(បាត់ដំបង)៖ ក្រុមគ្រូពេទ្យបារាំង នឹងចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋទូទាំងឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្ដបាត់ដំបង មានរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយឥតគិតថ្លៃ និងបន្តជំរុញក្រុមការងារស្វែងរកជនទីទាល់ក្រីក្របំផុត ដូចជា ជនចាស់ជរាឥតទីពឹង ស្រ្តីមេម៉ាយ កុមារកំព្រា អ្នកផ្ទុក និងអ្នកកើតជំងឺអេដស៍ ក្នុងឃុំដើម្បីផ្តល់អំណោយជូនពួកគាត់។
នេះបើតាមការលើកឡើងរបស់លោក ហែម ថេង ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំភ្នំសំពៅ នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ក្នុងឱកាសដឹកនាំសប្បុរសជន និងក្រុមការងារ យកអំណោយចុះសួរសុខទុក្ខប្រជាពលរដ្ឋពលរដ្ឋក្រីក្រ៣៤គ្រួសារ មកពីបណ្តាភូមិនានាទាំង១០ ក្នុងឃុំភ្នំសំពៅ ស្រុកបាណន់ នៅទីស្នាក់ការបក្សឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។
ថ្លែងក្នុងឱកាសនោះ លោកប្រធានក្រុមការងារ បានបញ្ជាក់ថា អំណោយដែលត្រូវបានចែកជូនប្រជាពលរដ្ឋនាពេលនេះ រួមមាន៖ ក្នុងមួយគ្រួសារទទួលបាន អង្ករ៥០គីឡូក្រាម, ទឹកត្រី, ទឹកស៊ីអ៊ីវ២យួរ, មីថៃ១កេស, ត្រីខកំប៉ុង១កេស, ឃីដ១មាន, ភួយ១, មុង១, សារ៉ុង១, ក្រមា១ និងថវិកា៥ម៉ឺនរៀល។ ចំណែកក្រុមការងារភូមិនានា និងឃុំទាំង៣៩នាក់ ក្នុងម្នាក់ៗទទួលបាន៥ម៉ឺនរៀល។
បន្ថែមពីនេះ លោក ហែម ថេង ក៏បានលើកឡើងថា ឃុំភ្នំសំពៅ នឹងមានសមិទ្ធផលជាច្រើនទៀត ដែលក្រុមការងារបន្តធ្វើជូនប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត និងដើម្បីឆ្លើយតបតាមសំណូមពររបស់ពួកគាត់ ក្រុមការងារបន្តធ្វើការអភិវឌ្ឍន៍ភូមិឃុំឲ្យ មានការរីកចម្រើនកាន់តែប្រសើរឡើងបន្ថែមទៀត។។
ពលរដ្ឋដែលបានមកទទួលអំណោយនាពេលនេះ បានថ្លែងអំណរគុណដល់លោកប្រធានក្រុមការងារ និងសហការីទាំងអស់ ដែលតែងតែបានជួយពួកគាត់រហូតមក និងជួយបានគ្រប់គ្នា គ្រប់ទីកន្លែង បានទាន់ពេលវេលាកន្លងមកក៏ដូចជាបច្ចុប្បន្នផងដែរ៕