(ភ្នំពេញ)៖ រដ្ឋាភិបាលអូស្ដ្រាលី តាមរយៈសហគមន៍ Energy Lab Asia ដែលសិក្សាទៅលើថាមពលកកើតឡើងវិញ ដែលជាថាមពលស្អាត ដើម្បីជួយដល់ភពផែនដី បានមើលឃើញ និងវាយតម្លៃថា ប្រទេសកម្ពុជា ជាប្រទេសមួយដែលមានសក្ដានុពលខ្ពស់ ចំពោះការកែច្នៃថាមពលកកើតឡើងវិញ ដើម្បីយកមកប្រើប្រាស់រក្សានូវបរិស្ថានស្អាត។
លោកស្រី Bridget Mcintosh នាយកប្រចាំប្រទេស និងតំបន់អាស៊ី បានបញ្ជាក់តាមរយៈអ្នកបកប្រែថា ថាមពលដែលអាចកកើតឡើងវិញ ដែលជាថាមពលស្អាត ហើយអាចប្រើប្រាស់បាននោះ រួមមាន ពន្លឺព្រះអាទិត្យ ដែលប្រើសម្រាប់សូឡា ដោយបំលែងទៅជាអគ្គិសនី, ខ្យល់ ដោយយកខ្យល់បោកបង្វិលតួប៊ីន ដើម្បីផលិតចរន្ដអគ្គិសនី, កាកសំណល់ ដែលចេញពីកាកសំណល់កសិកម្ម យកមកដុតបង្កើតជាថាមពល និងរលក ចលនាទំនាញរបស់ទឹកសមុទ្រ។
ក្នុងកម្មវិធីធ្វើបទបង្ហាញអំពីផលិតផលកកើតឡើងវិញ នៅល្ងាចថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកស្រី Bridget Mcintosh បានឲ្យដឹងថា សិស្ស និស្សិត ពិតជាមានការចាប់អារម្មណ៍ទៅលើបញ្ហានេះ និងមានអ្នកចូលរួមចាប់តាំងពីដំណើរការ មានចំនួនប្រមាណ១,០០០នាក់ ដែលពួកគាត់សុទ្ធតែបានចោទថា តើអ្វីទៅជាថាមពលកកើតឡើងវិញ? ក្រៅពីសំណួរនេះ ពួកគាត់ចង់បានឃើញនូវ អ្វីដែលជាការអនុវត្តជាក់ស្ដែងផងដែរ។
លោកស្រី Bridget Mcintosh មានជំនឿជឿជាក់ថា តាមរយៈកម្មវិធីធ្វើបទបង្ហាញអំពីផលិតផលកកើតឡើងវិញ នឹងជំរុញឲ្យកម្ពុជាអាចបោះជំហានទៅមុខ លើការងារនេះ ដោយសារតែ Energy Lab Asia បាននាំនូវអ្នកជំនាញ និងក្រុមហ៊ុនបរទេសជាច្រើន ដើម្បីប្រជុំពិភាក្សាគ្នាលើគម្រោងស្រាវជ្រាវ និងកែច្នៃថាមពលកកើតឡើងវិញនេះ។
បន្ថែមពីនេះ លោកស្រីនាយកប្រចាំប្រទេសកម្ពុជា និងតំបន់អាស៊ី ក៏បានអំពាវនាវឲ្យមានការប្រើប្រាស់បច្ចេកទេសថ្មីៗ និងការប្រើប្រាស់នូវសម្ភារដែល កែច្នៃថាមពលកកើតឡើងវិញ ដើម្បីសន្សំសំចៃ និងកាត់បន្ថយការចំណាយចំពោះការប្រើប្រាស់ថាមពលដែលមិនកកើតឡើងវិញផងដែរ ខណៈដែលបច្ចុប្បន្ន Energy Lab Asia កំពុងតែចុះសិក្សានៅខេត្តចំនួន៥ គឺខេត្តកំពត, ស្វាយរៀង, កណ្ដាល, ព្រៃវែង និងតាកែវ។
សូមជម្រាបថា Energy Lab Asia បានចុះទៅសិក្សា និងផ្គត់ផ្គង់ដល់កសិករឲ្យប្រើប្រាស់អគ្គិសនីដែលច្នៃចេញពីថាមពលកកើតឡើងវិញ នៅខេត្តទាំង៥ខាងលើនេះ តាំងពីឆ្នាំ២០១៧ ខណៈដែលឆ្នាំ២០២០ សហគមន៍នេះនឹងបន្ដរីកការងារនៅទូទាំងប្រទេសតែម្ដង ដើម្បីឲ្យពលរដ្ឋកម្ពុជា បានយល់ និងដឹងកាន់ច្បាស់៕