(ភ្នំពេញ)៖ ដោយមានការឯកភាពជាគោលការណ៍ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ បានចេញដំណើរទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពចិន (World Chinese Economic Forum) ហៅកាត់ថា WCEF ជាវេទិកាលើកទី១០។
វេទិកានេះ ប្រារព្ធធ្វើនៅទីកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រោមអធិបតីភាព TUN Dr. Mahathir Mohamad នាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី ពីថ្ងៃទី០៨-១១ ខែវិច្ឆិកា ឆ្នាំ២០១៨។
តាមការបញ្ជាក់ពីលោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ វេទិកានេះនឹងមានវាគ្មិនសំខាន់ៗ ជាសមាជិកអញ្ជើញចូលរួម៦០០នាក់ មកពី១៦ប្រទេស និងមានការអញ្ជើញចូលរួមពី លោក H.E Shaukat Aziz អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន និងបណ្តាថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន ប្រធានក្រុមហ៊ុនធំៗ ធុរជន សភាពាណិជ្ជកម្ម មកពី អូស្រ្តាលី ចិន កាតា រុស្សី សហរដ្ឋអាមេរិក អង់គ្លេស កម្ពុជា កូរ៉េ រ៉ូម៉ានី ប៉ាគីស្ថាន តួកគី អីតាលី អាហ្វកានីស្ថាន កាសាក់ស្ថាន ម៉ាឡេស៊ី សឹង្ហបុរី ថៃ។
លោកទេសរដ្ឋមន្ដ្រី បានបន្តថា WCEF រយៈពេល២ថ្ងៃ ផ្តោតសំខាន់នូវស្ថានភាពទូទៅលើការអភិវឌ្ឍ វិស័យហិរញ្ញវត្ថុ ធនាគារ សិក្សាធិការ បច្ចេកវិទ្យា ទេសចរណ៍ការវិនិយោគសេដ្ឋកិច្ចបែបទំនើប សុខាភិបាល និងវិស័យពាណិជ្ជកម្មពណ៌បៃតងជាដើម។
ក្រោយបញ្ចប់បេសកកម្មខាងលើ បន្តរហូតដល់ចុងឆ្នាំ២០១៨ លោកនឹងបន្តដឹកនាំគណៈប្រតិភូទៅចូលរួមក្នុងវេទិកាសំខាន់ៗ តាមបណ្តាប្រទេសផ្សេងទៀត ដូចជា ពីថ្ងៃទី១៦-១៨ ខែវិច្ឆិកា នៅសិង្ហបុរី, ពីថ្ងៃទី០៧-០៩ ខែធ្នូ នៅឥណ្ឌូណេស៊ី, ពីថ្ងៃទី១២-១៤ ខែធ្នូ នៅអារ៉ាប៊ីសាអូឌីត, ពីថ្ងៃទី១៤-១៦ ខែធ្នូ នៅប្រុយណេដារ៉ូសាឡឹម៕