(ស្ទឹងត្រែង)៖ លោក ឈឹម រចនា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានដឹកនាំមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ សិស្សានុសិស្ស និស្សិត និងប្រជាពលរដ្ឋគ្រប់ជនជាតិក្នុងខេត្តស្ទឹងត្រែង អបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥ នៃទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០១៨) និងខួបអនុស្សាវរីយ៍លើកទី៦៥ នៃទិវាកំណើតកងយោធពលខេមរភូមិន្ទ។
សូមជម្រាបថា នៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានប្រារព្ធទិវាបុណ្យឯករាជ្យជាតិខួបលើកទី៦៥ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០១៨) ដែលប្រារព្ធធ្វើឡើងយ៉ាងអធិកអធមជាងបណ្តាឆ្នាំកន្លងទៅ ដោយមានការរៀបចំមហាអង្គមេទ្ទិញ នៅមុខព្រះបរមរាជវាំងក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។
នេះគឺជាការប្រារព្ធបុណ្យ ឯករាជ្យជាតិកម្ពុជាប្រកបដោយមោទនភាព និងស្ថិតនៅក្នុងបរិបទកម្ពុជា ពោរពេញទៅដោយសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងពលរដ្ឋខ្មែរពោរពេញទៅ ដោយសេចក្តីសុខ និងប្រទេសជាតិពោរពេញទៅដោយ ការអភិវឌ្ឍលើគ្រប់វិស័យ។
ប្រសិនបើកម្ពុជាមិនមានសុខសន្តិភាពទេនោះ ពលរដ្ឋខ្មែរក៏មិនអាចនឹងប្រារព្ធទិវាបុណ្យឯករាជ្យជាតិរបស់ខ្លួនក្នុងភាពសប្បាយរីករាយបានឡើយ។ ម្យ៉ាងទៀត ប្រសិនបើអង្គការចាត់តាំងនយោបាយរបស់បដិវត្តន៍ពណ៌ មានវត្តមាននៅកម្ពុជា និងប៉ុនប៉ងបំផ្លាញជាតិ និងប្រជាជនកម្ពុជា នោះក៏កម្ពុជាមិនប្រាកដថា មានទាំងស្ថិរភាពនយោបាយ និងប្រជាពលរដ្ឋមានសុខសន្តិភាពទាំងផ្លូវកាយ និងផ្លូវចិត្តនោះដែរ៕