(ត្បូងឃ្មុំ)៖ លោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី០៩ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានដឹកនាំលោកប្រធានមន្ទីរកសិកម្មខេត្ត ក្រុមការងារយុវជន ខេត្ត-ស្រុកត្បូងឃ្មុំ និងសកម្មជនយុវជនឃុំ-ភូមិ រួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះជួយច្រូតស្រូវជូនប្រជាពលរដ្ឋដែលខ្វះខាតកម្លាំងពលកម្មនៅភូមិ ព្រៃកំពែង ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ។
បន្ថែមពីនេះ លោក ហាក់ សុខមករា ក៏បានបន្តចែកគ្រឿងឧបភោគ បរិភោគជូនដល់ប្រជាពលរដ្ឋក្រីក្រ នៅភូមិ ឃុំខាងលើ ចំនួន៥គ្រួសារ ដែលមានជីវភាពខ្វះខាត និងទីទាល់ក្រ នៅក្នុងមូលដ្ឋាននោះផងដែរ។
ជាមួយគ្នានេះ លោកអភិបាលរងខេត្តត្បូងឃ្មុំ បានបញ្ជាក់ទៅកាន់ប្រជាកសិករថា នេះជាកម្លាំងសាមគ្គីមួយដែលឆ្លុះបញ្ចាំងឲ្យឃើញថា អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ តែងតែយកចិត្តទុកដាក់ពីជីវភាពរស់នៅ របស់ប្រជាពលរដ្ឋជាធំ ហើយតាមបម្រើប្រជាពលរដ្ឋលើគ្រប់វិស័យ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
លោក ហាក់ សុខមករា បានបន្ថែមថា ក្នុងនាមរដ្ឋបាលខេត្ត ដែលជាអ្នកបម្រើរាស្រ្ត លោកតែងតែជួយដោះស្រាយរាល់កង្វល់ និងសំណូមពររបស់រាស្រ្តនៅគ្រប់ទីកន្លែង៕