(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ និងសហការី អញ្ជើញទៅសួរសុខទុក្ខ និងសំណេះសំណាងជាមួយលោកគ្រូ អ្នកគ្រូ និងកុមារគថ្លង់ និងពិការ នៅសាលាវិទ្យាល័យពិសេសគថ្លង់ ស្ថិតក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ស្នងការ និងក្រុមងារក៏បាននាំយកថវិកា១,០០០ដុល្លា សម្រាប់ជួសជុសក្លោងទ្វារសាលា និង៣០០ដុល្លារ ជូនលោកគ្រូ-អ្នកគ្រូ ដោះស្រាយការខ្វះខាតនៅសាលា រួមទាំងឧបត្តម្ភសៀវភៅសិក្សា និងសម្ភាចំនួនទៀត ដល់សិស្ស ចំនួន២៤០នាក់ ក្នុងនោះមាន ភួយដណ្តប់ ចំនួន៨៥, ទឹកក្រូច ២១កេស, ទឹកសុទ្ធ៥កេស និង៣០យួរ, ប៊ិច ៥២០ដើម, សៀវភៅ ៦៥០ក្បាល, នំប៉័ង ២៦០ដើម និងថវិកា២,៤០០,០០០ សម្រាប់សិស្ស២៤០នាក់។
បើតាមលោកឧត្តមសេនីយ៍ទោ ឯម កុសល អំណោយទាំងអស់នេះ បានមកពីទឹកចិត្តសប្បុរសរបស់លោកផ្ទាល់ រួមជាមួយប្បុរសជនមួយចំនួនទៀត ដែលបានឧបត្ថម្ភ និងចែករំលែកទៅវិទ្យាល័យពិសេសគថ្លង់ នៅក្នុងក្រុងកំពង់ចាមនេះ។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ ឯម កុសល ក៏បានផ្ដាំផ្ញើដល់លោកគ្រូ អ្នកគ្រូ ត្រូវមើលថែរក្សាក្មេងៗឲ្យបានល្អ ព្រោះថាកន្លែងនេះប្រៀបដូចជាផ្ទះរបស់ពួកគេដូច្នេះដែរ ហើយលោកក៏បានផ្ដាំផ្ញើក្មេងៗទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ស្ដាប់គ្រូបង្រៀន ដើម្បីក្លាយជាកូនល្អ ក្មេងល្អ និងសិស្សល្អ៕