(ភ្នំពេញ)៖ លោកស្រី ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និងជាប្រធានក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្រ្តី នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ បានដឹកនាំគណៈប្រតិភូសភាកម្ពុជាចូលរួមក្នុង «សន្និសីទពិភពលោក នៃសមាជិកសភាស្រ្តី» នៅទីក្រុងឡុង ចក្រភពអង់គ្លេស ក្រោមប្រធានបទ «ការពង្រឹងទស្សនៈវិស័យ ឆ្ពោះទៅរកការផ្លាស់ប្តូរស្ថានភាពស្រ្តី» ដែលមានសមាជិកសភាជាស្រ្តី ចំនួន១២១រូប មកពី១០០ប្រទេស នៃទ្វីបទំាង៥ ក្នុងនោះ មានប្រធានសភា១រូប អនុប្រធានសភា៨រូប។
មុនចាប់ផ្តើមសម័យប្រជុំពេញអង្គ សន្និសីទបានរៀបចំពិធីអបអរខួប១០០ឆ្នាំ (ឆ្នាំ១៩១៨-២០១៨) នៃការបោះឆ្នោតជ្រើសរើស សមាជិកសភាជាស្រ្តី នៃចក្រភពអង់គ្លេស ក្រោមអធិបតីភាព លោកស្រី ផេននី ម៉ដូន (Penny Mordaunt) ជាអនុរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍អន្តរជាតិ និងជារដ្ឋមន្រ្តីក្រសួងស្រ្តី និងសមភាព និងលោកស្រី ហារៀត ហាមម៉ាន់ (Harriet Harman) សមាជិករដ្ឋសភា។
លោកស្រីបានគូសបញ្ជាក់ថា ការចូលរួមរបស់ស្រ្តីជាលើកទី១ នៅក្នុងសភាជាតិ ជាព្រឹត្តិការណ៍នយោបាយមួយជាប្រវត្តិសាស្រ្ត នៃការផ្លាស់ប្តូរស្ថានភាពរបស់ស្រ្តី នៃចក្រភពអង់គ្លេស ពីស្រ្តីគ្រាន់តែជាប្រពន្ធ ជាម្តាយ ជាមេផ្ទះ មកជាស្រ្តី ដែលចូលរួមក្នុងវិស័យនយោបាយ ជាពិសេសជាសមាជិកសភា។
ការចូលរួមកាន់តែច្រើនរបស់ស្រ្តី នៅក្នុងសភាបានផ្តល់នូវផលប្រយោជន៍យ៉ាងច្រើនដល់សង្គម និងប្រទេសជាតិ ដូចជាការចូលរួមលើកស្ទួយស្ថានភាពស្រ្តី ការដោះស្រាយបញ្ហាប្រឈមនានា បញ្ហាវិសមភាពរវាងបុរសនិងស្រ្តីក្នុងវិស័យការងារ, បញ្ហាអំពើហឹង្សាលើស្រ្តី, បញ្ហារំលោភបំពានលើស្រ្តី ឆ្ពោះទៅដល់ការផ្តល់ភាពអង់អាចដល់ស្រ្តីលើគ្រប់វិស័យ។
អង្គសន្និសីទ ក៏បានធ្វើការអំពាវនាវ ដល់សមាជិកឲ្យចូលរួមគ្នាក្នុងយុទ្ធនាការ ស្តីពីការលើកកម្ពស់សមភាពយេនឌ័រ ដើម្បីស្រ្តី និងបុរស បានចូលរួមដោយស្មើភាពគ្នា ក្នុងការអភិវឌ្ឍន៍សង្គមគ្រប់កាលៈទេសៈ។
នៅក្នុងសម័យប្រជុំពេញអង្គរបស់សន្និសីទ វាគ្មិនបានធ្វើបទបង្ហាញពីបញ្ហាទាំងឡាយ ពាក់ព័ន្ធប្រធានបទចំនួន៤ សម្រាប់ការបើកផ្លូវដល់កិច្ចពិភាក្សា តាមក្រុមនីមួយៗ៖ ទី១៖កិច្ចប្រជុំស្តីពីការផ្តល់ភាពអង់អាចដល់ស្រ្តីជាថ្នាក់ដឹកនាំ, ទី២៖កិច្ចប្រជុំស្តីពីការលើកកំពស់ភាពអង់អាច និងស្រ្តីជាអ្នកដឹកនាំក្នុងវិស័យសេដ្ឋកិច្ច, ទី៣៖កិច្ចប្រជុំស្តីពីការធ្វើយ៉ាងណាឲ្យស្រ្តីកាន់តែច្រើន ចង់ចូលធ្វើជាសមាជិកសភា និងទី៤៖កិច្ចប្រជុំស្តីពីការបញ្ចប់អំពើហឹង្សា រំលោភបំពានលើស្រ្តី តាមប្រព័ន្ធអ៊ីនធើណែត។
លោកស្រី ឃួន សុដារី បានចូលរួមយោបល់គូសបញ្ជាក់ នៅក្នុងកិច្ចប្រជុំទាំងនោះ អំពីសារៈសំខាន់ នៃការលើកស្ទួយ សមភាពយេនឌ័រ ដែលជាកត្តាគន្លឹះ ដើម្បីដោះស្រាយបញ្ហាប្រឈម ឆ្ពោះទៅរកការផ្លាស់ប្តូរស្ថានភាពស្រ្តី ឲ្យចូលរួមក្នុងវិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងសង្គម ដើម្បីឈានទៅរកការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
អង្គសន្និសីទបានបញ្ចប់ដោយទទួលបានជោគជ័យគួរជាទីមោទនៈដោយគណៈប្រតិភូទាំងអស់ សុទ្ធតែបានសម្ដែងនូវការអបអរសាទរ និងបានលើកសំណូមពរ ឲ្យមានការរៀបចំសន្និសីទរបៀបនេះជារៀងរាល់ឆ្នាំ តាមរបៀបឆ្លាស់ តាមបណ្តាប្រទេសនៃទ្វីបនីមួយៗ។
ក្រៅពីការចូលរួមសន្និសីទនេះ លោកស្រី ឃួន សុដារី បានឆ្លៀតឱកាសជួបសំណេះសំណាល សំដែងការគួរសម និងពិភាក្សាការងារ ជាមួយសមាជិកសភាស្រ្តី នៃបណ្តាប្រទេសនានា ជាពិសេសបានជួបជាមួយ លោកស្រី ផេននី ម៉ដូន (Penny Mordaunt), ប្រធានសភា បង់ក្លាដេស (Dr. Shirin Sharmin) អនុប្រធានសភា នេប៉ាល់ (Dr. Shiva Maya Tumbahangphe)៕