(ភ្នំពេញ)៖ គណៈប្រតិភូជាន់ខ្ពស់ នៃវិស័យមីនរបស់ប្រទេសកូឡុំប៊ីចំនួន២៣រូប បានបញ្ចប់ការសិក្សាជំនាញបោសសម្អាតមីនពីកម្ពុជា ប្រកបដោយជោគជ័យ និងទទួលបានបទពិសោធន៍ជាច្រើន ពីអង្គភាពស៊ីម៉ាក់ រយៈពេល២សប្តាហ៍កន្លងមក។
ពិធីបិទវគ្គហ្វឹកហ្វឺននេះ បានរៀបចំធ្វើឡើងក្រោមអធិបតីភាព លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ។
វគ្គហ្វឹកហ្វឺនរយៈពេល២សប្ដាហ៍នេះ ផ្តោតលើប្រធានបទ «ការគ្រប់គ្រងទូទៅ ការធ្វើផែនការ និងការកំណត់អទិភាព ក្នុងការបោសសម្អាតមីន» ដែលរៀបចំនៅសារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីន នៅកងឯកភាពកំចាត់មីនទី២ និងវិទ្យាស្ថានហ្វឹកហ្វឺនសកម្មភាពមីនស៊ីម៉ាក់ (TIMA)។ ក្រៅពីបានសិក្សាអំពីជំនាញបោសសម្អាតមីនពីកម្ពុជាហើយនោះ ភាគីកម្ពុជា និងកូឡុំប៊ី បានចែករំលែកនូវបទពិសោធន៍ល្អ និងវប្បធម៌ពីគ្នាទៅវិញទៅមកផងដែរ។
បន្ទាប់ពីបញ្ចប់វគ្គហ្វឹកហ្វឺនរួចមក នៅថ្ងៃដដែលនោះ គណៈប្រតិភូជាន់ខ្ពស់ នៃវិស័យមីនរបស់ប្រទេសកូឡុំប៊ី បានចូលជួបសម្ដែងការគួរសម និងជម្រាបលា ជាមួយនាយឧត្តមសេនីយ៍ មាស សុភា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការមីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងកាងារវិស្វកម្ម នៃកងយោធពលខេមរភូមិន្ទ ដើម្បីស្វែងយល់ពីបទពិសោធន៍បន្ថែមទៀត ដោយមិនផ្ដោសតែវិស័យមីនតែប៉ុណ្ណោះទេ។
លើសនេះទៀត គឺស្វែងយល់ពីការបញ្ចប់សង្គ្រាម និងការកសាងសន្តិភាពតាមរយៈ នយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ ប្រទេសកូឡុំប៊ី បានឆ្លងកាត់សង្គ្រាមចំនួន៥០ឆ្នាំ និងទើបតែមានកិច្ចព្រមព្រៀងសន្តិភាព ចំនួន២ឆ្នាំប៉ុណ្ណោះ។ កូឡុំប៊ីមានប្រជាជនចំនួនប្រមាណ៥០លាននាក់ ស្ថិតនៅអាមេរិកខាងត្បូង។
ក្នុងជំនួបនោះមន្ត្រីវិស័យមីនរបស់កូឡុំប៊ីមានការចាប់អារម្មណ៍ និងកោតសរសើរការងារបស់ស៊ីម៉ាក់ ពិសេសបានស្វែងយល់ពីគោលនយោយបាយឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាល ដោយអះអាងនឹងយកបទពិសោធន៍ល្អៗរបស់កម្ពុជា ទៅអនុវត្តន៍នៅក្នុងប្រទេសរបស់ខ្លួន។
គួររំលឹកថា នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧ អង្គភាពស៊ីម៉ាក់ (CMAC) ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និង កូឡុំប៊ី បានចុះហត្ថលេខារួមគ្នាមួយលើកិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ ស្តីពីការហ្វឹកហ្វឺន ជំនាញបោសសម្អាតគ្រាប់មីន និង គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ សម្រាប់ដំណាក់កាលទី២ មានរយៈពេល៥ឆ្នាំ ក្រោមការគាំទ្រ និងឧបត្ថម្ភដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្រោមគម្រោងកិច្ចសហប្រតិបត្តិការត្បូងត្បូង៕