(ព្រះវិហារ)៖ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការដឹកជញ្ជូនកសិផល ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលមានបំណងចង់ធ្វើដំណើរកំសាន្តតាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ-ឡាវ ឱ្យមានភាពងាយស្រួលនោះ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ បានចាប់ផ្តើមដំណើរការជួសជុល ថែទាំផ្លូវតាមខ្សែរក្រវ៉ាត់ព្រំដែនឱ្យបានល្អឡើងវិញ ក្រោយរងការខូចខាតជាច្រើន កន្លែងនារដូវវស្សាកន្លងមកនេះ។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឱ្យដឹង នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ថា កំណាត់ផ្លូវ១ខ្សែ ចាប់ពីចំណុចផ្លូវបំបែកផ្លូវជាតិលេខ៩ រហូតដល់ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ ដែលរងការខូចខាតដោយទឹកភ្លៀងនារដូវវស្សាកន្លងទៅនេះ ពេលនេះមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានចាប់ផ្តើមបញ្ជូនគ្រឿងចក្រ ដើម្បីកៀសម្រួល ឈូសឆាយ កិនបង្ហាប់ក្នុងគោលបំណងថែទាំផ្លូវនេះអោយបានស្អាតឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ឱ្យមានភាពងាយស្រួល។
លោកបានបន្តថា ជាមួយគ្នានេះកំណាត់ត់ផ្លូវជាតិលេខ៩៤ ចាប់ពីចំណុចផ្លូវបំបែកផ្លូវជាតិលេខ៩ រហូតដល់ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ ដែលមានប្រវែង៦១គីឡូម៉ែត្រ ក៏ត្រូវបានធ្វើការថែទាំឡើងវិញ ផងដែរ។ ដោយក្នុងនោះយើងបានកៀសម្រួល ថែមគ្រួសក្រហម ស្រោចទឹកកិនបង្ហាប់សម្រេចបាន៨៣% ហើយនេះគិតត្រឹមថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ម្សិលមិញ។
លោក សំ លាងទ្រី បានបន្ថែមទៀតថា ផ្លូវជាតិលេខ៩២ ដែលស្ថិតនៅតាមមណ្តោយព្រំប្រទល់កម្ពុជា-ឡាវ ដែលមានប្រវែង៨៧.៨គីឡូម៉ែត្រ និងផ្លូវក្រវាត់ព្រំដែនកម្ពុជា-ថៃ មួយចំនួនទៀតក៏ត្រូវចាប់ផ្តើមជួសជុល និងថែទាំឡើងវិញផងដែរ និយាយរួមផ្លូវតាមខ្សែរក្រវ៉ាត់ព្រំដែន កម្ពុជា-ថៃ-ឡាវ គឺត្រូវធ្វើការជួសជុលថែទាំឡើងវិញទាំងអស់ ព្រោះផ្លូវទាំងនេះ ក្រៅពីប្រជាពលរដ្ឋធ្វើដំណើរ ក៏ជាផ្លូវយុទ្ធសាស្ត្រសំខាន់ សម្រាប់វិសយ័ការពារជាតិផងដែរ។ លោកគិតថាបងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរបានដោយស្រួលមិនសូវពិបាកដូចពេលមុន នោះទេ។
លោកបានបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ គឺជាគោលដៅចម្បងមួយដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិ ឱ្យមានការរីកចម្រើនថែមទៀត។ ជាមួយគ្នានោះលោកក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់ សូមមេត្តាជួយថែរក្សាផ្លូវថ្នល់របស់យើង និងសូមបញ្ឈប់នូវរាល់ការដឹកជញ្ជូនលើសទម្ងន់ដែលជាហេតុធ្វើឱ្យផ្លូវរបស់យើងងាយ និងរងការឆាប់ខូចខាត៕