(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយខេត្ត ព្រមទាំងសហការី បាននាំយកពូជស្រូវស្រាល ប្រភេទអ៊ីអ៊ែ៥០៤ ចំនួន១០០តោន និងពូជដំណាំពីរប្រភេទ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ យកទៅចែកជូនប្រជាពលរដ្ឋចំនួន១ពាន់គ្រួសារ ដែលរងគ្រោះខូចខាតផលដំណាំដោយសារទឹកជំនន់ ក្នុងរដូវវស្សាកន្លងទៅ ស្ថិតក្នុងឃុំបារាយណ៍ ឃុំបឹង ឃុំត្នោតជុំ ឃុំចុងដូង ឃុំស្រឡៅ ស្រុកបារាយណ៍ និងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ពិធីចែកពូជស្រូវ និងពូជដំណាំនេះ ត្រូវបានធ្វើឡើងនាថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលមានការចូលរួមពីលោក សុទ្ធ គឹមកុលមុនី ទីប្រឹក្សា NCDM និងជាអនុប្រធាននាយកដ្ឋានត្រៀមរៀបចំ និងបណ្តុះបណ្តាល លោកមេឃុំ ចៅសង្កាត់ តំណាងមន្ទីរ អង្គភាព និងកម្លាំងប្រដាប់អាវុធផងដែរ។
លោក សុទ្ធ គឹមកុលមុនី បានឱ្យដឹងថា ពូជស្រូវប្រភេទអ៊ីអ៊ែនេះ ជាប្រភេទស្រូវស្រាល មិនប្រកាន់រដូវប្រាំង ឬរដូវវស្សានោះទេ ហើយស្រូវពូជប្រភេទអ៊ីអ៊ែ៥០៤នេះ អាចឱ្យផលតែក្នុងរយៈពេល១០៥ថ្ងៃប៉ុណ្ណោះ ចាប់តាំងពីសាបព្រួស រហូតដល់ថ្ងៃប្រមូលផល។ លោកបន្តថា ការចែកជូនពូជស្រូវនេះ គឺសម្រាប់ស្តារឡើងវិញនូវការខូចខាត និងការបាត់បង់នូវទិន្នផលកសិកម្ម ដែលបងប្អូនជួបប្រទះ ក្នុងពេលកន្លងមក ជាពិសេសជាប្រភេទពូជស្រូវដែលមានទីផ្សារល្អ និងរយៈពេលខ្លីនៃការប្រមូលផល បានឆាប់រហ័សទៀតផង។
លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានណែនាំប្រជាពលរដ្ឋទាំងអស់ត្រូវខិតខំបង្កបង្កើនផលបន្ថែមទៀត ហើយត្រូវថែរក្សាស្រូវពូជនេះ ឱ្យបានល្អ កុំយកទៅកិនបរិភោគ ឬយកទៅលក់ ក្នុងគ្រាដែលខ្វះស្បៀង បើទោះជាក្នុងកាលៈទេសៈណាក៏ដោយ ជាមួយគ្នានេះ ការបង្កបង្កើនផលស្រូវពូជនេះ គឺសម្រាប់ក្នុងរដូវនេះ ព្រោះនៅក្នុងសំបកបេមានថ្ងៃ ខែ ឆ្នាំ ផុតកំណត់ពិតប្រាកដ កុំទុកចោលនាំឱ្យបរិមាណ និងគុណភាព ពូជដុះចេញមានការថយចុះ។
លើសពីនេះទៀត លោកក៏បានអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់ក្រៅពីការធ្វើកសិកម្មដំណាំស្រូវ គឺត្រូវដាំដំណាំ បន្លែបង្ការបន្ថែម នៅផ្ទៃដីក្បែរៗភូមិដ្ឋាន ដោយប្រើប្រាស់ជីធម្មជាតិ ដែលមានស្រាប់នៅក្នុងភូមិ ដើម្បីរួមចំណែកបង្កើនជីវភាពរបស់ខ្លួន និងកាត់បន្ថយការចំណាយ ទៅទិញរបស់ទីផ្សារ ដែលសង្ស័យថាមានជាតិគីមីទៀតផង។ ម្យ៉ាងវិញទៀត សូមបងប្អូនទាំងអស់ ត្រូវរស់នៅស្អាត ហូបស្អាត ផឹកស្អាត ចូលរួមគោរពច្បាប់ចរាចរណ៍ ក្នុងនោះរាល់ពេលធ្វើដំណើរបើកបរម៉ូតូ ត្រូវពាក់មួកសុវត្ថិភាព នៅឱ្យឆ្ងាយពីគ្រឿងញៀន និងអំពើអប្បាយមុខគ្រប់ប្រភេទ ដែលនាំឱ្យខាត់បងពេលវេលា និងខូចអនាគតជាដើម៕