(ចិន)៖ ប្រទេសចិនចង់បង្កើនទំនុកចិត្តទ្វេភាគី ឲ្យកាន់តែរឹងមាំបន្ថែមទៀត ជាមួយនឹងអាស៊ាន ស្របពេលដែលចិនអបអរសាទរខួប១៥ឆ្នាំ នៃការបង្កើតភាពជាដៃគូរយៈពេលវែង រវាងចិន និងអាស៊ាន។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ហួរ ឈុនយីង កាលពីថ្ងៃអង្គារ។
លោកស្រី ហួរ ឈុនយីង បាននិយាយថា ព្រឹតិ្តការណ៍មួយចំនួន ដែលបានធ្វើឡើងក្នុងឆ្នាំនេះ ឆ្លុះបង្ហាញឲ្យឃើញពីឱកាស ធ្វើសហប្រតិបត្តិការថ្មីៗបន្ថែមទៀត រវាងបណ្តាប្រទេសនានា ដែលស្ថិតនៅតំបន់អាស៊ីខាងកើត។
លោកស្រី ហួរ បានបន្ដថា «ឆ្នាំនេះ គឺជាខួប១៥ឆ្នាំ នៃការបង្កើតភាពជាដៃគូរយៈពេលវែងរវាងចិន និងអាស៊ាន ក៏ដូចជាឆ្នាំនៃការបង្កើតថ្មីចិន-អាស៊ាន។ សហប្រតិបត្តិការរវាងចិន-ជប៉ុន-សាធារណៈរដ្ឋកូរ៉េ កំពុងមានសន្ទុះ ទៅមុខ។ ការចរចាអំពីកិច្ចព្រមព្រៀងភាព ជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ កំពុងដើរទៅមុខយ៉ាងលឿន។ ហើយប្រទេសទាំងឡាយនៅក្នុងតំបន់ ក៏មានសង្ឃឹមថា នឹងអាចបន្តធ្វើសមាហរណកម្មសេដ្ឋកិច្ច ក្នុងតំបន់ផងដែរ»។
លោកនាយករដ្ឋមន្ត្រីចិន លី ឃ័រឈាំង នឹងធ្វើទស្សនៈកិច្ចនៅប្រទេសសឹង្ហបុរី ហើយក៏នឹងចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីសហប្រតិបត្តិការតំបន់អាស៊ីខាងកើតផងដែរ ចាប់ពីថ្ងៃទី១២ ខែវិច្ឆិកា។
លោកស្រី ហួរ ឈុនយីង បានបញ្ជាក់ថា «ការចូលរួមរបស់លោកនាយករដ្ឋមន្ត្រី លី ឃ័រឈាំង នៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំអំពីសហប្រតិបត្តិការតំបន់អាស៊ីខាងកើត នាឆ្នាំនេះ គឺពិតជាមានសារៈសំខាន់ណាស់ ចំពោះការលើកតម្កើង និងការអភិវឌ្ឍចំណងទំនាក់ទំនងចិន-អាស៊ាន ព្រមទាំងលើកស្ទួយដល់ការអភិវឌ្ឍដ៏ស៊ីជម្រៅ នៃសហប្រតិបត្តិការថ្នាក់តំបន់ អាស៊ីខាងកើត ផងដែរ។ បច្ចុប្បន្ននេះ ស្ថានភាពក្នុងពិភពលោក និងក្នុងតំបន់ កំពុងស្ថិតក្នុងភាពស្មុគស្មាញ និងការផ្លាស់ប្តូរដ៏ស៊ីជម្រៅ»។
លោកស្រី ហួរ បានបន្ថែមថា ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍប្រទេសចិន និងបណ្តាប្រទេសឯទៀតនៃសមាគមអាស៊ាន មានចំណាប់អារម្មណ៍ស្រដៀងគ្នាជាច្រើន ហើយក៏មានក្ដីសង្ឃឹមយ៉ាងមុតមាំ ចំពោះការធ្វើសហប្រតិបត្តិការ ឱ្យកាន់តែរឹងមាំផងដែរ។
អ្នកនាំពាក្យក្រសួងការបរទេសចិន បានបន្ដថា «យើងខ្ញុំសូមឆ្លៀតយកឱកាសខួប១៥ឆ្នាំ នៃការបង្កើតភាពជាដៃគូរយៈពេលវែង រវាងចិន និងអាស៊ាននេះ ដើម្បីបន្តពង្រឹងទំនុកចិត្តទ្វេភាគីផ្នែកនយោបាយ ពង្រីកសហប្រតិបត្តិការ ឲ្យកាន់តែស៊ីជម្រៅលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ការបង្កើតថ្មី ការដោះដូរផ្នែកវប្បធម៌និងប្រជាជន វិស័យយោធា ព្រមទាំងលើកស្ទួយចំណងទ្វេភាគី ឲ្យឈានដល់កម្រិតមួយទៀត ដែលកាន់តែខ្ពស់»។
លោកស្រី ហួរ បាននិយាយថា ប្រទេសចិនសង្ឃឹមថា កិច្ចប្រជុំថ្នាក់ដឹកនាំដើម្បីសហប្រតិបតិ្តការអាស៊ីខាងកើត ក្នុងប្រទេសសឹង្ហបុរី នឹងផ្តល់ការរួមចំណែកដល់ការអភិវឌ្ឍក្នុងតំបន់។
លោកស្រី ហួរ ឈុនយីង សង្ឃឹមថា កិច្ចប្រជុំទាំងនេះ នឹងផ្តោតលើតំបន់អាស៊ីខាងកើត លើកស្ទួយដល់ការអភិវឌ្ឍនិងសហប្រតិបត្តិការ ពង្រីកការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ លើកដម្កើងពហុភាគីនិយម ពាណិជ្ជកម្មសេរី និងច្បាប់អន្តរជាតិ ព្រមទាំងចូលរួមចំណែកឲ្យមានសន្តិភាព ការអភិវឌ្ឍ និងភាពរុងរឿង នៅក្នុងតំបន់ផងដែរ៕ (សារព័ត៌មាន CCTV របស់ចិន)