញឹកញាប់ផងដែរ។
អ្នកស្រីបានឱ្យដឹងថា នៅកន្លែងរបស់គាត់មានចិញ្ចឹម មាន់ ទា ទាកាប៉ា មាន់សំលី គ្រួច ត្រីអណ្តែង ត្រីប្រា រួមទាំងដាំបន្លែផ្សេងៗបន្ថែមទៀត ហើយចំពោះចំណូលនៃការលក់មាន់ទានេះ គឺអាចបានគ្រប់គ្រាន់ក្នុងការទូទាត់ ការចំណាយទៅលើម្ហូបអាហារ កូនរៀនសូត្រ និងការចំណាយផ្សេងៗ ហើយមានសល់ខ្លះៗដែរ ដែលអាចជួយឱ្យជីវភាពគ្រួសាររបស់គាត់បានល្អប្រសើរជាងមុនផងដែរ។
គួរបញ្ជាក់ដែរថា គម្រោងរបស់សហភាពអឺរ៉ុប ក្នុងវិស័យចិញ្ចឹមសត្វនេះ មានគោលបំណងកសាង និងពង្រឹងជំនាញចំណេះដឹង និងសមត្ថភាពគ្រប់គ្រងរបស់ភ្នាក់ងារសុខភាពសត្វភូមិ និងផ្សព្វផ្សាយពីសេវាបសុព្យាបាល ដែលផ្តល់ដោយភ្នាក់ងារក្នុងសហគមន៍ ហើយគម្រោងនេះបានផ្តោតការយកចិត្តទុកដាក់ លើជំនាញ និងដំណើរការអាជីវកម្មរបស់ភ្នាក់ងារសុខភាពសត្វភូមិ ដើម្បីឱ្យភ្នាក់ងារអាចឆ្លើយតបចំពោះតម្រូវការ របស់សហគមន៍ចិញ្ចឹមសត្វផងដែរ។
គម្រោងនេះបានប្រើប្រាស់វិធីសាស្ត្រចម្រុះ ដែលក្នុងនោះតួអង្គពាក់ព័ន្ធ ដូចជា អង្គការសង្គមស៊ីវិល ភ្នាក់ងារសុខភាពសត្វភូមិ សហគមន៍ចិញ្ចឹមសត្វ ឈ្មួញ អាជ្ញាធរមូលដ្ឋាន បានជួបជុំគ្នា ដើម្បីចែករំលែកបទពិសោធន៍ និងចងក្រងជាបណ្តាញ ក្នុងគោលបំណង ផ្សព្វផ្សាយពីសេវាសុខភាពសត្វ និងផលិតផលបសុសត្វ។ គម្រោងនេះ ក៏ដើម្បីពង្រឹងជំនាញបច្ចេកទេស និងជំនាញអាជីវកម្ម ព្រមទាំងកិច្ចសហប្រតិបត្តិការរបស់ភ្នាក់ងារសុខភាពសត្វភូមិ ដែលនាំឱ្យមានការរកចំណូលកាន់តែច្រើនទៀតផងដែរ៕