(ព្រះវិហារ)៖ មន្ត្រីរាជការនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ ចំនួន១២២នាក់ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ បានទទួលប័ណ្ណបេឡារបបសន្តិសុខសង្គម (ប.ស.ស) សម្រាប់យកទៅពិនិត្យ ព្យាបាលជំងឺនៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជនមួយចំនួនដោយឥតគិតថ្លៃ។ ពិធីនេះ មានការចូលរួមពីលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ និងក្រុមការងារបេឡាជាតិ របបសន្តិសុខសង្គម នៃក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈសាខាខេត្តព្រះវិហារ។
លោក នូ ថាវុធ មន្ត្រីទទួលបន្ទុក (ប.ស.ស) សាខាខេត្តព្រះវិហារ បានឡើងធ្វើបទបង្ហាញពីអត្ថប្រយោជន៍ នៃប័ណ្ណសមាជិក ប.ស.ស ព្រមទាំងនិតិវិធីនៃការប្រើប្រាស់ប័ណ្ណ ដើម្បីជួយសម្រួលដល់មន្ត្រីរាជការ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារទាំងអស់ នៅពេលប្រើប្រាស់សេវានៅតាមមូលដ្ឋានសុខាភិបាល ជាដៃគូរបស់ ប.ស.ស និងទំនាក់ទំនងទៅកាន់ភ្នាក់ងារ ប.ស.ស ដែលប្រចាំការនៅតាមមូលដ្ឋានសុខាភិបាល ដើម្បីជួយសម្រួលឲ្យទាន់ពេលវេលា និងមានប្រសិទ្ធិភាពខ្ពស់។
លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានថ្លែងថា ជំនួសមុខឲ្យមន្ត្រីរាជការ នៃមន្ទីរកសិកម្មខេត្តព្រះវិហារ លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានគិតគូរយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខមាលភាពរបស់បងប្អូនមន្ត្រីរាជការ តាមរយៈការផ្តល់ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម សម្រាប់យកទៅពិនិត្យព្យាបាលជំងឺ នៅតាមមន្ទីរពេទ្យរដ្ឋ និងមន្ទីរពេទ្យឯកជន ដែលមានកិច្ចសហការជាមួយ ប.ស.ស ដោយឥតគិតថ្លៃ។
លោកប្រធានមន្ទីរកសិកម្ម បានបន្តថា គោលនយោបាយរបបហានិភ័យការងារ របបថែទាំសុខភាពជូនមន្ត្រីរាជការ នៃមន្ទីរកសិកម្មខេត្តព្រះវិហារ ប.ស.ស មានភារកិច្ចផ្តល់ជូនរបបគ្រោះថ្នាក់ការងារ របបថែទាំសុខភាព មានដូចជាពេលគ្រោះថ្នាក់ការងារ ទទួលបានការធានារ៉ាប់រងពី ប.ស.ស រួមមាន៖ លុយថ្លៃដឹកជញ្ជូនជនរងគ្រោះ, លុយថ្លៃសង្គ្រោះបន្ទាន់, លុយថ្លៃព្យាបាលរហូតជាសះស្បើយ លុយឧបត្ថម្ភប្រចាំថ្ងៃពេលសម្រាក នៅមន្ទីរពេទ្យ, លុយឧបត្ថម្ភដល់អ្នកថែទាំរក្សាជនរងគ្រោះ, លុយឧបត្ថម្ភប្រចាំថ្ងៃចំពោះអ្នកបាត់បង់ការងារអចិន្ត្រៃយ៍។
ប្រធានមន្ទីរកសិកម្មរូបនេះ បានបន្ថែមទៀតថា ចំពោះគ្រោះថ្នាក់រហូតដល់ពិការភាព ទទួលបានសម្ភារដូចជា៖ ដៃជើងអវៈយវៈសិប្បនិម្មិត ឈើច្រត់ រទេះរុញ។ ដោយឡែកចំពោះជនរងគ្រោះរហូតដល់ស្លាប់ ទទួលបានលុយ ឧបត្ថម្ភធ្វើបុណ្យសពចំនួន៤លានរៀល លុយឧបត្ថម្ភកូនដល់អាយុ១៨ឆ្នាំ បើនៅរៀនផ្តល់ឲ្យដល់អាយុ២១ឆ្នាំ លុយឧបត្ថម្ភប្តីឫប្រពន្ធកូន និងជនចាស់ជរានៅក្នុងបន្ទុកផ្ទាល់ របស់ជនរងគ្រោះទៀតផង៕